អានតួអត្ថបទ
កម្ពុជា

ជប៉ុន ផ្តល់​ជំនួយ ជិត ៣​​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍន៍​ធនធាន​មនុស្ស​កម្ពុជា​

នៅ​ឯ​​ទី​​ស្តី​​ការ​​ក្រសួង​ការបរទេស​កម្ពុ​ជាព្រឹកថ្ងៃទី ២៨ឧសភានេះ ​មាន​​ពិធី​ចុះហត្ថលេខា​​មួយ ​រវាង​​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ហោ ណាំហុង និង​​ឯកអគ្គរាជទូត​​ជប៉ុន ​ប្រចាំ​កម្ពុជា​ ដើម្បី​ទទួលនូវ​ជំនួយ របស់​ជប៉ុន​នូវ​​ទឹកប្រាក់​ជិត ៣០០​​លាន​​យេន ឬ ស្មើ​នឹង ជិត៣ម៉ឺន ដុល្លា។ តាមគម្រោង​នេះ មន្រ្តី​រាជការ​វ័យ​ក្មេង​កម្ពុជា ២៤រូប នឹង​​ទទួល​​បាន​​អាហារូបករណ៍ ចេញ​​ទៅ​​សិក្សា នៅ​​ប្រទេស​​ជប៉ុន រយៈពេល ២​ឆ្នាំ​។

ពិធីចុះហត្ថលេខា រវាងតំណាង​ប្រទេសជប៉ុន និង​រដ្ឋាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី ២៨ឧសភា ២០១៤។
ពិធីចុះហត្ថលេខា រវាងតំណាង​ប្រទេសជប៉ុន និង​រដ្ឋាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី ២៨ឧសភា ២០១៤។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​កញ្ចប់​ទឹក​ប្រាក់ ជា​ជំនួយ​ឥត​សំណង របស់​ជប៉ុនជិត ៣០០​លានយេន រឺស្មើនឹង ជិត ៣ម៉ឺន​ដុល្លាអាមេរិក​នេះ នឹង​ជួយ​អោយ​និស្សិត​កម្ពុជា ជា​ម​ន្រ្តី​រាជការ​វ័យ​ក្មេង ចំនួន​២៤​រូប​ បាន​ចេញ ទៅ​សិក្សា​រយៈពេល ២ឆ្នាំ នៅ​​ប្រទេស​ជប៉ុន សម្រាប់​មុខ​វិជ្ជា​វិជ្ជាសាស្រ្ត និង​វិស្វកម្ម។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក គូ​ម៉ា​ម៉ារូ យូជិ ឯកអគ្គរាជ​ទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ថ្លែង នៅ​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា ជាមួយលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋ មន្រ្តី​ក្រសួងការបរទេសកម្ពុជា នា​ព្រឹក​ថ្ងៃ​ពុធ​ទី​២៨​ឧសភា នៅ​​ទីស្តី​ការ​ក្រសួង​ការបរទេស​។

នៅក្នុងឳកាសនោះ លោក​ឯកអគ្គរាជទូត​ជប៉ុន​ បាន​មានប្រសាសន៍បន្ថែមថាគម្រោង​នេះ​ រដ្ឋាភិបាល​​ជប៉ុន ​បាន​ប្រើ​សម្រាប់​និស្សិត​អាហារូបករណ៍​កម្ពុជា ចំនួន​២៤​នាក់ ​ដើម្បី​ទៅ​​សិក្សា ​នៅ​ប្រទេសជប៉ុន​ រយៈពេល​២​ឆ្នាំ ហើយ​អាហារូបករណ៍​នេះ​ ត្រូវ​​បាន​​ផ្តល់​​ជូន​ជា​ពិសេស​​​​ចំពោះ​មន្ត្រី​រដ្ឋាភិបាលវ័យក្មេង ដែល​​មាន​សមត្ថភាព ហើយ​​អ្នក​ទាំងនោះ​នឹង​ត្រូវ​​បាន​រំពឹង​ថា ​នឹង​ចូល​រួម ​ដល់​ការអភិវឌ្ឍន៍សេដ្ឋកិច្ច និង​សង្គម​ ដល់​​ប្រទេស​កម្ពុជា ​បន្ទាប់​ពី​​ពួកគេ​​​បាន​​វិល​​ត្រឡប់​​មក​​ប្រទេស​​របស់​​ខ្លួន​​វិញ។

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការបរទេសកម្ពុជា បាន​ស្វាគមន៍​ចំពោះ​​គម្រោង​របស់ជប៉ុននេះ និង​បាន​មាន​ប្រសាសន៍​​ថា នេះ​​ជា​គម្រោង ដែល​​ស្រប​​ទៅ​​នឹង​គោលដៅ​​អាទិភាព ​របស់​​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អភិវឌ្ឍន៍​​ធនធានមនុស្ស ​នៅ​ប្រទេស​​ និងក៏​​ដើម្បី​​ចូល​រួម​ចំណែក​ ក្នុងការអភិវឌ្ឍន៍​ធនធានមនុស្ស ការ​​កសាង​សមត្ថភាព និង​គុណភាព នៅ​ប្រទេស​កម្ពុជាផងដែរ​។​ 

សូមបញ្ជាក់ថា ចាប់ពី​ឆ្នាំ​២០០៣ រហូតមកដល់​ឆ្នាំ ២០១៣ មាន​​និស្សិត​កម្ពុជា ​ចំនួន​២៦១​នាក់​​ហើយ ​បាន​ចេញ​​ទៅ​​សិក្សា ​នៅ​ប្រទេស​ជប៉ុន លើមុខជំនាញ ទំនាក់ទំនង​អន្តរជាតិ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​ជា​ច្រើន​ទៀត ហើយ​ពួកគេ​បច្ចុប្បន្ន​កំពុង​ប្រើប្រាស់​ជំនាញ របស់​ពួកគេ នៅតាមមន្ទីរក្រសួងនានា នៅក្នុងប្រទេសកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ