អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​ធ្វើ​ស្រែប្រវាស់មេឃ​ជា​ឧបសគ្គ​នៃ​វិស័យ​នាំចេញអង្ករ​របស់​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការកើនឡើង​ឥតឈប់ឈរ​នៃ​តម្រូវការ​អង្ករ នៅលើ​ទីផ្សារ​អន្តរជាតិ គឺ​ជា​ឱកាស​ដ៏ល្អមួយ សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ដែល​មាន​បំណង​ចង់​ក្លាយ​ខ្លួន​ជា​ប្រទេស​នាំចេញ​អង្ករ​ដ៏ធំមួយ។ ក៏ប៉ុន្តែ ការ​ធ្វើ​ស្រែ​ដោយ​ពឹងផ្អែក​ខ្លាំង​លើ​លក្ខខណ្ឌ​អាកាសធាតុ​ ព្រមទាំង​ការ​ខ្វះខាត​ម៉ាស៊ីន​កិនស្រូវ​ខ្នាតធំ គឺ​បញ្ហា​ដ៏ធំ​​ដែល​កម្ពុជា​ត្រូវ​ប្រឈម នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

កសិករ​កម្ពុជា កំពុង​ចូក​ស្រូវ​ដាក់​បាវ
កសិករ​កម្ពុជា កំពុង​ចូក​ស្រូវ​ដាក់​បាវ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញនូវ​គោលដៅ​ចង់​នាំ​អង្ករ​ចេញ​ឲ្យ​បាន​យ៉ាងតិច ១លាន​តោន នៅ​ឆ្នាំ​២០១៥​ខាងមុខ ហើយ​ជំហាន​បន្ទាប់​មក​ទៀត ចង់​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​នាំ​អង្ករ​ដ៏ចម្បងមួយ នៅលើ​ពិភពលោក។ ក៏ប៉ុន្តែ កង្វះ​សមត្ថភាព​ផលិត​ គឺ​ជា​បញ្ហា​ប្រឈម​ដ៏ធំ​ នៅ​ក្នុង​យុទ្ធសាស្រ្ត​នាំចេញ​អង្ករ​របស់​កម្ពុជា​នៅក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ជាការពិត​​ថា កម្ពុជា​គឺ​ជា​ប្រទេស​កសិកម្ម មាន​ផ្ទៃដីដាំដុះ​ច្រើន ហើយ​ប្រជាជន​ភាគច្រើន​លើសលុប គឺ​ជា​កសិករ។ ក៏ប៉ុន្តែ គេ​សង្កេតឃើញ​ថា​ ក្នុង​ចំណោម​ប្រជាកសិករ​ខ្មែរ មាន​មួយផ្នែកធំ នាំគ្នា​ធ្វើស្រែ​ជា​លក្ខណៈ​គ្រួសារ ដើម្បី​​​បាន​ផល​យក​មក​ចិញ្ចឹមត្រឹមតែ​ក្រពះ​ខ្លួនឯង​តែ​ប៉ុណ្ណោះ មិនមែន​ដើម្បី​​​ធ្វើការ​លក់ដូរ​នោះទេ។

ម្យ៉ាងវិញទៀត ផ្ទៃដី​ដាំស្រូវ​របស់​កម្ពុជា ថ្វីដ្បិត​តែ​មាន​ទំហំធំធេង​ក៏ពិតមែន ក៏ប៉ុន្តែ ដោយមកពី​​កង្វះ​ប្រព័ន្ធ​ស្រោចស្រព ផ្ទៃដីដាំដុះ​អស់ទាំងនេះ​មិន​ត្រូវ​បាន​ប្រើប្រាស់​ឲ្យ​បាន​ពេញលេញ​ទៅតាម​សក្តានុពល​ផលិត​​នោះទេ។ សកម្មភាព​បង្កបង្កើន​ផលស្រូវ​នៅ​កម្ពុជា​មាន​ការពឹងផ្អែក​ខ្លាំង​ទៅលើ​លក្ខណ្ឌ​អាកាសធាតុ ដែល​គេ​តែងតែ​នាំគ្នា​និយាយ​ថា “ធ្វើស្រែ​ប្រវាស់មេឃ”។

ការ​ធ្វើ​ស្រែប្រវាស់មេឃ​បែបនេះ​ធ្វើ​ឲ្យ​​​ដីស្រែ​មួយផ្នែក​ធំ នៅ​​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​​គេ​យក​ទៅ​​ប្រើប្រាស់​​ក្នុងការ​ដាំដុះ​តែ​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក្នុងមួយឆ្នាំៗ។ នៅ​ក្នុង​ពេលសល់​ពីនោះ ដី​ត្រូវ​ទុក​ឲ្យ​ទំនេរចោល ដោយសារ​តែ​ខ្វះទឹកស្រោចស្រព ឬ​កន្លែង​ខ្លះ​ត្រូវ​ទឹកលិច។ បើ​គេ​ពិនិត្យ​មើល​ជារួម ប្រជាកសិករ​ខ្មែរ​មួយ​ភាគធំ ធ្វើស្រែ​បានតែ​ម្តង​ប៉ុណ្ណោះ​ក្នុងមួយ​ឆ្នាំ ក្នុងពេល​ដែល​ប្រជាកសិករ​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​​វៀតណាម ដែល​ជា​ប្រទេសជិតខាង ហើយ​ដែល​​មាន​អាកាសធាតុ​ប្រហាក់ប្រហែល​នឹង​ប្រទេស​កម្ពុជា គេអាច​ធ្វើស្រែ​បាន​រហូត​ដល់​ទៅ​៣ដង ក្នុង​មួយ​ឆ្នាំ។

បើ​និយាយ​ពី​​ទិន្នផល​ស្រូវ​របស់​កម្ពុជាវិញ​ ថ្វីដ្បិត​តែ​ពេលនេះ​មាន​ការ​កើនឡើង​ធៀប​នឹង​ពេលមុនៗ ប៉ុន្តែ នៅតែ​មាន​កម្រិត​ទាប​ បើ​ប្រៀបធៀប​នឹង​ប្រទេស​ជិតខាងមួយចំនួន។ យោងតាម​តួលេខ​របស់​រដ្ឋាភិបាល​កម្ពុជា និង​របស់​អង្គការ​ស្បៀងអាហារពិភពលោក (FAO) ទិន្នផលស្រូវ​របស់​កម្ពុជា នៅ​ឆ្នាំ​២០១២​កន្លងទៅ ​មាន​ប្រមាណ​ជា ៣,១​តោន ក្នុងមួយហិចតា ប្រហាក់ប្រហែល​នឹង​ប្រទេស​ថៃ ក៏ប៉ុន្តែ ទាប​ជាង​ឡាវ (៣,៧តោន ក្នុងមួយហិចតា) និង​វៀតណាម (៥,៦តោន ក្នុងមួយ​ហិចតា)។

ទោះជាយ៉ាងណា គេឃើញ​ថា ថ្វីដ្បិត​តែ​ប្រជាកសិករ​ខ្មែរ​ភាគច្រើន​នៅ​ធ្វើ​ស្រែប្រវាស់មេឃ ហើយ​ដីស្រែ​របស់​កម្ពុជា នៅមិនទាន់​ត្រូវ​បាន​គេ​ប្រើប្រាស់​ឲ្យ​ពេញ​សមត្ថភាព ក៏ប៉ុន្តែ កម្ពុជា​នៅតែ​អាច​បង្កបង្កើន​ផលស្រូវ​បាន​លើសពី​តម្រូវការ​ក្នុងស្រុក​ខ្លួនឯង​ដែរ។ នេះ​ជា​ការ​បង្ហាញ​ឲ្យឃើញ​អំពី​សក្តានុពល​ដ៏ធំ​​​របស់​កម្ពុជា​ក្នុងការ​បង្កបង្កើន​ផលស្រូវ ប្រសិនបើ​មាន​ការ​រៀបចំ​ប្រព័ន្ធ​ធារាសាស្រ្ត​ឲ្យ​បាន​គ្រប់គ្រាន់។

ក៏ប៉ុន្តែ ដើម្បី​ក្លាយខ្លួន​ជា​ប្រទេស​នាំចេញ​អង្ករ​ដ៏​ចម្បង​មួយ​នោះ បើ​មាន​សមត្ថភាព​ត្រឹមតែ​បង្កបង្កើន​ផលស្រូវ​ ក៏​នៅតែ​មិនទាន់​គ្រប់គ្រាន់ដែរ។

យោងតាម​តួលេខ​របស់​ក្រសួង​កសិកម្ម កាល​ពី​ឆ្នាំ​២០១២​កន្លងទៅនេះ ផលស្រូវ​របស់​កម្ពុជា ដែលសល់​ពី​តម្រូវការ​ក្នុងស្រុក មាន​រហូតដល់​ទៅ ៤លាន ៧សែន​តោន។ ក៏ប៉ុន្តែ បើ​គេ​មើល​ទៅលើ​តួលេខ​របស់​ក្រសួង​កសិកម្មវិញ កម្ពុជា​នាំអង្ករ​ចេញ​បានតែ​ប្រមាណ​ជា ២សែន​តោន​តែ​ប៉ុណ្ណោះ ពោលគឺ ​ប្រហែល​ត្រឹម​ ១០% ប៉ុណ្ណោះ នៃ​ផលស្រូវ​ដែល​សល់​ពី​ការ​ប្រើប្រាស់​ក្នុងស្រុក។ នេះ​គឺដោយសារ​តែ​កម្ពុជា​មិនទាន់​មាន​​សមត្ថភាពគ្រប់គ្រាន់​ ក្នុងការ​កិនស្រូវ​​ជា​អង្ករ​ដែល​មាន​គុណភាព​សម្រាប់​នាំចេញ។

បច្ចុប្បន្ន​នេះ ម៉ាស៊ីន​កិនស្រូវ នៅ​ក្នុង​ប្រទេស​កម្ពុជា ភាគច្រើន​ជា​ម៉ាស៊ីន​កិនស្រូវ​ខ្នាត​តូច ដែល​អាច​ផលិតអង្ករ​បាន​តិច ហើយ​អង្ករ​ដែលផលិត​បាន​មាន​គុណភាព សម្រាប់​តែ​ទីផ្សារ​ក្នុងស្រុក​តែ​ប៉ុណ្ណោះ។

ដើម្បី​អាចជ្រៀតខ្លួន​ចូល​ប្រកួតប្រជែង​នៅ​ក្នុង​ទីផ្សារ​អង្ករ​អន្តរជាតិ​បាន កម្ពុជា​ចាំបាច់​ត្រូវ​តែ​បង្កើន​សមត្ថភាព​ផលិត​ឲ្យ​ដល់​កម្រិត​មួយ ដែល​អាច​ឲ្យ​អ្នក​ទិញ​មាន​ទំនុកចិត្ត​ ទាំង​ខាង​បរិមាណ និង​គុណភាព ពោលគឺ អាច​ផលិត​អង្ករ​ដែល​មាន​គុណភាព​ស្តង់ដារ​អន្តរជាតិ ហើយ​ផលិត​បាន​​​​ក្នុង​បរិមាណ​គ្រប់គ្រាន់ និង​ទៀងទាត់​ ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ទីផ្សារ​អន្តរជាតិ។

នៅ​ក្នុង​​ការ​សិក្សា​​កាល​ពីពេលថ្មីៗ​នេះ ​អ្នកជំនាញ​​បាន​ធ្វើការ​ប៉ាន់ស្មាន​ថា កម្ពុជា​ត្រូវការ​ម៉ាស៊ីន​កិនស្រូវ​ខ្នាត​ធំ​ ចំនួន ១២​គ្រឿង​ និង​ខ្នាតមធ្យម​ ចំនួន ៩២គ្រឿង​បន្ថែម​ទៀត ដើម្បី​អាច​ផលិត​អង្ករ​ដែល​មាន​គុណភាព សម្រាប់​​នាំចេញ​​​ឲ្យ​​បាន​១លានតោន​ក្នុងមួយ​ឆ្នាំ​ទៅតាម​គោលដៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ