អានតួអត្ថបទ
កម្ពុជា-ថៃ

សាកសព​ពលករ​ខ្មែរ​៦​នាក់​បាន​មក​ដល់​កម្ពុជា​​វិញ ខណៈ​ចំនួន​ពលករ​ខ្មែរ​ដែល​ត្រូវ​​បញ្ជូន​មក​វិញ កើន​ឡើង​ដល់​១៤​ម៉ឺន​នាក់

សាកសព​ពលករ​ខ្មែរ​៦​នាក់ ដែល​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ខេត្ត​ឆៈឆឹងសៅ ប្រទេស​ថៃ ត្រូវ​បាន​បញ្ជូន​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ កាល​ពី​យប់​ម៉ិញ​នេះ។ ដំណើរ​មក​ដល់​នៃ​សាកសព​ពលករ​ខ្មែរ​នេះ កើត​ឡើង​ស្រប​ពេល​ដែល​អាជ្ញាធរ​ថៃ នៅ​តែ​បន្ត​បញ្ជូន​ពលករ​ខ្មែរ​មក​ប្រទេស​វិញ ហើយ​ចំនួន​ពលករ​ខ្មែរ​ដែល​ត្រូវ​បាន​បញ្ជូន​មក​វិញ រហូត​មក​ទល់​រសៀល​ថ្ងៃ​ចន្ទ​នេះ កើន​ឡើង​ដល់​១៤​ម៉ឺន​នាក់​ហើយ​។

ពលករខ្មែរដែលថៃបញ្ជូនមកកម្ពុជាវិញ។
ពលករខ្មែរដែលថៃបញ្ជូនមកកម្ពុជាវិញ។ @Facebook
ផ្សាយពាណិជ្ជកម្ម

ពលករ​ទាំង​៦​នាក់​ដែល​ស្លាប់ ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍ រថយន្ត​បែក​កង់​ជ្រុល​ចង្កូត​ទៅ​បុក​ដើម​ឈើ នៅ​ខេត្ត​ឆៈឆឹងសៅ ប្រទេស​ថៃ កាល​ពី​យប់​ថ្ងៃ​សៅរ៍​ឆ្លង​ចូល​ថ្ងៃ​អាទិត្យ​ទី​១៥មិថុនា ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​ទាំង​អស់​ហើយ។ ក្នុង​នោះ មាន​ម្នាក់​មាន​ទី​លំនៅនៅ​ខេត្ត​ព្រៃវែង ម្នាក់​មាន​ទី​លំនៅ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​៤​នាក់​ទៀត​មាន​ទី​លំនៅ​នៅ​ខេត្ត​កំពង់ចាម​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​គោ ស៊ុំសារឿត អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ។

ក្រោយ​ពី​បាន​​បញ្ជូន​មក​ដល់​កម្ពុជា​វិញ នៅ​យប់​ថ្ងៃ​អាទិត្យ ទី​១៥​មិថុនា សាកសព​ទាំង​៦ ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​ស្រុក​កំណើត​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​រួច​រាល់​ហើយ។

ដោយ​ឡែក ​សាកសព​ពលករ​ពីរ​នាក់​ទៀត ដែល​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ក្បែរ​ក្រុង​បាងកក ប្រទេស​ថៃ ត្រូវ​បាន​លោក​គោ ស៊ុំសារឿត គូស​បញ្ជាក់​ថា នឹង​ត្រូវ​មក​ដល់​កម្ពុជា យ៉ាង​យូរ​នៅ​ល្ងាច ឬ​យប់​ថ្ងៃ​ចន្ទ ទី​១៦​មិថុនា​នេះ។ ពលករ​ទាំង​ពីរ​នាក់​នេះ ត្រូវ​គេ​បញ្ជាក់​អត្តសញ្ញាណ​ថា មាន​ទី​លំនៅ​នៅ​ស្រុក​ភ្នំ​ស្រុក ខេត្ត​បន្ទាយ​មាន​ជ័យ។

ដំណើរ​មក​ដល់​នៃ​សាកសព​ពលករ​ខ្មែរ កើត​ឡើង​ស្រប​ពេល​ដែល​អាជ្ញាធរ​ថៃ នៅ​តែ​បន្ត​បញ្ជូន​ពលករ​ខ្មែរ​មក​ប្រទេស​វិញ។ បើ​តាម​លោក​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ រហូត​មក​ទល់​រសៀល​ថ្ងៃ​ចន្ទ​នេះ ចំនួន​ពលករ​ខ្មែរ​ដែល​ត្រូវ​បាន​បញ្ជូន​មក​វិញ កើន​ឡើង​ដល់​១៤​ម៉ឺន​នាក់​ហើយ​។

អាជ្ញាធរខេត្ត​បាន​ប្រើប្រាស់​កំលាំងមន្ដ្រី​​ប៉ូលិស មន្ដ្រី​យោធា មន្ដ្រី​ស៊ីវិល និង​កងរាជអាវុធហត្ថ ​មិន​តិច​ជាង​មួយ​ពាន់​នាក់​ទេ ដើម្បី​សម្រប​សម្រួលសន្តិសុខ សណ្ដាប់​ធ្នាប់​​ដល់​ពលករ។ កាក​បាទ​ក្រហម និង​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន បាន​និង​កំពុង​តែ​ធ្វើ​ការ​យ៉ាង​មមាញឹក ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ដែល​ចាំ​បាច់ សម្រាប់​​ពលករ​ដែល​ទើប​តែ​ត្រឡប់​មក​ដល់​មាតុ​ប្រទេស​វិញ​។ រថយន្ត​យោធា​ជាង​៣០០​គ្រឿង ធ្វើ​ដំណើរ​ចុះ​ឡើង ដើម្បី​បញ្ជូន​ពលករ​ពី​ប៉ោយប៉ែត ទៅកាន់​ស្រុក​កំណើត​របស់​ពួក​គាត់​វិញ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ