អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

ឥណ្ឌា​និង​ជប៉ុន​ចៀស​មិន​រួច​ពី​ឱប​រឹត​គ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​ហ្សង់-ហ្វ្រង់ស័រ​ តាន់ សូម​បន្ត​ពិនិត្យ​មើល​ទៅ​លើ​ស្ថានភាព​ភូមិសាស្រ្ត​នយោបាយ​របស់​ប្រទេស​ឥណ្ឌា​ត​ទៅ​ទៀត ដោយ​សូម​​និយាយ​បក​ស្រាយ​ពី​ទំនាក់​ទំនង​រវាង​ឥណ្ឌា​និង​ជប៉ុន។

កុមារ​កាន់​ទង់ជាតិ​ជប៉ុន និង​ឥណ្ឌា
កុមារ​កាន់​ទង់ជាតិ​ជប៉ុន និង​ឥណ្ឌា រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​បាន​ចង​ទំនាក់​ទំនង​ទូត​នឹង​គ្នា​នៅ​ឆ្នាំ​១៩៥២​មក ឥណ្ឌា​និង​ជប៉ុន​រក្សា​បាន​ល្អ​ណាស់​មិត្តភាព​រវាង​គ្នា។ ប៉ុន្តែ​ទន្ទឹម​នេះ ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​អាស៊ី​ទាំង​ពីរ បែរ​ជា​មិន​មាន​សន្ទុះ​ខ្លាំង​ក្លា​ទៅ​វិញ បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​ផ្តោះប្តូរ​រវាង​ចិន​និង​ជប៉ុន។ ដូច​នេះ គេ​អាច​និយាយ​បាន​ថា​ខុស​ផ្ទុយ​ពី​ចិន​និង​ជប៉ុន​ដែល​មាន​ទំនាក់​ទំនង​ល្អ​នៅ​លើ​វិស័យ​សេដ្ឋកិច្ច​តែ​ល្អក់​កករ​ខ្លាំង​នៅ​លើ​វិស័យ​នយោបាយ ឥណ្ឌា​និង​ជប៉ុន​ត្រូវ​រ៉ូវ​គ្នា​ខ្លាំង​នៅ​លើ​វិស័យ​នយោបាយ តែ​នៅ​មាន​តិច​តួច​ស្តួច​ស្តើង​ណាស់​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​គ្នា។

 
ទំនាក់​ទំនង​កក់​ក្តៅ​ល្អ​រវាង​ឥណ្ឌា​និង​ជប៉ុន​មិន​មែន​ជា​ការ​មួយ​ចៃដន្យ​ឡើយ។ ប្រទេស​អាស៊ី​ទាំង​ពីរ​មាន​ប្រយោជន៍​រួម​គ្នា ទាំង​នៅ​លើ​ឆាក​អន្តរជាតិ ទាំង​ទៅ​នៅ​លើ​ឆាក​
តំបន់។

នៅ​លើ​ឆាក​អន្តរជាតិ ឥណ្ឌា​និង​ជប៉ុន​ទាមទារ​ដូច​គ្នា​ឱ្យ​កែ​ទម្រង់​អង្គការ​សហ​ប្រជា
ជាតិ។ ប្រទេស​អាស៊ី​ទាំង​ពីរ​ចង់​ក្លាយ​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ ចង់​ឱ្យ​អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​ពួក​គេ​ថា​ជា​មហា​អំណាច ស្មើ​គ្នា​នឹង​អាមេរិក ចិន រុស្ស៊ី បារាំង​និង​អង់គ្លេស។ តែ​ចិន​មិន​ព្រម ពីព្រោះ​ចិន​ដែល​មាន​សិទ្ធ​វេតូ​(Véto) ចង់​រក្សា​តួនាទី​របស់​ខ្លួន​ជា​មហា​អំណាច​អាស៊ី​តែ​ឯក​ឯង។

នៅ​លើ​ឆាក​តំបន់​អាស៊ី​វិញ ឥណ្ឌា​ក៏​ដូច​ជប៉ុន​ដែរ ជា​គូ​ប្រជែង​របស់​ចិន។ អ៊ីចឹង​ហើយបាន​ជា​ជប៉ុន​បាន​ខិតខំ​អូស​ទាញ​ឥណ្ឌា​រហូត​ដល់​បាន​សម្រេច ឱ្យ​ចូល​មក​ក្នុង​វេទិកា​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន និង​ចូល​មក​ក្នុង​ជំនួប​កំពូល​អាស៊ី​បូព៌ា​តាំង​ពី​ឆ្នាំ​២០០៥​មក​ម្ល៉េះ។ គោល​ដៅ គឺ​ខ្ទប់​កុំ​ឱ្យ​ចិន​មាន​ទម្ងន់​និង​ឥទ្ធិពល​ខ្លាំង​ពេក​នៅ​ក្នុង​អង្គ​ប្រជុំ​ទាំង​នេះ។

ដោយ​ឡែក នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ទំនាក់​ទំនង​ទ្វេភាគី​វិញ ឥណ្ឌា​និង​ជប៉ុន​ខ្វល់​ខ្វាយ​ដូច​គ្នា​អំពី​សន្តិសុខ​នៅ​អាស៊ី។ ទីក្រុង​ញូវដែលី​និង​ទីក្រុង​តូក្យូ​បារម្ភ បារម្ភ​ខ្លាច​កូរ៉េ​ខាង​ជើង​ដែល​ជា​សម្ពន្ធមិត្ត​របស់​ចិន​មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​ទី​បំផុត។

ទន្ទឹម​នេះ ជប៉ុន​ត្រូវ​ការ​ឥណ្ឌា ដ្បិត​នាវា​ដឹក​ប្រេង​កាត​របស់​ជប៉ុន​ធ្វើ​ដំណើរ​ឆ្លង​កាត់​មហា​សមុទ្រ​ឥណ្ឌា នៅ​ត្រង់​ឈូង​សមុទ្រ​បាំងហ្កាល់(Bengale) មុន​នឹង​ត្រូវ​ឆ្លង​កាត់​ដៃ​
សមុទ្រ​ម៉ាឡាក្កា​(Malacca)។ ម្ល៉ោះ​ហើយ ទីក្រុង​តូក្យូ​ត្រូវ​ការ​វត្តមាន​នៃ​នាវា​ចម្បាំង​ឥណ្ឌា​នៅ​ទី​នោះ ដើម្បី​បង្ការ​សកម្មភាព​ពួក​ចោរ​សមុទ្រ និង​បញ្ចៀស​ការ​គំរាម​កំហែង​
ជាយថាហេតុ​ដទៃ​ផ្សេង​ទៀត។ ជាក់​ស្តែង នៅ​ឆ្នាំ​១៩៩៩ កង​ទ័ព​ជើង​ទឹក​ឥណ្ឌា​បាន​ជួយ​ស្រោច​ស្រង់​នាវា​ជប៉ុន​មួយ​គ្រឿង​ដែល​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​ពួក​ចោរ​សមុទ្រ នៅ​ម្តុំ​ដៃ​សមុទ្រ​ម៉ាឡាក្កា។

នៅ​ក្នុង​ក្របខណ្ឌ​នៃ​ការ​រក្សា​សុវត្ថិភាព​ផ្លូវ​ទឹក​ដូច​គ្នា​អ៊ីចឹង​ដែរ កងទ័ព​នៃ​ប្រទេស​អាស៊ី​ទាំង​ពីរ​ថែម​ទាំង​បាន​ធ្វើ​សមយុទ្ធ​រួម​គ្នា​យ៉ាង​ទៀង​ទាត់ ចាប់​ពី​ឆ្នាំ​២០០៧​មក។

ឥណ្ឌា​វិញ ជា​ពិសេស​នៅ​ចន្លោះ​ឆ្នាំ​២០០៥​និង​២០០៨ ត្រូវ​ការ​ជប៉ុន​ខ្លាំង។ កាល​ណោះ ឥណ្ឌា​ដែល​កំពុង​ចរចា​ជាមួយ​អាមេរិក​ដើម្បី​សម្រេច​កិច្ច​ព្រមព្រៀង​ស្តី​ពី​សហប្រតិបត្តិការ​នុយ​ក្លេអ៊ែរ​ស៊ីវិល បាន​ពឹងពាក់​ជប៉ុន​ដែល​ជា​មិត្ត​របស់​អាមេរិក​ឱ្យ​ជួយ​ធ្វើ​
អន្តរាគមន៍។ នៅ​ទី​បំផុត កិច្ច​ព្រមព្រៀង​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​២០០៨ និង​បាន​បើក​លទ្ធភាព​ឱ្យ​ឥណ្ឌា​ប្រើ​ប្រាស់​បច្ចេកវិជ្ជា​និង​បរិក្ខារ​នុយក្លេអ៊ែរ​របស់​អាមេរិក សម្រាប់​វិស័យ​នុយក្លេអ៊ែរ​ស៊ីវិល។

*

ក្រៅ​ពី​មាន​ប្រយោជន៍​រួម​គ្នា​នៅ​លើ​ឆាក​អន្តរជាតិ​និង​នៅ​លើ​ឆាក​តំបន់ ឥណ្ឌា​និង​ជប៉ុន​ក៏​មាន​មហិច្ឆតា​ដូច​គ្នា​ដែរ នោះ​គឺ​ចង់​ក្លាយ​ជា​មហា​អំណាច​តំបន់។ ឥណ្ឌា​ចង់​ក្លាយ​ជា​មហា​អំណាច​តំបន់ ដ្បិត​អាង​ថា​ខ្លួន​មាន​សក្តានុពល​សេដ្ឋកិច្ច​ក្លៀវ​ក្លា មធ្យោបាយ​យោធា​ខ្លាំង​ក្លា និង​ជា​ប្រទេស​ប្រជាធិបតេយ្យ​ធំ​ជាង​គេ​នៅ​ក្នុង​លោក។ ជប៉ុន​វិញ​ដែល​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​បី​នៅ​ក្នុង​លោក ចង់​បង្កើន​តួនាទី​នយោបាយ​និង​ទូត​របស់​ខ្លួន​នៅ​ក្នុង​តំបន់​និង​នៅ​លើ​ឆាក​អន្តរជាតិ។

មិន​តែ​ប៉ុណ្ណោះ ឥណ្ឌា​និង​ជប៉ុន​មាន​ដូច​គ្នា​សត្រូវ​សក្តានុពល​រួម​មួយ នោះ​គឺ​ចិន។
ដូច​បាន​លើក​ឡើង​រួច​ហើយ​ថា ឥណ្ឌា​មិន​ទុក​ចិត្ត​ចិន​ទេ ដ្បិត​ថ្នាក់​ដឹក​នាំ​ចិន​រមែង​តែ
​សម្តែង​ឱ្យ​ឃើញ​នូវ​មហិច្ឆតា​របស់​ខ្លួនមក​លើ​អាស៊ី​ខាង​ត្បូង។ ថ្នាក់ដឹកនាំនៅទីក្រុង
ញូវដែលី​មិន​ទុក​ចិត្ត​ចិន​ទេ ដ្បិត​ចិនធ្លាប់​បាន​ធ្វើ​សង្គ្រាម​ឈ្លាន​ពាន​មក​លើប្រទេសឥណ្ឌា​នៅ​ឆ្នាំ​១៩៦២ និង​ធ្លាប់​ជា​សម្ពន្ធមិត្ត​របស់​ប៉ាគីស្ថាន។

ជប៉ុន​វិញ ក៏​មិន​ទុក​ចិត្ត​ចិន​ដែរ។ ពីព្រោះ​ចិន​ជា​របប​កុម្មុយនិស្ត​ផ្តាច់​ការ  ពីព្រោះ​ចិន​ជា​សម្ពន្ធ​មិត្ត​របស់​កូរ៉េ​ខាង​ជើង និង​ពី​ព្រោះ​ចិន​ទាម​ទារ​ចង់​បាន​ទី​ប្រជុំ​កោះ​សេនកាគុ(Senkaku) មក​វិញ។ Senkaku ដែល​ជា​ភាសា​ចិន​មាន​ឈ្មោះ​ថា Diaoyu បាន​ធ្លាក់​ទៅ​នៅ​ក្រោម​ការ​កាន់​កាប់​របស់​ជប៉ុន​តាំង​ពី​ឆ្នាំ​១៨៩៥​មក​ម្ល៉េះ។

ម្ល៉ោះ​ហើយ ក្នុង​នាម​ជា​គូ​ប្រជែង​ដូច​គ្នា​របស់​ចិន ឥណ្ឌានិងជប៉ុន​យល់​ឃើញ​ដូច​គ្នា​ថា បើ​មិន​រួប​រួម​គ្នា​ទេ ពួក​គេ​នឹង​ច្បាស់​ជា​ត្រូវ​ចិន​កុម្មុយនិស្ត​គាប​សង្កត់ ឬ​គំរាម​កំហែង​ផង​ក៏​មិន​ដឹង។

នៅ​ក្នុង​ន័យ​នេះ ជប៉ុន​ទេ​តើ​ដែល​បាន​បោះ​ដៃ​ទៅ​រក​ឥណ្ឌា​មុន។ គឺ​លោក​Shinzo ABE បច្ចុប្បន្ន​នាយក​រដ្ឋមន្ត្រី​ជប៉ុន​តែ​ម្តង ដែល​តាម​រយៈ​សៀវភៅ​មួយ​ក្បាល​របស់​លោក​ចេញ​ផ្សាយ​ក្នុង​ឆ្នាំ​២០០៥ បាន​អំពាវនាវ​មុន​គេ​ឱ្យ​ឥណ្ឌា​និង​ជប៉ុន​ខិត​ចូល​ជិត​គ្នា។

ចំពោះ​លោក​Shinzo ABE  ឥណ្ឌា​និង​ជប៉ុន ក្នុង​នាម​ជា​ប្រទេស​ប្រជាធិបតេយ្យ​គំរូ​នៅ​អាស៊ី ត្រូវ​តែ​រួបរួម​គ្នា​ដើរ​តួនាទី​ជា​សារវន្ត ដើម្បី​រៀប​ចំ​ឱ្យ​មាន​សណ្តាប់​ធ្នាប់​ថ្មី​មួយ​នៅ​អាស៊ី ដែល​យក​សន្តិសុខ ច្បាប់ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​ធំ។

ហេតុ​ដូច្នេះ​ហើយ បាន​ជា​នៅ​ក្នុង​ឆ្នាំ​២០០៧ ឥណ្ឌា​និង​ជប៉ុន​បាន​ចុះ​ហត្ថលេខា​លើ​កតិកា​សញ្ញា​យុទ្ធសាស្រ្ត​មួយ។ គឺ​ជា​កិច្ច​ព្រមព្រៀង​មួយ​យ៉ាង​សំខាន់​ស្តី​ពី​សហប្រតិបត្តិការ​នៅ​លើ​វិស័យ​ការពារ​សន្តិសុខ​រវាង​ទីក្រុង​ញូវដែលី​និង​ទីក្រុងតូក្យូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ