អានតួអត្ថបទ
កម្ពុជា

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង​ជប៉ុន​ប្រកាស​អំពី​ការបង្កើត​ដៃគូ​យុទ្ធសាស្ត្រ

នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​យល់​ស្របគ្នា​ថានឹង​បង្កើន​ទំនាក់​ទំនង​ទ្វេ​ភាគី រវាង​ប្រទេស​ទាំងពីរ ឱ្យ​ដល់​កម្រិត​ទំនាក់​ទំនង​យុទ្ធសាស្ត្រ​តែម្តង។ ឆន្ទៈ​រួម​នេះ​បាន​ស្តែង​ឡើង ក្នុង​សន្និសីទ​កាសែត​រួមគ្នា​មួយ នៅ​ប្រទេស​ជប៉ុន នា​ល្ងាច​ថ្ងៃ​ទី១៥​ធ្នូ​ម្សិលមិញ បន្ទាប់ពី​ភាគី​ទាំងពីរ​បាន​មើល​ឃើញ​ការរីក​ចម្រើននៃ​សហ​ប្រតិ​បត្តិការ​ទ្វេ​ភាគីរវាង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ និង​រដ្ឋាភិបាល​ក្រុងតូក្យូ។ នយោបាយ​ការបរទេស​នេះ​នឹង​នាំ​ជំនួយ​ជប៉ុន​បន្ថែម​មក​ឱ្យ​កម្ពុជា ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​កម្ពុជាមាន​បញ្ហា​ជាមួយ​ចិន​ទេ នេះ​បើតាម​អ្នកវិភាគ បើ​ទោះបី​ជា​បច្ចុប្បន្ន​ កម្ពុជា​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​ចិន​ក្តី។

លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ត្រួត​ពល​ នា​ឱកាស​បំពេញ​ទស្សនកិច្ច​នៅ​​កម្ពុជា ថ្ងៃ​ទី ១៦ វិច្ឆិកា ឆ្នាំ២០១៣
លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ត្រួត​ពល​ នា​ឱកាស​បំពេញ​ទស្សនកិច្ច​នៅ​​កម្ពុជា ថ្ងៃ​ទី ១៦ វិច្ឆិកា ឆ្នាំ២០១៣ © Reuters
ផ្សាយពាណិជ្ជកម្ម

លោក ហ៊ុន សែន និងលោក ស៊ីនហ្សូ អាបេ (Shinzo Abe) បានប្រកាសជាមួយគ្នាថានឹង បង្កើនទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ឱ្យដល់កម្រិតទំនាក់ទំនងយុទ្ធសាស្ត្រ។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើង ក្រោយការបញ្ចប់កិច្ចប្រជុំកំពូលទ្វេភាគីមួយ អំឡុងពេលទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា នៅប្រទេសជប៉ុន។ លោក ស៊ីនហ្សូ អាបេ អះអាងអំពីការបន្តផ្តល់ជំនួយបន្ថែមសម្រាប់អភិវឌ្ឍន៍កម្ពុជា ក្នុងនោះមានទាំង ការ​បញ្ជូន​អ្នកជំនាញការជប៉ុនឱ្យមកជួយកែលម្អប្រព័ន្ធបោះឆ្នោតនៅកម្ពុជា និងការភ្ជាប់ ជើង​ហោះហើរ​ផ្ទាល់ពីជប៉ុនមកកម្ពុជា ក្នុងពេលឆាប់ៗ។

បំណង​លើក​កម្ពស់​ទំនាក់​រវាង​កម្ពុជា និង​ជប៉ុន ឱ្យ​ដល់​កម្រិត​យុទ្ធសាស្ត្រ​នេះ​បាន​កើត​ឡើង​នៅ​ក្រោយ​ពេល​ដែល​កម្ពុជា​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​របស់​ចិន នៅ​ឆ្នាំ២០១០។ លោក សុខ ទូច អ្នកវិភាគ​នយោបាយ​កម្ពុជា យល់​ឃើញថា ដៃគូ​យុទ្ធសាស្ត្រ​រវាង​កម្ពុជា និង​ជប៉ុន នឹង​ពង្រឹង​ប្រព័ន្ធ​ច្បាប់ និង​ការប្រឆាំង​អំពើ​ពុករលួយ​នៅ​កម្ពុជា។ លោក​ពន្យល់​​ថា រាល់​ការវិនិយោគ​របស់​ជប៉ុន​គឺ​តែងតែ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់ ខុស​ពី​ចិន ដែល​បាន​មើល​​រំលង​បញ្ហា​នេះ។

ម្យ៉ាងទៀត ចំពោះ​លោក សុខ ទូច បទពិសោធន៍​របស់​កម្ពុជា​ក្នុង​ទំនាក់​ទំនង​ផ្តាច់មុខ​ជាមួយ​មហាអំណាច​ពិភពលោក គ្មាន​អ្វី​ចំណេញ​ឡើយ​សម្រាប់​កម្ពុជា។ បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​​រូបនេះ អះអាង​ថា កម្ពុជា​មិនមែន​ជា​«កូន​ក្រមុំ»​របស់​មហា​អំណាច​ណាមួយ​ឡើយ ពោលគឺ​ក្នុងនាម​ជា​រដ្ឋ​ឯករាជ្យ មាន​អធិបតេយ្យ កម្ពុជា​ត្រូវការ​កិច្ច​សហ​ប្រតិ​បត្តិការ​អន្តរជាតិ​ស្មើភាព ជា​មួយ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ដូចជា​អាមេរិក និង​កូរ៉េ​ជាដើម។

ប្រទេស​ជប៉ុន​បាន​ទទួល​ស្គាល់​ឯករាជ្យភាព​របស់​ប្រទេស​កម្ពុជា​តាំងពី​ដើមទី ពោលគឺ​មុន​ប្រទេស​ចិន​ទៅទៀត។ រហូត​ដល់​ពេលនេះ​ ទំនាក់​ទំនង​ការទូត​កម្ពុជា-ជប៉ុន មាន​អាយុ៦០ឆ្នាំ​ហើយ ចំណែកឯ​ចំណង​ទូត​កម្ពុជា-ចិន ទើបតែ​បាន៥៥ឆ្នាំ​ប៉ុណ្ណោះ។ បើតាម​លោក សុខ ទូច ទំនាក់​ទំនង​យុទ្ធសាស្ត្រ​កម្ពុជា-ជប៉ុន អាច​ធ្វើ​ឱ្យ​ចិន ដែល​ជា​យក្ស​នៅ​អាស៊ី និង​ដែល​ជា​ប្រទេស​​ផ្តល់​ជំនួយ​ឱ្យ​កម្ពុជា​ច្រើន​ជាងគេ ដោយ​ឥត​លក្ខខណ្ឌ​«បន្ទន់​ឥរិយាបទ» ​ចំពោះ​កម្ពុជា៕1

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ