អានតួអត្ថបទ
កម្ពុជា

សេចក្តី​ព្រាងច្បាប់​ស្តីពី​ការ​បង្កា​និង​ការ​ពន្លត់​អគ្គីភ័យ​ត្រូវ​បាន​អនុម័ត​

នៅ​ពេល​ដែល​គ្រោះ​មហន្តរាយ​ដែល​បង្ក​ឡើង​ដោយ​អគ្គីភ័យ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ចេះ​តែ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ​និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ប្រ​ជា​ពលរដ្ឋ​ម្រមាណ​ជា​៧៥​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​នោះ រដ្ឋាភិបាល​កម្ពុជា ​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ ស្តីពី​ការ​បង្កា​ និង​ការ​ពន្លត់​អគ្គីភ័យ ​ដើម្បី​ការពារ​​​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ។

ភ្លើងឆេះព្រៃ​
ភ្លើងឆេះព្រៃ​ Daniel J. Cox
ផ្សាយពាណិជ្ជកម្ម

 រដ្ឋាភិបាល​កម្ពុជា ​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ ស្តីពី​ការបង្កា​ និង​ការ​ពន្លត់​អគ្គីភ័យ ​ ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ នៅ​ខណៈ​ដែល​អគ្គីភ័យ​បាន​ធ្វើ​ឲ្យ​ខូ​ច​ខាត​​ទ្រព្យសម្បត្តិ​ប្រ​ជាពលរដ្ឋ​ប្រមាណ​ជា​៧៥​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

 
ការ​សម្រេច​​អនុម័ត​ សេចក្តីព្រាង​ច្បាប់​ ស្តីពី​ការបង្កា​និង​ការ​ពន្លត់​អគ្គីភ័យ បាន​ធ្វើ​ឡើង​ក្នុង​សម័យ​ប្រជុំ​អង្គ​គណៈ​រដ្ឋមន្រ្តី​កាលពី​ថ្ងៃ​ទី​១៤​ខែ​ធ្នូឆ្នាំ​២០១២​ ក្រោម​អធិបតីភាព​លោក​នាយក​​រដ្ឋមន្រ្តី ហ៊ុន សែន។​

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តីការ​គណរដ្ឋមន្រ្តី បាន​ឲ្យ​​ដឹង​ថា គ្រោះ​មហន្តរាយ​ដែ​ល​បង្ក​ឡើង​ដោយ​អគ្គីភ័យ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ចេះ​តែ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ គំរាម​កំហែង​ដល់​សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ​ប៉ះពាល់​ដល់​អាយុ​ជីវិត​សុខមាលភាព​ និង​បំផ្លាញ​ទ្រព្យសម្បតិ្ត​បរិស្ថាន ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​គោល​នយោបាយ​​កាត់​បន្ថយ​ភាពក្រីក្រ​របស់​រដ្ឋាភិបាល។
សេចក្តី​ប្រកាស​ព័ត៌មាន​ក៏​​បាន​បញ្ជាក់​ទៀត​ថា សេចក្តី​ព្រាង​ច្បាប់ ស្តីពី​ការ​បង្កា​និង​ពន្លត់​អគ្គិភ័យ អាច​ចូល​​​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​ថែ​រក្សា​សន្តិសុខ​សុវត្ថិភាព​សង្គម សណ្តាប់​ធ្នាប់ សាធារណៈ​ការពារ​​អាយុ​ជីវិត ទ្រព្យសម្បត្តិ កាត់​បន្ថយ​ភាព​ក្រីក្រ​និង​បង្កើន​ទំនុកចិត្ត​ដល់​វិនិយោគិន និង​អ្នក​ទេសចរ។

សេចក្តី​ព្រៀងច្បាប់​ ដែល​មាន​៨​ជំពូក​និង​៣៣​មាត្រា​នេះ មាន​គោលដៅ​កំណត់​អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​ជន​គ្រប់​រូប​និង​អំពី​លក្ខខណ្ឌ​វិធានការ​នានា​ដើម្បី​បង្កា​​និង​ពន្លត់​អគ្គីភ័យ​។

តាម​ការ​អះ​អាង​របស់​លោក​នេត វត្ថា​ ប្រធាន​ការិយាល័យ​នគរបាល​បង្កា និង​ពន្លត់​អគ្គីភ័យ នៃ​ស្នងការដ្ឋាន​នគរបា​ល​​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹង​ថា​ សេចក្តីព្រាង​ច្បាប់​ ស្តីពី​ការបង្កា​និង​ការ​ពន្លត់​អគ្គីភ័យ​នេះ ជួយ​សម្រួល​បាន​ច្រើន​ដល់​មន្ត្រី​របស់​លោកពី​ព្រោះ​មន្ត្រី​របស់លោ​ក​​មាន​ច្បាប់​​​សម្រាប់​ប្រើ​ប្រាស់។ លោក​ថា ចាប់​ពី​ខែ​មករា​ដល់​ខែ​ធ្នូ​ឆ្នាំ​ ២០១២​ នេះ​គ្រោះអគ្គី​ភ័យ បាន​កើត​ឡើង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ចំនួន​៧១​ ករណី​ សម្លាប់​មនុស្ស​ម្នាក់​និង​របួស​៨ នាក់​។ គ្រោះ​អគ្គី​ភ័យ​ក្នុង​មួយ​ឆ្នាំៗ​ បំផ្លាញ​ទ្រព្យ​សម្បត្តិ​ពលរដ្ឋ​អស់​ពី​៦៥ លាន​ដុល្លា​រ​ទៅ​៧៥ លាន​ដុល្លារ​។ 

គួរបញ្ជាក់ថា​ កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ អគ្គីភ័យ​មួយ​​បាន​ឆេះផ្សាររាត្រី​នៅ​ឯ​ខេត្ត​សៀម​រាប​ បណ្តាល​ឲ្យ​មនុស្ស​​​ស្លាប់​ចំនួន​៨​នាក់​និង​ការ​ខូចខាត​ត្រូវ​បាន​​ប៉ាន់​​ប្រមាណ​ ជាង​មួយ​​លាន​ដុល្លារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ