អានតួអត្ថបទ
កម្ពុជា

គណបក្ស​ទាំងពីរ​បើក​ទ្វារ​ចំហរ​រៀង​ខ្លួន តែ​មិន​បោះ​ដៃ​រក​គ្នា​

រហូត​មក​ដល់​ពេល​នេះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​មាន​ការចរចា​ណា​មួយ​ថ្មី​នៅ​ឡើយ​នោះ​ទេ ទាក់ទង​ពី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ដែល​បាន​អូស​បន្លាយ​​ជិត​មួយ​ឆ្នាំ​កន្លង​មក​ហើយ។ យ៉ាង​ណា​ក៏​ដោយ គណបក្ស​មាន​ជម្លោះ​ទាំង​ពីរ បាន​អះអាង​ថា ទ្វារ​នៃ​ការ​ចរចា គឺ​កំពុង​តែ​បើក​ចំហរ​រៀង​ៗ​ខ្លួន។

ជំនួបចរចាគណបក្សទាំងពីរ កាលពីពេលកន្លងទៅ។
ជំនួបចរចាគណបក្សទាំងពីរ កាលពីពេលកន្លងទៅ។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

មិន​ទាន់​មាន​ការ​ជួប​ចរចា​ផ្លូវ​ការ និង​ក្រៅ​ផ្លូវ​ការ រវាង​គណបក្ស​ទាំង​ពីរ​សារ​ជា​ថ្មី​ទេ ក្រោយ​ជំនួប​កាល​ពី​ពាក់​កណ្តាល​ខែ​មិថុនា ដែល​មិន​ទទួល​បាន​លទ្ធផល​ធំ​ដុំ​នោះ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​តំណាង​ចរចា​ថ្នាក់​បច្ចេកទេស របស់​គណ​បក្ស​ទាំង​ពីរ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។ លោក ព្រុំ សុខា តំណាង​ក្រុម​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ថា ទ្វារ​ចរចា​របស់​គណបក្ស​កាន់​អំណាច​នៅ​តែ​បន្ត​បើក​ជា​ដរាប។ ប៉ុន្តែ​លោក​សង្កត់​ធ្ងន់​ថា ដៃ​គូ​ចរចា​របស់​ខ្លួន​ គឺ​គណបក្ស​​សង្គ្រោះ​ជាតិ​តែង​តែ​បង្កើត​លក្ខខ័ណ្ឌ​ទាមទារ​ជា​បន្ត​បន្ទាប់។ ដែល​នេះ​លោក ព្រុំ​សុខា រដ្ឋ​លេខាធិការ ក្រសួង​មហាផ្ទៃ បាន​ហៅ​ថា ជា​ការ​ទាមទារ ដើម្បី​រារាំង ដល់​ដំណើរ​ការ​បិទ​បញ្ចប់​វិបត្តិ​នយោបាយ​ រយៈពេល​ជិត​មួយ​ឆ្នាំ​នៅ​កម្ពុជា។ 

ជា​ការ​ឆ្លើយ​តប លោក​គួ​យ​ប៊ុន​រឿន តំណាង​ក្រុម​ចរចា​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា ការទាមទារ ដែល​ជា​ជំហរ​រួម​របស់​គណបក្សប្រឆាំង​នោះ គឺ​ឈរ​លើ​ស្មារតី​ចរចា រវាង​គណបក្ស​ទាំង​ពីរ។ តំណាងរាស្ត្រ​ជាប់ឆ្នោត​មណ្ឌល​កំពង់​ស្ពឺ​រូប​នេះ បាន​គូស​បញ្ជាក់​ត្រឡប់​ទៅ​វិញ​ថា ការ​ទាមទារ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ គឺ​ក្នុង​ស្មារតី​ផល​ប្រយោជន៍​ជាតិ និង​ការពារ​បញ្ហា​កើត​ឡើង នៅ​អាណត្តិ​ក្រោយៗ​ទៀត​នា​ពេល​អណាគត។ លោក គួ​យ ប៊ុន​រឿន លើក​ឡើង​ថា “ត្រូ​វតែ​ជជែក​គ្នា​ឱ្យ​លំអិត​ព្រោះ​ថា ថ្ងៃ​អនាគត​មិន​ដឹង​ថា ពលរដ្ឋ​គាំទ្រ​គណបក្ស​​ណា​មួយ​នោះ​ទេ។

សូម​បញ្ជាក់​ជូន​ថា នា​ពេល​ចុង​ក្រោយ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​តាមរយៈ​លោក កឹម​សុខា​ប្រធាន​ស្តីទី​គណបក្ស បាន​ដាក់​ការ​ទាមទារ ចំនួន​បី​ចំណុច ដើម្បី​ជា​ថ្នូរ​ចូល​សភា ប៉ុន្តែ​មិន​មាន​ការ​ទាមទារ​ឱ្យ​បោះឆ្នោត​ឡើងវិញ​នោះទេ។ ចំណុច​ទាំងបី​នោះ គឺ​តុល្យភាព​ក្នុង​សភា ប្រព័ន្ធ​ផ្សព្វផ្សាយ និង​កំណែទម្រង់​គណៈកម្មាធិកា​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ជ្រើសរើស​ក្បាល​ម៉ាស៊ីន ដោយ​ប្រើ​សំឡេង ២ភាគ​៣។ ដែល​ចំណុច​នេះ គឺ​កំពុង​ជា​គន្លឹះ​គាំង​នៃ​ដំណើរ​ចរចា​រវាង​គណបក្ស​ទាំងពីរ។

សូម​រំលឹក​សារ​ជា​ថ្មី​ថា តំណាង​ក្រុម​ចរចា​នៃ​គណបក្ស​ទាំងពីរ បាន​ជួប​ចរចា​គ្នា​ចុង​ក្រោយ កាល​ពី​ថ្ងៃ​ទី​១២ មិថុនា ដើម្បី​និយាយ​ពី​កិច្ចព្រមព្រៀង នៃ​ការ​ដាក់​បញ្ចូល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ចូល​ទៅ​ជា​ជំពូក​ទី​១៥​នៃ​រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ​ភាគី​ទាំងពីរ បាន​ខ្វែង​គំនិត​គ្នា​ខ្លាំង។

យ៉ាងណាក៏ដោយ លោក ព្រំ សុខា បាន​ស្នើ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ កុំ​ដាក់​លក្ខ​ខ័​ណ្ឌ​ដែល​នាំ​ឱ្យ​រាំងស្ទះ ដល់​ដំណើរការ​នៃ​ការ​ចរចារ ដើម្បី​បិទ​បញ្ចប់​ជម្លោះ។ ប៉ុន្តែ​លោក គួ​យ​ប៊ុន​រឿន វិញ បាន​បញ្ជាក់​ថា ការ​ទាមទារ គឺ​មិនមែន​ប្រយោជន៍​គណបក្ស​នោះ​ទេ ពោល​គឺ​ដើម្បី​ប្រយោជន៍​​ពលរដ្ឋ​ខ្មែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ