អានតួអត្ថបទ
កម្ពុជា

ប្រជា​សហគមន៍ នៅ​តែ​បារម្ភ​អំពី​ផល​ប៉ះពាល់ ពី​ទំនប់​វារី​អគ្គិសនី​សេ​សាន​ក្រោម​២​

ប្រជា​សហគមន៍ រស់​ជុំវិញ​តំបន់​សាងសង់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២ ក្នុង​ខេត្ត​ស្ទឹង​ត្រែង បាន​សម្តែង​ក្តី​កង្វល់ របស់​ខ្លួន ជុំវិញ​ផល​ប៉ះពាល់​ពី​គម្រោង​មួយ​នេះ។ ប្រជាពលរដ្ឋ​ភាគ​ច្រើន បាន​សម្តែង​ការ​មិន​ពេញចិត្ត ចំពោះ​គោលនយោបាយ​សំណង​របស់​រដ្ឋាភិបាល។ ក្តី​​ព្រួយ​បារម្ភ​នេះ​ត្រូវ​បាន ធ្វើ​ឡើង​តាមរយៈ​សន្និសីទ​សារព័ត៌​មាន នៅ​ព្រឹក​មិញ​នេះ នៅ​ឯ​ទីស្នាក់ការ​​អង្គការ NGO Forum ។ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​សម​ស្រប​ ចំពោះ​ពលរដ្ឋ​រងគ្រោះ​ទាំងនោះ។

ទន្លេ​សេសាន​ នៅ​ក្នុង​ទន្លេមេគង្គ
ទន្លេ​សេសាន​ នៅ​ក្នុង​ទន្លេមេគង្គ ©Navin/RFI
ផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ចំនួន​៤ ក្នុង​ខេត្ត​ស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​​​ថា ពួកគាត់​មិន​ពេញចិត្ត​នឹង​សំណង​របស់​ក្រុមហ៊ុន​នោះឡើយ។ លោក ស្រី លី​បិ ប្រជាពលរដ្ឋ​មកពី​ភូមិ​ស្រែ​ពក បាន​លើកឡើងថា ការផ្លាស់ប្តូរ​ទីលំនៅ​អាចធ្វើ​ឲ្យ​លោក​ជួប​ប្រទះ​​បញ្ហា​ជាច្រើន។ បញ្ហា​ទាំងនោះ​រួមមាន ស្ថានភាព​ដី​ធ្វើ​កសិកម្ម​មិន​អំណោយផល ពីព្រោះ​ដី​ថ្មី​ដែល​រដ្ឋ​ផ្តល់​ឲ្យ​មាន​ទំហំ​តូ​ច ​​និង​មិនសូវមាន​ជីជាតិ​​​សម្រាប់​ការ​បង្កបង្កើនផល។

លោក​បាន​បន្ថែមថា ប្រជាពលរដ្ឋ​ភាគច្រើន​នៅ​ជុំវិញ​តំបន់​សេសា​ន​ក្រោម២ រស់នៅ​ដោយ​អាស្រ័យ​ទៅលើ​ការចិញ្ចឹម​សត្វ ដំណាំ​ដាំ​ដុះ និង​អនុផល​ព្រៃឈើ ដូចជា​ការរក​ជ័រ វ​ល្លិ៍ និង​ផ្តៅ​ជាដើម។ ប៉ុន្តែ ការបិទ​អាងទឹក​ទាំងមូល​ គឺជា​ហេតុ​ធ្វើ​ប្រជាពលរដ្ឋ​ជួប​ឧបសគ្គ​ក្នុងការ​ប្រកប​របរ​រ​ក​ស៊ី​​ប្រចាំថ្ងៃ។ ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម២​ មាន​១២គ្រួសារ​ នៅក្នុង​ភូមិ​ភ្លុក ស្រុក​ភ្លុក ក្នុង​ខេត្តស្ទឹងត្រែង។ ពួកគេ​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីតាំង​ថ្មី​​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៧៨ថ្មី ក្បែរ​ភូមិ​ជ្រប។

លោក ម៉ៅ ប៉ម មន្ត្រី​ធនធានទឹក​នៃ​សមាគម​ថែរក្សា​បរិស្ថាន និង​វប្បធម៌ បាន​និយាយថា សំណង​​ដែល​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើឡើង​ក្នុង​រយៈពេល​ដ៏​ខ្លី ខណៈពេលដែល​ពួកគេ​មិនទាន់​យល់ច្បាស់​​អំពី​គោលនយោបាយ​នៃ​សំណង​ដែល​សមស្រប​ទៅ​នឹង​​តម្លៃ​ទីផ្សារ​នៅឡើយ។

សូមបញ្ជាក់ថា ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម២ គឺជា​គម្រោង​អភិវឌ្ឍ​ន៍​ធំជាងគេ​ដំបូង​នៅ​កម្ពុជា ដែល​អាច​ផលិត​ថាមពលអគ្គិសនី​បាន​ចំនួន ៤០០ មេ​ហ្គា​វ៉ា​ត់។ បច្ចុប្បន្ន ទំនប់​នេះ​កំពុង​ស្ថិត​​ក្នុងការ​សាងសង់។ លោក តឹក សុវណ្ណារ៉ា នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​អង្គការ​មិនមែន​​រដ្ឋាភិបាល​​ស្តីពី​កម្ពុជា​បាន​អះអាងថា ការសាងសង់​ទំ​បន់​វា​រី​អគ្គិសនី​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​​ដល់​ធនធាន​ធម្មជាតិ អនុផល​ព្រៃឈើ បាត់បង់​ត្រី ប៉ះពាល់​ដល់​គុណភាព​ទឹក រមណី​ដ្ឋា​ន និង​​សុខភាព​ជាដើម។

លោក​ស្នើ​ឲ្យ​មានការ​ផ្សព្វផ្សាយ​ពី​គម្រោង​ទំនប់​វា​រី​អគ្គិសនី​នេះ​ឲ្យ​បាន​ទូលំទូលាយ បើក​ឲ្យ​មាន​ឱកាស​​ពិគ្រោះ​យោបល់​គ្នា​ អំពី​សំណង​រវាង​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​​ផ្តល់​​ជម្រើស​មុខរបរ​ថ្មី​ឲ្យ​ប្រជាពលរដ្ឋ ដែល​អាច​ទទួលយកបាន។ ថ្លែង​ក្នុង​រដ្ឋសភា កាលពី​សប្តាហ៍​​កន្លងទៅ លោក​ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ ទទួល​ស្គាល់​ថា​ពិត​ជាមាន​ផលប៉ះពាល់​មែន ប៉ុន្តែ ផលប៉ះពាល់​មាន​តិចជាង​ផលប្រយោជន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ