អានតួអត្ថបទ
កម្ពុជា

ក្រសួង​សុខាភិបាល បើក​សិក្ខា​សាលា​ផ្សព្វផ្សាយ​ស្ដី​ពី​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈឹម​បូព៌ា និង​ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ​ថ្មី

ជំងឺ​ថ្មី​ពីរ គឺ​ជំងឺ​ផ្ដាសាយ​បក្សី H7N9 និង​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈឹម​បូព៌ា កំពុង​តែ​រីក​រាលដាល​យ៉ាង​ឆាប់​រហ័ស នៅ​ប្រទេស​ចិន និង​នៅ​មជ្ឈឹម​បូព៌ា។ ដោយ​ក្ដី​បារម្ភ ក្រសួង​សុខាភិបាល​កម្ពុជា ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​អង្គការ​សុខភាព​ពិភព​លោក បាន​រៀបចំ​សិក្ខាសាលា​មួយ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ផ្សព្វផ្សាយ​ពី​ជំងឺទាំង​ពីរ​នេះ ជូន​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ អ្នក​កាសែត​ពី​ស្ថាប័ន​សារព័ត៌មាន​ជាតិ និង​អន្ដរជាតិ​ជា​ច្រើន បាន​ចូល​រួម​ស្ដាប់​បទ​បង្ហាញ​នៅ​ក្នុង​សិក្ខាសាលា​នេះ ដែល​រៀប​ចំ​នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​។

លោក​វេជ្ជបណ្ឌិត​លី សូវ៉ាន់ ប្រធាន​នាយកដ្ឋានប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង កំពុង​ធ្វើ​បទ​បង្ហាញ​ដល់​អ្នក​កាសែត នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ ថ្ងៃ​ទី​២៣​មិថុនា ឆ្នាំ​២០១៤
លោក​វេជ្ជបណ្ឌិត​លី សូវ៉ាន់ ប្រធាន​នាយកដ្ឋានប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង កំពុង​ធ្វើ​បទ​បង្ហាញ​ដល់​អ្នក​កាសែត នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ ថ្ងៃ​ទី​២៣​មិថុនា ឆ្នាំ​២០១៤ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៣​មិថុនា លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង បាន​គូស​បញ្ជាក់​ប្រាប់​អ្នក​កាសែត​ជាង​៣០​នាក់ ពី​ភាព​ខុស​គ្នា​របស់​ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ​ចាស់ H5N1 និង​ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ​ថ្មី H7N9 ដូច្នេះ​ថា៖ ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ​ចាស់ H5N1 ច្រើន​កើត​លើ​មនុស្ស​ស្រី ពិសេស​គឺ​ក្មេង។ ចំណែក​ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ​ថ្មី H7N9 ច្រើន​កើត​លើ​មនុស្ស​ប្រុស ដែល​មាន​វ័យ​ចំណាស់​។

 

អ្វី​ដែល​គួរឲ្យ​​បារម្ភ​សម្រាប់​ជំងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី H7N9 គឺ ការ​ឆ្លង។ ខុស​ពី​ជំងឺផ្ដាសាយ​បក្សី​ប្រភេទ​ចាស់ H5N1 ដែល​ឆ្លង​ពី​ការ​ប៉ះ​ពាល់​បក្សី​ដែល​ឈឺ​ឬ​ងាប់ ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ​ថ្មី H7N9 នេះ ឆ្លង​ពី​ការ​ប៉ះពាល់​បក្សី​ដែល​មាន​ផ្ទុក​មេរោគ តែ​គ្មាន​សញ្ញា​ថា​ឈឺ​ឡើយ​។

ដោយ​ឡែក ​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈឹម​បូព៌ា​កូរ៉ូណា​វីរុស ហៅ​កាត់​ថា MERS ក៏​កំពុង​តែ​រីក​រាល​ដាល​គួរ​ឲ្យ​បារម្ភ​ដែរ​។ ជំងឺ MERS នេះ មាន​លក្ខណៈ​ស្រដៀង​នឹង​ជំងឺ SARS និង​មាន​ប្រភព​មក​ពី​តំបន់​មជ្ឈឹម​បូព៌ា នៅ​ឆ្នាំ​២០១២ ហើយ​គួរ​ឲ្យ​កត់​សម្គាល់​នា​ពេល​ថ្មី​ៗ​នេះ វា​បាន​ឆ្លង​រាល​ដាល​ទៅកាន់​ផ្នែក​ផ្សេង​ៗ​ទៀត​នៃ​ពិភព​លោក​។ កូរ៉ូណាវីរុស ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​នៅ​លើ​សត្វ​ប្រចៀវ និង​សត្វ​អូដ្ឋ​។

ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ​ថ្មី H7N9 និង​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈឹម​បូព៌ា MERS មាន​រោគ​សញ្ញា​ដូច​ជា គ្រុន​ក្ដៅ ក្អក ពិបាក​ដក​ដង្ហើម រងារ​ញាក់ ឈឺ​បំពង់​ក ជា​ដើម​។ ដោយ​សារ​តែ​ជំងឺ​ថ្មី​ទាំង​ពីរ មាន​រោគ​សញ្ញា​​ស្រដៀង​ទៅ​នឹង​ជំងឺ​ផ្ដាសាយ​ធម្មតា​ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​សំណូម​ពរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់ ប្រុង​ប្រយ័ត្ន និង​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ ប្រសិន​បើ​មាន​រោគ​សញ្ញា​អស់​ទាំង​នេះ។

ដើម្បី​បង្កា​ជំងឺ​នេះ លោក​វេជ្ជបណ្ឌិតលី សូវ៉ាន់ ផ្ដល់​ជា​អនុសាសន៍​ថា សាធារណជន​ទូទៅ ត្រូវ​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ត្រូវ​ខ្ទប់​មាត់​របស់​អ្នក ឬ​ពាក់​ម៉ាស នៅ​ពេល​ក្អក​ឬ​កណ្ដាស់។ ផលិតផល​សាច់​និង​ស៊ុត ត្រូវ​ចម្អិន​ឲ្យ​ឆ្អិន​ល្អ និង​មិន​ត្រូវ​បរិភោគ​សត្វ​ឈឺ​ឬ​ងាប់​ដោយ​សារ​ជំងឺ​។ ចំណែក​អ្នក​ដែល​ធ្វើ​ដំណើរ​ទៅ​តំបន់​មជ្ឈឹម​បូព៌ា ត្រូវ​ប្រកាន់​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពិសេស​ជៀសវាង​ប៉ះពាល់​ជាមួយ​សត្វ​ឈឺ ឬ សត្វ​អូដ្ឋ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ