អានតួអត្ថបទ
កម្ពុជា

អង្គការ​​ភ្លែ​ន​៖ មាន​​បង្គន់​​អនាម័យ និង​​ទឹក​ស្អាត​​គ្រប់​គ្រាន់ ទើប​​អាច​​លើក​កម្ពស់​​អនាម័យ​​ជនបទ​

ដើម្បី​ចូលរួម នៅក្នុង​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ​លើក​ទី៥ឆ្នាំ ២០១៤ ដែល​នឹងធ្វើ​នៅ​ថ្ងៃទី ១៣វិច្ឆិកា​ស្អែក, នៅ​ថ្ងៃទី ១២វិច្ឆិកា​នេះ អង្គការ​ភ្លែ​ន រួមជាមួយ​ក្រសួង​អភិវឌ្ឍ​ជនបទ និង​ដៃគូ​ពាក់ព័ន្ធ បានរៀបចំ​សន្និសីទកាសែត​មួយ លើកឡើងថា បញ្ហា​បង្គន់​អនាម័យ និង​ទឹកស្អាត គឺជា​កត្តា​ចម្បង ដែល​អាច​លើកកម្ពស់​អនាម័យ​ជនបទ។ សន្និសីទ ដែល​បាន​ធ្វើឡើង នៅ​សណ្ឋាគារ​ភ្នំពេញ។  

សន្និសីទអង្គការភ្លែន នៅព្រឹកថ្ងៃទី ១២វិច្ឆិកា ឆ្នាំ ២០១៤។
សន្និសីទអង្គការភ្លែន នៅព្រឹកថ្ងៃទី ១២វិច្ឆិកា ឆ្នាំ ២០១៤។ RFI/Suong Sokpheary
ផ្សាយពាណិជ្ជកម្ម

ប្រធានបទ ដើម្បី​ចូលរួម នៅក្នុង​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ​លើក​ទី៥ ឆ្នាំ ២០១៤​នេះ គឺ«វិនិយោគ​លើ​អនាម័យ ដើម្បី​កូនចៅ​ជំនាន់​ក្រោយ​យើង»។ ជា​ប្រធានបទ ដែល​សំដៅលើ​ការប្រើប្រាស់​បង្គន់​អនាម័យ និង​ទឹកស្អាត ដើម្បី​អាចធ្វើ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ និង​ប្រជាជន​ទូទៅ នៅ​ទីជនបទ មាន​សុខ​ភាពល្អ និង​គ្មាន​ជំងឺ​ព្យាបាទ។ 

តាម​លោក គី សុផល អនុប្រធាននាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ ដែល​បានធ្វើ​បទ​បង្ហាញ នៅក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​បង្ហាញថា កម្ពុជា​ជា​ប្រទេស ដែល​អត្រា​អនាម័យ​ជនបទ មាន​កម្រិត​ទាប​ជាងគេ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ មាន​ប្រជាណ ៨លាន​នាក់ បាន​បន្ទោ​របង់​ពាសវាល​ពាសកាល ហើយ​មាន​លាមក​ចំនួន​ជាង ៣០០លាន​តោន ក្នុង​មួយ​ថ្ងៃ​ៗ ត្រូវបាន​ទុកចោល​ក្នុង​ទី​វាល។ យោងតាម​ធនាគារពិភពលោក ដោយសារ​បញ្ហា​កង្វះ​អនាម័យ​នេះ បាន​ធ្វើ​ឲ្យ​កម្ពុជា ខាតបង់​ប្រាក់​ប្រមាណ ៤៤៨​លាន​ដុល្លារ ក្នុង​មួយឆ្នាំ។

តាម​ការ​បទ​បង្ហាញ​របស់​លោក គី សុផល ដដែល ផល​ប៉ះពាល់​នៃ​កង្វះ​អនាម័យ និង​ទឹកស្អាត នៅ​កម្ពុជា បាន​បណ្តាល​ឲ្យ​កុមារ​ក្រិន និង​ប៉ះពាល់ ដល់​ការវិវឌ្ឍ​ខួរ​ក្បាល របស់​កុមារ​តូច​ៗ មាន ៤០​ភាគរយ។ កុមារ​អាយុ​ក្រោម ៥ឆ្នាំ ចំនួន ២៣០០នាក់ បាន​ស្លាប់​ដោយសារ​ជំងឺរាក ហើយ ៩១០០នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត។ ប្រជាជន​កម្ពុជា ចំនួន ៩លាន៧សែន​នាក់ មាន​ជំងឺរាក និង​រលាក​ផ្លូវដង្ហើម ក្នុងមួយឆ្នាំៗ ដោយសារតែ​កង្វះ​អនាម័យ។

ក្នុងនោះ​ផងដែរ នាយករដ្ឋមន្ត្រី​កម្ពុជា លោក​ហ៊ុន សែន ក៏​បានចេញ​សារលិខិត អបអរ​នៅក្នុង​ឱកាស​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ​លើក​ទី៥នេះដែរ ដោយ​បេ្តជ្ញា​ថា នៅ​ឆ្នាំ២០២៥ រដ្ឋាភិបាល នឹង​ផ្តល់​ឲ្យ​ប្រជាជន​គ្រប់រូប នៅ​សហគមន៍​ជនបទ ត្រូវមាន​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​គ្រប់គ្រាន់ ព្រមទាំង​រស់នៅក្នុង​បរិស្ថាន ដែលមាន​អនាម័យ​ប្រកបដោយ​និរន្ត​ភាព។

តាម​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​អនាម័យ​ឈានឡើង ដល់ ១០០ភាគរយ នៅ​ឆ្នាំ ២០២៥ ក្រសួង​អភិវឌ្ឍ​ជនបទ អង្គការ​ពាក់ព័ន្ធ និង​រដ្ឋាភិបាល បានកំណត់​យក​គោលការណ៍ ៥ចំណុច ដែល​រួមមាន កៀរគរ​វិស័យ​ឯកជន និង​សប្បុរសជន ឲ្យ​បន្ត​លើកស្ទួយ​ការផ្គត់ផ្គង់​ទឹកស្អាត​នៅ​ជនបទ និង​អប់រំ​ប្រជាជន។ អប់រំ​តាម​សាលារៀន អំពី​ការលើកកម្ពស់​សុខា​មាល​ភាព​កុមារ។ អប់រំ​តាម​សាសនា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ពី​អនាម័យ ការប្រើប្រាស់​បង្គន់​អនាម័យ និង​ទឹកស្អាត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ