អានតួអត្ថបទ
កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ប្រមូល​យោបល់​ពី​នាយក​សាលា​អំ​ពី​កំណែ​ទម្រង់​ក្នុ​ង​វិស័យ​អប់រំ​

លោក ហង់ ជួនណា​រ៉ុ​ន បាន​ជួប​នាយក និង​នាយិកា​វិទ្យាល័យ នៅ​ទីក្រុង​ភ្នំពេញ ជាង២០នាក់ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី ២៤ ឧសភា ដើម្បី​ស្តាប់​អនុសាសន៍​ពី​ថ្នាក់ដឹកនាំ​សាលា​ទាំងនេះ ចំពោះ​កំណែទម្រង់​ជាច្រើន​ចំណុច ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​ធ្វើ ក្នុង​អាណត្តិ​ទី៥នេះ។ក្នុងចំណោម​ចំណុច​ទាំងនោះ មានការ​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្នុងពេល​ខាងមុខ ការធ្វើឱ្យ​ប្រាក់​បំណាច់​ស​ម្រា​ប់​បុគ្គលិក​សិក្សា​ខ្ពស់ជាង​ប្រាក់​បំណាច់​របស់​មន្ត្រីរាជកា​រផ្សេងៗទៀត ការកែលំអ​គុណភាព​អប់រំ និង​ការបង្កើន​កញ្ចប់​ថវិកា​សម្រាប់​សាលារៀន​ជាដើម។ ប៉ុន្តែ មន្ត្រី​ដែលមាន​ឱកាស​បាន​ជួប​និយាយ​ជាមួយ​រដ្ឋមន្ត្រី​ដោយផ្ទាល់ ក្រៅផ្លូវការ ក្រោម​ការសម្របសម្រួល​របស់​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​នោះ បញ្ចេញយោបល់​តិចតួច​ប៉ុណ្ណោះ។

សាលារៀន​ក្នុង​តំបន់​ជនបទ​ដាច់​ស្រយាល​មួយ​កំពុង​រង់ចាំ​ការ​អភិវឌ្ឍ
សាលារៀន​ក្នុង​តំបន់​ជនបទ​ដាច់​ស្រយាល​មួយ​កំពុង​រង់ចាំ​ការ​អភិវឌ្ឍ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

អ្នកដឹកនាំ​វិទ្យាល័យ​នានា នៅ​ទីក្រុង​ភ្នំពេញ ជាង២០នាក់ ក្នុងនោះ​មាន​នាយក​វិទ្យាល័យ​ជាស៊ីម​សាមគ្គី នាយិកា​រង​វិទ្យាល័យ​ស៊ីសុវត្ថិ នាយក​វិទ្យាល័យ​ឥន្ទ្រ​ទេវី និង​នាយក​វិទ្យាល័យ​ជាស៊ីម​បឹង​កេងកង ជាដើម បាន​ស្ថិតនៅក្នុង​បន្ទប់​ប្រជុំ​ជាន់​ទី១ នៃ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ រួចជាស្រេច ដើម្បី​រងចាំ​ការមកដល់​របស់​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី២៤ ខែឧសភា។

 

ពេលមកដល់​ភ្លាម លោក ហង់ ជួនណា​រ៉ុ​ន បាន​រៀបរាប់​អំពី​កម្មវិធី​កំណែទម្រង់​ចំនួន៧ចំណុច ឱ្យ​អ្នកចូលរួម​ក្នុងជំនួប​ក្រៅផ្លូវការ​នោះ​ស្តាប់។ កម្មវិធី​កំណែទម្រង់​ទាំងនោះ​រួមមាន៖ ទី១ ការបង្កើន​ប្រាក់បៀវត្សរ៍​ជា​បន្តបន្ទាប់ និង​ការ​ពិនិត្យឡើងវិញ​ប្រាក់​បំណាច់ផ្សេងៗ សម្រាប់​បុគ្គលិក​សិក្សា​ទាំងអស់ ធ្វើយ៉ាងណា​ឱ្យ​ពួកគេ​ទទួលបាន​ខ្ពស់ជាង​មន្ត្រីរាជការផ្សេងៗទៀត ក្នុង​គោលបំណង​ទាក់ទាញ​និស្សិតពូកែៗឱ្យធ្វើជា​គ្រូបង្រៀន ។

ទី២ ការបង្កើន​ថវិកា​សម្រាប់​ទ្រ​ង​ទ្រង់​សកម្មភាព​សាលារៀន ទី៣ ការពង្រឹង​គុណភាព​អប់រំ តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន ដោយ​ការបង្កើត​មជ្ឈមណ្ឌល​ធ​ន​ធាន​ព័ត៌មានវិទ្យា ឱ្យបាន​ជាង៣៣០កន្លែង ក្នុង​ខេត្ត​ក្រុង​ចំនួន១៧ផ្សេងគ្នា ដើម្បី​ជម្រុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ឱ្យបាន​កាន់តែច្រើន ទី៤ ការកែទម្រង់​ការប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​និង​បឋមភូមិ។

ទី៥ ការកែទម្រង់​ឧ​ត្ត​មសិ​ក្សា ទី៦ ការលើកកម្ពស់​វិស័យ​កីឡា និង​ទី៧ ការបង្កើន​ការ
បណ្តុះ​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ តាមរយៈ​ការកែលម្អ​កម្មវិធីសិក្សា ដើម្បី​បញ្ចូល​បំ​ណិ​ន​ជីវិត​ផ្នែក​បច្ចេកទេស ឱ្យបាន​កាន់តែច្រើន ជាពិសេស​នៅ​កម្រិត​មធ្យមសិក្សា​បឋម​ភូមិ និង​ទុតិយភូមិ។

ក្នុងចំណោម​អ្នកចូលរួម​ទាំង​ជាង២០នាក់​នោះ មានតែ​មន្ត្រី​អប់រំ៤នាក់​ប៉ុណ្ណោះ ដែល​បាន​ក្រោកឈរ​បញ្ចេញយោបល់ ក្នុងឱកាស​ជួប​ដោយផ្ទាល់​ជាមួយ​រដ្ឋមន្ត្រី​របស់ខ្លួន។ គួរ​ឱ្យ​កត់​សម្គាល់ មន្ត្រី​ក្រោមឱវាទ​ហាក់ដូចជា​រុញ​រា ពេល​រដ្ឋមន្ត្រី«ចង់​ស្តាប់» ហើយ​លោក ហង់ ជួនណា​រ៉ុ​ន ថ្លែង​បញ្ចប់​ជំនួប​នោះ​ថា លោក«នឹង​បើក​សិក្ខាសាលា​មួយ» ដើម្បី​ប្រមូល​អនុសាសន៍​ពី​បុគ្គលិក​​សិក្សា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ