អានតួអត្ថបទ
កម្ពុជា

ប្រធានាធិបតី​ចិន សន្យា​គាំទ្រ​កិច្ច​ប្រឹងប្រែង របស់​កម្ពុជា ក្នុង​ការ​រក្សា​សន្តិសុខ និង​ស្ថិរភាព​ជាតិ​

នាយករដ្ឋមន្ត្រី​កម្ពុជា និង​ប្រធានាធិបតី​ចិន បាន​ជួបគ្នា មុន​កិច្ច​ប្រជុំ​កំពូល​លើក​ទី៤ នៃ​សន្និសីទ​ស្តីពី​វិធាន​ការកសាង​ទំនុកចិត្ត និង​អន្តរសកម្មភាព​នៅ​អាស៊ី។ បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួ​របស់​ចិន ក្នុងជំនួប​ទ្វេភាគី​នោះ លោក ស៊ី ជិន​ពីង «បាន​ប្តេជ្ញា​គាំទ្រ​កិច្ច​ខិតខំ​ការពារ​សន្តិសុខ និង​ស្ថិរភាព​ជាតិ​របស់​កម្ពុ​ជា ព្រម​ទាំង​សន្យា បន្ត​ជំនួយ​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ខ្មែរ។ ហើយ​លោក ហ៊ុន សែន បាន​ថ្លែង​ថា «រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា សាទរ​ជំនួយ​រយៈពេល​វែង​រប​ស់​ចិន និង​ពេញ​ចិត្តនឹង​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ​យ៉ាងខ្លាំង»។

លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ហ៊ុន សែន​ និង​លោក​ប្រធានា​ធិប​តី​ចិន​ ស៊ី ​ជីង​ពីង​
លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ហ៊ុន សែន​ និង​លោក​ប្រធានា​ធិប​តី​ចិន​ ស៊ី ​ជីង​ពីង​
ផ្សាយពាណិជ្ជកម្ម

លោក ហ៊ុន សែន ដែល​កំពុង​ស្ថិតនៅ​ប្រទេស​ចិន ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី៤ នៃ​សន្និសីទ​ស្តីពី​វិធាន​ការកសាង​ទំនុកចិត្ត និង​អន្តរសកម្មភាព​នៅ​អាស៊ី បាន​ប្រជុំ​ទ្វេរ​ភាគី ជាមួយ​​លោក ស៊ី ជិន​ពីង រួចហើយ កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​បាន​ទៅដល់​ទីក្រុង​សៀង​ហៃ មិន​យូរប៉ុន្មាន។

ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ​បស់​ចិន​រាយការណ៍​ថា ក្នុងជំនួប​នោះ ប្រធានាធិបតី​ចិន​កោត​សរសើរ​​ចំណងមិត្តភាព​កម្ពុជា​ចិន ហើយ​ស្នើឱ្យ​ប្រទេស​ទាំងពីរ«ពង្រឹង​ភាពជា​ដៃគូ​របស់ខ្លួន​ឱ្យបាន​កាន់តែ​ខ្លាំងក្លា​ថែមទៀត ទោះបីជា​ស្ថានការណ៍​អន្តរជាតិ​ប្រែប្រួល​យ៉ាង​ណា​ក្តី»។ ស៊ី​ហួ​បន្ត​ស្រង់​សម្ដី​របស់លោក ស៊ី ជិន​ពីង​ថា «ប្រទេស​ចិន​បាន​ត្រៀមលក្ខណៈ​រួចជាស្រេច ក្នុង​ការ​បន្ត​​ទស្សនកិច្ច​ទៅវិញទៅមក​ នៃគណៈ​ប្រតិភូ​ជាន់ខ្ពស់​ជាមួយ​កម្ពុជា លើកកម្ពស់​ទំនាក់​ទំនង ​រវាង​គណៈបក្សកាន់អំណាច​នៃ​ប្រទេស​ទាំងពីរ និង​ចែករំលែក​បទពិសោធន៍​ផ្នែក​អភិបាល​កិច្ច»។

បើតាម​ប្រភព​ដដែល ប្រធានាធិបតី​ចិន«បាន​ប្តេជ្ញា​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ក្នុង​ការ​​ការពារ​សន្តិ​សុខ និង​ស្ថេរភាព​ជាតិ ព្រមទាំង​សន្យា​បន្ត​ជំនួយ​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​​សង្គម​កម្ពុជា»ផងដែរ។ លោក ស៊ី ជិន​ពីង បានបញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ស៊ីន​ហួ​បន្ថែម​ថា​«​ប្រទេស​​ចិន​ជ្រោមជ្រែង​ប្រជាជន​កម្ពុជា​ឱ្យ​បន្ត​ដើរ​តាម​វិថី​នៃ​ការអភិវឌ្ឍ ដែល​សមស្រប​ទៅ​នឹង​​លក្ខខណ្ឌ​នៃ​ប្រទេស​របស់ខ្លួន»។

លោក​ប្រធានាធិបតី​ចិន​បាន​ពា​វនា​វ​ឱ្យ​បង្កើន​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម ទេសចរណ៍ និង​ការអនុវត្ត​គម្រោង​ទាំងឡាយ​ទាក់ទង​នឹង​ថាមពលទឹក ធ្យូងថ្ម និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ប្រទេស​​កម្ពុជា ព្រមទាំង​ពង្រីក​សហប្រតិបត្តិការ​ផ្នែក​វប្បធម៌ និង​ការផ្លាស់ប្តូរ​ទស្សនកិច្ច​យុវជន​​ទៅ​វិញ ទៅមក​ដែរ។

ជាការ​ឆ្លើយតប លោក ហ៊ុន សែន បាន​ថ្លែងថា «រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា វាយតម្លៃ​ខ្ពស់​ ចំពោះ​ជំនួយ​រយៈពេល​វែង​រប​ស់​ចិន និង​ពេញ​ចិត្តនឹង​ចំណងមិត្តភាព​រវាង​ចិន និង​កម្ពុជា​ យ៉ាងខ្លាំង»។ ទីភ្នាក់ងារសារព័ត៌មាន​ចិន​បាន​ស្រង់​សម្ដី​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​ថា កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​របស់លោក ហ៊ុន សែន និង​លោក ស៊ី ជិន​ពីង កាលពី​ខែមេសា ឆ្នាំមុន «ត្រូវបាន​អនុវត្ត​ដោយ​ភាគី​ទាំងពីរ ប្រកបដោយ​វឌ្ឍនភាព​ក្នុង​វិស័យ​ជាច្រើន»។

លោក ហ៊ុន សែន បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ស៊ី​ហួ​ទៀតថា «ប្រទេស​កម្ពុ​ជាមាន​ឆន្ទៈ​ពង្រឹង​ភាពជា​ដៃគូ​ជាមួយ​ចិន ដោយ​ប្តេជ្ញា​សម្រួល​ដល់​ការអនុវត្ត​គម្រោង​ទ្វេរ​ភាគី ទាក់ទង​នឹង​សេដ្ឋកិច្ច ជីវភាព​របស់​ប្រជាជន ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ និង​ការអនុវត្ត​ច្បាប់​ដែរ»។ នាយករដ្ឋមន្ត្រី​ខ្មែរ​បាន​គូសបញ្ជាក់​សារជាថ្មី​ម្តង​ទៀតថា «កម្ពុជា​នឹង​បន្ត​ដើរតួ ក្នុងន័យ​ស្ថាបនា ដើម្បី​បង្កើន​ចំណង​មេត្រីភាព​រវាង​ប្រទេស​ចិន និង​សមាគម​ប្រជា​ជាតិ​​អាស៊ីអាគ្នេយ៍» ហើយ​ថា «កម្ពុជា​បាន​ត្រៀម​ធ្វើការ​ជាមួយ​ចិន​រួចជាស្រេច ដើម្បី​នាំ​ជោគ​ជ័យ​ ​មកឱ្យ​កិច្ចប្រជុំ​កំពូល​ស្តីពី​វិធាន​ការកសាង​ទំនុកចិត្ត និង​អន្តរសកម្មភាព​នៅ​អាស៊ី» ដែល​​នឹង​ប្រព្រឹត្តទៅ ពីថ្ងៃ​ទី២០ ដល់​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១។

ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​ចិន បាន​ឈានដល់​កម្រិត «ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​​លើ​គ្រប់​វិស័យ» កាលពី​ឆ្នាំ២០១០ ហើយ​ភាព​ជិតស្និទ​នេះ​ក៏​ជា​ប្រភព​នៃ​ក្តីបារម្ភ​នៃ​អ្នកតាមដាន​នយោបាយ​នៅ​កម្ពុជា​ថា វា​អាច​នាំឱ្យ​កម្ពុជា​បាត់បង់​អព្យាក្រឹតភាពរ​បស់​ខ្លួន ក្នុង​ទំនាក់ទំនង​ការបរទេស។ ប៉ុន្តែ កន្លងទៅ​រដ្ឋាភិបាល​បាន​បដិសេធ ហើយ​អះអាងថា កម្ពុជា​នៅតែមាន​ជំហរ​ឥត​លម្អៀង​ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ