អានតួអត្ថបទ
កម្ពុជា

ទាហានខ្មែរ ២នាក់ ស្លាប់ នៅក្នុងប្រទេសម៉ាលី

កង​ទាហាន​កម្ពុជា ២​នាក់ ដែល​បាន​ទៅ​បម្រើការ នៅ​ប្រទេស​ម៉ាលី ក្នុង​បេសកកម្ម ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ បាន​ស្លាប់ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ ដោយ​សារ​ការ​ទាស់​ចំណី​អាហារ និង​បញ្ហា​ផ្លូវ​ដង្ហើម។ នេះ​បើ​តាម​ការ​បញ្ជាក់ ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិសុខ​កម្ពុជា។ កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​មាន​ទាហាន​មួក​ខៀវ​ខ្មែរ​ម្នាក់ ដែល​បាន​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ម៉ាលី បាន​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់ ក្រោយ​ពី​បាន​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​ផងដែរ ។

កងទ័ព របស់អ.ស.ប នៅ​ក្នុង​ប្រទេសម៉ាលី។
កងទ័ព របស់អ.ស.ប នៅ​ក្នុង​ប្រទេសម៉ាលី។ AFP/Kambou Sia
ផ្សាយពាណិជ្ជកម្ម

នៅ​មិនទាន់មាន​មូលហេតុ​ច្បាស់លាស់​ជុំវិញ​ការស្លាប់​របស់​កង​ទាហាន​កម្ពុជា​ទាំងពីរ​នាក់​នោះ​នៅឡើយ​ទេ ប៉ុន្តែ​ជា​ជំហាន​ដំបូង គឺ​លោក​អាច​សន្និដ្ឋានបានថា កង​ទាហាន​ទាំងពីរ​នាក់ បាន​ស្លាប់ ដោយសារ​ការ​ទាស់ចំណី​អាហារ និង​បញ្ហា​ផ្លូវដង្ហើម។ នេះ​បើតាម​ការអះអាង​របស់​លោក​ឧ​ត្ត​ម​សេនីយ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិសុខ​កម្ពុជា ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ពុធ​នេះ។

លោក សែម សុវណ្ណនី បាន​បន្តថា នៅពេលនេះ សាកសព​កង​ទាហាន​ទាំង២ កំពុង​ត្រូវបាន​អាជ្ញាធរ​ម៉ាលី និង​អង្គការសហប្រជាជាតិ ធ្វើ​កោសល្យវិច័យ រក​មូលហេតុ​ច្បាស់លាស់​នៃ​ការ​ស្លាប់​ មុននឹង​បញ្ជូនមក​ធ្វើបុណ្យ​តាម​ប្រពៃណី នៅក្នុង​ប្រទេស​កម្ពុជា។

ដោយ​មិនបាន​បញ្ជាក់​ឈ្មោះ​ទាហាន ដែល​បាន​ស្លាប់​នោះ លោក សែម សុវណ្ណនី គ្រាន់តែ​បាន​ប្រាប់ថា យោធា​ខ្មែរ​ទាំង២នាក់​នោះ ម្នាក់ គឺជា​វិស្វករ និង​ម្នាក់ទៀត មានមុខ​ងារ​ជា​ពេទ្យ​បឋម។ លោក សុវណ្ណនី បាន​អះអាងថា ការស្លាប់​កង​ទាហាន​កម្ពុជា​នេះ គឺជា​លើកដំបូង​ហើយ​ ចាប់តាំងពី​រយៈពេល ៣ខែ ដែល​កម្ពុជា បា​នប​ញ្ចូ​ន​កងទ័ព​មួក​ខៀវ​ចំនួន​ប្រមាណ​ជា ៣០០នាក់ ទៅ​បំពេញបេសកកម្ម ក្នុងប្រទេស​ម៉ាលី។

ចាប់តាំងពី​ឆ្នាំ ២០០៦ មក​រហូតដល់​នាពេល​បច្ចុប្បន្ននេះ រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជូន​កងទ័ពរ​ក្សា​សន្តិភាព ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ បាន​ចំនួន​ជាង ២ពាន់​នាក់​ទៅកាន់​ប្រទេស​ចំនួន ៧ ។ បន្ទាប់ពី​មានការ​ស្នើសុំ ពី​អង្គការសហប្រជាជាតិ ឲ្យ​ទាហាន​កម្ពុជា ចូលរួម​រក្សា​សន្តិភាព​លើ​ពិភពលោក កម្ពុជា ក៏បាន​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​ជាច្រើន ដូចជា​ការដោះមីន វិស្វកម្ម ពេទ្យ និង​ដឹកជញ្ជូន ដោយមាន​ការជួយជ្រោមជ្រែង ពី​ប្រទេស​ជា​មិត្ត ដូចជា ជប៉ុន ចិន អាម៉េរិក បារាំង អូស្ត្រាលី និង​ប្រទេស​ឥណ្ឌា​ជាដើម ។

ជាទូទៅ បេស​សកម្ម​របស់​កង​ទ័ព​កម្ពុជា ក្នុងតួនាទី​ជា​ទាហាន​មួក​ខៀវ​របស់​អង្គការ​សហ​ប្រជាជាតិ ​ដើម្បី​​ថែរក្សា​សន្តិភាព​នៅឯ​ក្រៅប្រទេស​តែង​បានទទួល​ជោគជ័យ​និង​មិនដែល​ជួប​​គ្រោះថ្នាក់​អ្វី​ទេ។ ប៉ុន្តែ ចុងក្រោយ​នេះ​ទាហាន​កម្ពុជា បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​មួយ​ចំនួន​។ កាលពីពេលថ្មីៗនេះ ក៏មាន​ទាហាន​មួក​ខៀវ​ខ្មែរ​ម្នាក់ ដែល​បាន​បំពេញ​បេសកកម្ម ក្នុង​ប្រទេស​​ម៉ាលី បាន​ស្លាប់ ដោយសារ​ជំងឺគ្រុនចាញ់ ក្រោយពេល​មកដល់​ប្រទេស​កម្ពុជា​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ