អានតួអត្ថបទ
កម្ពុជា

គណបក្ស​​កាន់​អំណាច​រម្លឹ​ក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​ថ្ងៃ​២០​ឧសភា​

នៅ​ថ្ងៃទី២០ឧសភា​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ប្រជាជន​ខ្មែរ​ជាច្រើន បាន​ប្រារព្ធ​ពិធី​រម្លឹក​​វិញ្ញាណក្ខន្ធ​ជនរងគ្រោះដោយ​អំពើ​ឃោរឃៅ​ក្នុង​របប​ខ្មែរក្រហម។ ពិធី​នេះត្រូវបាន​ប្រារព្ធ​ធ្វើ​នៅឯ​សារមន្ទីរ​ប្រល័យពូជសាសន៍​ជើង​ឯងក្នុង​រាជធានី​ភ្នំពេញ។ ខ្លឹមសារ​សំខាន់​សម្រាប់​ទិវា រម្លឹក​ពី​ភាពជូរចត់នៅ​ក្នុងសម័យ​ខ្មែរក្រហម​ឆ្នាំនេះ គឺ​អ្នក​ចូលរួមបាន​ទទូច​ឲ្យ​សាលាក្តី​ខ្មែរ ព​ន្លឿ​ន​ការកាត់ក្តី​អតីត​មេដឹកនាំ​ខ្មែរក្រហម​ដែល​កំពុង​ជាប់ចោទ។

ពិធី​សំដែង​បង្ហាញ​​អំពើ​ព្រៃផ្សៃ​ក្នុង​របប​ខ្មែរ​ក្រហម​
ពិធី​សំដែង​បង្ហាញ​​អំពើ​ព្រៃផ្សៃ​ក្នុង​របប​ខ្មែរ​ក្រហម​ RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋ​ខ្មែរ​ស្នើសុំ​ឲ្យ​ព​ន្លឿ​ន​តុលាការអន្តរជាតិ ដែល​កំពុងដំណើរការ បច្ចុប្បន្ននេះ ក្នុងប្រទេស​កម្ពុជា កាត់ទោស អតីត​មេដឹកនាំ​ខ្មែរក្រហម អោយបាន​ចប់​ឆាប់ ដើម្បី​ជា​មេរៀន សម្រាប់​មនុស្ស​ជំនាន់​ក្រោយ កុំអោយ​អនុវត្ត​របប​បែបនេះ​ឲ្យ​កើតមាន​សា​ជាថ្មី។ នេះ​គឺជា​ខ្លឹមសារ​​ចម្បង​នៅក្នុង​ទិវា​រម្លឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​ថ្ងៃទី ២០ឧសភា​ដែល​រៀបចំ​ដោយ​គណបក្ស​ប្រជាជន​ប្រចាំរាជធានី​ភ្នំពេញ នៅឯ​សារមន្ទីរ​ប្រល័យពូជសាសន៍​ជើងឯក។  

លោក ង៉ែត ច​ន្តា​វី ប្រធាន​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំរាជធានី​ភ្នំពេញ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តជាតិ​ថា ដូច​រាល់​ឆ្នាំ​ដែរ នៅ​ថ្ងៃទី២០ឧសភា​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រារព្ធ​​ទិវា​នេះ​ដើម្បី​រម្លឹក​ពី​ប្រវត្តិ​ជូរចត់ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​បាន​បណ្តាល​ឲ្យ​ប្រជាជន​ខ្មែរ​ជិត២លាន​នាក់​ស្លាប់ និង​បន្សល់​ទុក្ខ​នូវ​ស្ត្រី​មេម៉ាយ កូនកំព្រា និង​ភាព​ទុរគត​យ៉ាងធ្ងន់ធ្ងរ ដល់​ប្រទេស​កម្ពុជា។

កម្មវិធី នៅក្នុង​ឆ្នាំនេះ រួមមាន ការ​រាប់បាត្រ​ព្រះសង្ឃ ២៧០អង្គ ដោយមាន​វត្តមាន​អ្នកចូលរួម ចំនួន​ជាង ៥ពាន់​នាក់ ដើម្បី​ឧទ្ទិស​កុសល ដល់​អ្នក​ដែល​បាន​ស្លាប់ នៅក្នុង​របប​នោះ។ នេះ​បើតាម​​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បានប្រកាស​ឲ្យ​ដឹង។ ក្រៅពី​ការ​រាប់បាត្រ ព្រះសង្ឃ ក៏មាន​ផងដែរ​នូវ​ការសម្តែង​សិល្បៈ​ស្តីពី​ការជម្លៀស​ប្រជាជន ការសម្លាប់​រង្គាល នៅ​ក្នុងសម័យ​ខ្មែរក្រហម និង​ការ​ថ្លែង​វិយោគកថា ដោយ​សិស្ស-និស្សិត។

សូម​រម្លឹក​ជូន​ថា របប​ខ្មែរក្រហម ឬ​ប៉ុលពត ចន្លោះ​ពី​ឆ្នាំ ១៩៧៥ ដល់១៩៧៩ បានសម្លាប់​ប្រជាជន​ខ្មែរ អស់​ប្រមាណ​ជា​ជិត២លាន​នាក់។ កាលពីមុន ថ្ងៃទី ២០ ឧសភា ត្រូវបាន​គណបក្ស​​ប្រជាជន​កម្ពុជា ចាត់ទុក ជា​ទិវា​ចងកំហឹង ជាមួយ​របប​ខ្មែរក្រហម ប៉ុន្តែ ក្រោម​ស្មារតី​បង្រួបបង្រួម​ជាតិ​ ពាក្យ​ចងកំហឹង ត្រូវបាន​លុបចោល និង​ប្តូរ​ទៅជា​ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​​វិញ។

កន្លងមក តុលាការ​ខ្មែរក្រហម បានបញ្ចប់​សំណុំរឿង លេខ០០១ ដោយ​កាត់ទោស លោក កាំង ហ្គេ​ច​អ៊ា​វ ហៅ ឌុ​ច ឲ្យ​ដាក់ពន្ធនាគារ​អស់​មួយជីវិត។ ប​ច្ចុ​ប្បុន្ន អង្គជំនុំជម្រះ​នៃ​សាលាក្តី​ខ្មែរក្រហម កំពុង​រៀបចំ​ដំណើរការ​កាត់ក្តី ជា​បន្តទៀត​ក្នុង​សំណុំរឿង០០២ ដែលមាន​ជនជាប់ចោទ​​ពីររូប​គឺ នួន ជា និង​ខៀវ សំផន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ