អានតួអត្ថបទ
កម្ពុជា

ការផ្លាស់ប្ដូរមន្ត្រីពន្ធនាគារ​​​ធ្វើឱ្យសង្គមស៊ីវិលយល់ថា ជា​សញ្ញា​នៃកំណែទម្រង់ផ្លូវត្រូវមួយ

មន្ត្រីចំនួន ១៨ រូប​បំរើការងារ​នៅ​អគ្គនាយកដ្ឋានពន្ធនាគារ​ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ប្រកាស​ផ្លាស់​ប្តូរ​មុខ​តំណែង​ កាលពី​ ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៣ នៅ​ទី​ស្ដីការ​ក្រសួង​មហាផ្ទៃ។ មន្ត្រី​ដែល​​ត្រូវ​​បាន​​ផ្លាស់​ប្ដូរ​មុខតំណែង​ទាំងនោះ​ មាន​ដូច​ជា អគ្គនាយករង ១រូប អនុប្រធាន​នាយកដ្ឋាន​ ​៤ រូប និង​ថ្នាក់​ប្រធាន អនុប្រធាន​​ការិយាល័យ​មួយចំនួន​ផងដែរ។

@Siv Channa
ផ្សាយពាណិជ្ជកម្ម

ការ​ផ្លាស់​ប្ដូរ​មន្ត្រី​ពន្ធនាគារជាន់ខ្ពស់​​ជា​ច្រើន​នេះ ត្រូវ​បាន​មន្ត្រី​សិទ្ធិ​មនុស្ស យល់​ឃើញ​ថា ជា​សញ្ញាណ​នៃ​កំណែ​​ទម្រង់ល្អ​មួយចំនួន ដើម្បីឆ្លើយ​តប​ទៅ​នឹង​ការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ទារុណកម្ម​​លើ​អ្នកទោស និង​ដើម្បីលុប​បំបាត់​ភាពអសកម្ម​មួយ​ចំនួន​ក្នុង​ពន្ធនាគារ។ ហើយ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​របស់​អគ្គនាយកដ្ឋានពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ដែល​បាន​ដកស្រង់​ដោយ ទីភ្នាក់ងារសារ​ព័ត៌មានកម្ពុជា AKP នៅ​ថ្ងៃ​សុក្រ​ទី២៣ សីហា បាន​បញ្ជាក់ថា ក្រសួង​មហាផ្ទៃ​នឹង​ចាត់​វិធានការ​​តាម​ច្បាប់ ​ចំពោះ​មន្ត្រីពន្ធនាគារ​ណា ដែល​ប្រើ​អំណាច​ធ្វើ​ទារុណកម្ម​ទៅ​លើ​ទណ្ឌិត កំពុង​ជាប់​ពន្ធនាគារ​នោះ។ ដោយ​ស្នើឱ្យ​មន្ត្រី ដែលទើប​តែ​តែងតាំង​ខាងលើ ធ្វើការងារ​ឱ្យ​បានល្អ។

បើ​តាម​លោក អំ សំអាត ​ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​នេះ​​ជា​សញ្ញា​វិជ្ជមាន​មួយ ដើម្បី​ទប់​ស្កាត់​អំពើទារុណកម្ម​ទៅ​លើ​អ្នក​ទោស​នៅ​ប្រទេស​កម្ពុជា។ លោក​រលឹក​ថា កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​កិច្ច​ព្រមព្រៀង​ប្រយុទ្ធប្រឆាំង នឹង​អំពើទារុណកម្ម​លើ​អ្នកទោស។

មន្ត្រី​ផ្នែក​សិទ្ធិមនុស្ស​រូប​នេះ អះអាង​ថា ការផ្លាស់ប្ដូរ​បាន​ធ្វើ​ឡើង ស្ទើរ​​តែ​គ្រប់​ពន្ធនាគារ​​ទាំងអស់។ ហើយ​លោក​បាន​បញ្ជាក់ថា មាន​ហេតុ​ផល​បីយ៉ាង​ក្នុង​ផ្លាស់​ប្ដូ​រនេះ។ គឺ​មាន​មន្ត្រីចូល​និវត្តន៍ មាន​ការផ្លាស់​ប្ដូរ​តាម​បែបបទរដ្ឋបាល ឬមន្ត្រី​កាន់​តំណែងយូរ​ឆ្នាំ និង​ជា​ពិសេស​លោក យល់​ថា មាន​ហេតុ​ផល​មួយ​ចំនួន​ទាក់ទង​នឹង​កំហុស​ឆ្គង របស់​មន្ត្រី​គ្រប់គ្រង​ចាស់​កន្លង​មក។

ចំពោះ លោក ចាន់ សាវ៉េត​ មន្ត្រីសិទ្ធិ​មនុស្ស​របស់​អង្គការ​អាដហុក វិញ​បានស្វាគមន៍ សញ្ញាណ​​វិជ្ជមាន​មួយនេះ សម្រាប់ឈាន​ទៅរក​កំណែ​ទម្រង់​ភាព​មិន​ប្រក្រតីទាំងឡាយ ដែល​កើត​មាន​ឡើង​កន្លង​មក។ ដោយ​លោក​ពន្យល់​ថា ការផ្លាស់​ប្ដូរ​ពី​មុន​គឺគ្រាន់​តែ​ជា​ការ​ផ្លាស់​ប្ដូរ មួយ​ចំនួន ទៅ​លើ​មន្ត្រី​ចូលនិវត្តន៍ និង​ពី​កន្លែង​មួយ​ទៅកន្លែង​មួយ​ប៉ុណ្ណោះ។ តែ​លើក​នេះ លោក ចាន់ សាវ៉េត​ អះអាង​ថា ជា​ការ​ផ្លាស់​ប្ដូរ​មួយ ដើម្បី​ឈាន​ទៅ​រក​ផ្លូវ​ល្អ​ត្រឹមត្រូវ​ចំគោល​ដៅ។

លោក បាន​កត់​សំគាល់​ថា កន្លង​មក​គេ​តែ​មាន​ពាក្យ​លេច​លឺ​ថា មាន​ការយក​លុយ​ពីក្រុម​គ្រួសារ​​អ្នក​ទៅសួរសុខទុក្ខ​​អ្នកទោស មាន​ការលក់​ដូរ​នៅ​ក្នុង​ពន្ធនាគារ ដោយ​យក​តម្លៃ​​ខ្ពស់​លើស​​ទីផ្សារ​ច្រើន។ ហើយ​ជាពិសេស​ជាងនេះ​ទៅទៀត លោក អះអាង​ថា មាន​ការស្លាប់​អ្នក​ទោស​ក្នុង​ពន្ធនាគារ ហើយ​មិន​សូវ​មាន​ការបង្ហាញ​របាយការណ៍​ច្បាស់លាស់​អំពីការ​ស្លាប់​នេះទេ។

សូមបញ្ជាក់ថា ក្នុង​ចំណោម​ពន្ធនាគា​ចំនួន ២៧ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​អ្នក​ទោស​ចំនួន ប្រមាណ​ជាង ១៥ ០០០នាក់។ គឺរាប់ទាំងពន្ធនាគា ស៊ីវិល ពន្ធនាគារ​​យោធា និង​ពន្ធនាគារបស់​សាលាក្ដីខ្មែរ​ក្រហម៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ