អានតួអត្ថបទ
កម្ពុជា-ថៃ

យន្តការបន្ថយភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃចាប់ផ្តើមជាថ្មី

ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​រៀបចំ​កិច្ចប្រជុំ​ផ្ទៃក្នុង​មួយ​នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្នុង​គោលដៅ​បង្កើត​ទំនាក់​ទំនង​ល្អ​រវាង​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ និង​បង្កើន​សន្តិភាព​នៅ​តាម​ព្រំដែន។ រីឯ​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ហ៊ុន សែន​វិញ​ក៏​បាន​ថ្លែង​ជា​សាធារណៈថា ស្ថានភាព​ស្ងប់ស្ងាត់​នៅតាម​បណ្តោយ​ព្រំដែន​ត្រូវ​បាន​ធានា​បន្ទាប់​ពី​គណបក្ស​ភឿ​ថៃ​បាន​ឈ្នះ​ឆ្នោត​នៅ​ប្រទេស​ថៃ។

​​ថ្ងៃ​​១១​​សីហា​​ឆ្នាំ២០១១​ ថ្នាក់​ដឹកនាំ​​ក្រសួង​​ការពារជាតិ​​កម្ពុជា​​បាន​រៀបចំ​​កិច្ចប្រជុំ​​ស្តី​ពី​​កិច្ច​​សហប្រតិបត្តិការ​​​​ថ្នាក់​ភូមិភាគ​​កម្ពុជា​និង​ថៃ​
​​ថ្ងៃ​​១១​​សីហា​​ឆ្នាំ២០១១​ ថ្នាក់​ដឹកនាំ​​ក្រសួង​​ការពារជាតិ​​កម្ពុជា​​បាន​រៀបចំ​​កិច្ចប្រជុំ​​ស្តី​ពី​​កិច្ច​​សហប្រតិបត្តិការ​​​​ថ្នាក់​ភូមិភាគ​​កម្ពុជា​និង​ថៃ​ © លាងដឺលុច
ផ្សាយពាណិជ្ជកម្ម

មិន​ទុក​ពេលវេលា​អោយ​ដើរ​ទៅ​មុខ​ឥត​ប្រយោជន៍​ឡើយ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​ឡើង​កាន់​អំណាច​ពេញលេញ​របស់​គណបក្ស​ភឿ​ថៃ កម្ពុជា​ក៏​ប្រញាប់​ចាប់ផ្តើម​ស្វែងរក​ផ្លូវ​ដើម្បី​ធ្វើ​ការងារ​ជាមួយ​ភាគី​ថៃជា​ថ្មី។

 នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​សីហា​នេះ ថ្នាក់​ដឹកនាំ​ក្រសួង​ការពារជាតិ​កម្ពុជា​បាន​រៀបចំ​កិច្ចប្រជុំ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​និង​ទំនាក់​ទំនង​ល្អ​រវាង​ថ្នាក់​ភូមិភាគ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​និង​ថៃ។ ​នាយ​ឧត្តមសេនីយ​នាង ផាត រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ដែល​ដឹកនាំ​កិច្ចប្រជុំ​នេះ បាន​ថ្លែង​ថា​ទំនាក់​ទំនង​ល្អ​រវាង​ថ្នាក់​ភូមិភាគ​រវាង​យោធា​ទាំងពីរ​នឹង​អាច​ធានា​បាន​សន្តិភាព​នៅតាម​ព្រំដែន។

កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​មុន​ពេល​ដែល​កម្ពុជា​ដល់​វេណ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ​ក្នុង​ក្របខណ្ឌ​ក្រសួង​ការពារ​ជាតិ ហើយ​ថា​បើយោង​តាម​​អះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កិច្ច​ប្រជុំ​រវាង​ភូមិភាគ​៤របស់​កម្ពុជា និង​ភូមិភាគ​២​របស់​ថៃ​នឹង​ត្រូវរៀបចំ​នៅចុងខែ​សីហានេះ។

កម្ពុជា​បាន​មើល​ឃើញ​ភាព​ធូរស្រាល​ច្រើន​នៃ​ស្ថានភាព​យោធា​នៅតាម​ព្រំដែន​នៅពេល​ដែល​គណបក្ស​ភឿ​ថៃ​បាន​ឈ្នះឆ្នោត។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក​ហ៊ុន សែន​នៅតែ​ថ្លែង​ម្តង​ហើយ​ម្តង​ទៀត​ទទួល​ស្គាល់​អំពី​សារៈ​ប្រយោជន៍​នៃ​ការ​ឡើងកាន់​អំណាច​របស់​គណបក្ស​ភឿ​ថៃ​ដែល​ធ្វើ​អោយ​ទំនាក់​ទំនង​កម្ពុជា-ថៃ​វិល​មក​រក​ប្រក្រតីភាព​វិញ។ ​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជា​អោយ​មាន​ការ​ពិភាក្សា​ទ្វេភាគី​គ្រប់​ផ្នែក​ដើម្បី​ស្តារ​ទំនាក់​ទំនង​កម្ពុជា-ថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ