អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល​​បាន​​​​អត្ថាធិប្បាយ​​អំពី​ស្ថានភាព​របស់​គណបក្ស​ប្រឆាំង នៅ​​ពេល​ សម រង្ស៊ី មក​ដល់​កម្ពុជា

ប្រសិន​បើ​គ្មាន​អ្វី​ប្រែប្រួល លោក​សម រង្ស៊ី​នឹង​មក​ដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃសុក្រ​ទី​​១៩​កក្កដា​ក្នុង​សប្តាហ៍​នេះ។ តើ​វត្តមាន​លោក​សម រង្ស៊ី​ដែល​អ្នកគាំទ្រ​បាន​រង់ចាំជាង​​៣ឆ្នាំ​មកហើយ​នោះ នឹង​អាច​ជួយ​ប្រជាប្រិយភាព​​របស់​គណបក្ស​ប្រឆាំងមួយ​នេះ​បាន​ប៉ុណ្ណាដែរ? អ្នកតាមដាន​ស្ថានការណ៍​​នយោបាយ​កម្ពុជា​បាន​បញ្ចេញ​អត្ថាធិប្បាយ​ផ្សេងៗគ្នាជុំវិញ​បញ្ហា​នេះ។

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (រូបភាព ឯកសារ)
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (រូបភាព ឯកសារ) RFI / V. Fournier
ផ្សាយពាណិជ្ជកម្ម

ការ​ទាក់ទាញ​អ្នក​បោះឆ្នោត​បន្ថែម​អោយ​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ក្រោម​វត្តមាន​របស់​លោក​សម រង្ស៊ី​នោះ គឺវា​អាស្រ័យ​នឹង​របៀប​នៃ​ការ​ឃោសនា​តែប៉ុណ្ណោះ។ នេះគឺជា​ការ​អត្ថាធិប្បាយ​របស់​ លោក​កែម ឡី អ្នកវិភាគ​សង្គម​នយោបាយ​ឯករាជ្យមួយ​រូប​នៅ​កម្ពុជា។ អ្នក​តាម​ដាន​សង្គ​ម​នយោបាយ​កម្ពុជារូប​នេះ​ទទួលស្គាល់ថា វត្តមាន​របស់​លោក​សម រង្ស៊ី​នឹង​​​ផ្តល់​ទំនុកចិត្ត​បន្ថែមទៀត​ដល់​សមាជិក​របស់​គណបក្ស​ប្រឆាំង ជា​ការ​ពិត ក៏ប៉ុន្តែ​ប្រសិន​បើ​ក្នុង​រយៈ​នៃ​ការ​ឃោសនា​ដែល​នៅសេសសល់​នេះ លោក​សម រង្ស៊ី​ មិន​បាន​រកឃើញ​របៀប​ឃោសនា​ថ្មី បញ្ចេញ​ការទាមទារ​ថ្មីដែល​ជា​ប្រយោជន៍​រួម​របស់​ប្រទេស​ជាតិ​​នោះទេ គណបក្ស​សង្គ្រោះជាតិ​នេះ​ មិន​អាច​ស្រូប​យក​អ្នក​បោះឆ្នោត​ថ្មី​បន្ថែមទៀត ពិសេស​អ្នកមិនទាន់សម្រេច​ចិត្ត​នៅឡើយ នោះទេ។

យល់​ឃើញ​ផ្សេងពីនេះ លោក គល់ បញ្ញា នាយកប្រតិបត្តិ​អង្គការ​សង្កេតការណ៍​បោះឆ្នោត ខុមហ្វ្រែល​បាន​អះអាងថា វត្តមាន​លោកសម រង្ស៊ី​ ពិត​ជាមាន​ប្រយោជន៍​ក្នុង​ការ​ស្រូប​យក​អ្នកគាំទ្រ​ថ្មី​បន្ថែមទៀត។ ពីព្រោះ បើ​តាម​លោក​គល់ បញ្ញា ការ​ផ្តុំ​កំលាំង​នៃវត្តមាន​មេដឹកនាំ​សំខាន់ទាំងពីររបស់​គណបក្ស​ប្រឆាំង គឺ​លោក​កឹម​ សុខា និង​លោក​សម រង្ស៊ី នឹង​ធ្វើ​អោយ​សកម្មភាព​ឃោសនា​ក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ កាន់តែ​សស្រាក់សស្រាំ​ថែមទៀត។

ចំពោះ​ប្រធាន​អង្គការ​ខុមហ្វ្រែល​រូបនេះ គ្មាន​ឡើយ​ការ​បែកបាក់​ផ្ទៃក្នុង​នៃ​គណបក្ស​ប្រឆាំង នៅ​ចំពោះ​មុខ​វត្តមាន​របស់​លោក​សម រង្ស៊ី ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈដែល​គណបក្ស​សម្ព័ន្ធទាំងពីរ បាន​ចងក្រង​កិច្ចព្រមព្រៀង​ផ្លូវការ​រឹងមាំ​ហើយ ទាក់ទង​នឹង​រចនា​សម្ព័ន្ធ និង​ការ​បែងចែក​អំណាច និង​តួនាទី​នៃ​សមាជិក​គណបក្ស​ទាំងពីរ​នោះ។

សម្រាប់​លោក ​កែម ឡី​ វិញ ទំនងជា​សេណារីយ៉ូ​នេះ​ សេណារីយ៉ូ​ដែល​​​រដ្ឋាភិបាល​អនុញ្ញាត​អោយ​លោក​សម រង្ស៊ី ​អាច​ត្រឡប់​ចូល​ក្នុង​ប្រទេស​វិញ​បាន​នេះ នៅ​មិនទាន់ចប់​នៅឡើយទេ ឬ​ក៏​អាច​មាន​អ្វី​នៅ​ពីក្រោយ​នេះទៀត។ ដូច្នេះ គេ​គួរ​នៅ​រង់ចាំ​មើលរហូត​ដល់​លោក​សម រង្ស៊ី​មក​ដល់​កម្ពុជា​ នៅ​ថ្ងៃ​សុក្រ​នេះ​សិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ