អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ដើម្បី​ជំរុញ​ការ​អាន​សៀវភៅ គេ​ត្រូវ​ការ​ការ​ចូល​រួម​ពី​គ្រប់​គ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន ចូល​ចិត្ត​ស្ដាប់​វិទ្យុ ឬ​មើល​ទូរទស្សន៍ ជា​ជាងអាន​សៀវភៅ​។ និន្នាការ​មិន​ចូល​ចិត្ត​អាន​សៀវភៅ​នៅ​កម្ពុជា បាន​ជះ​ឥទ្ធិពល​ដល់​ការ​អភិវឌ្ឍ​នៃ​ប្រទេស​នេះ​ផង​ដែរ​។វា​នៅ​មិន​ទាន់​យឺត​ពេល​នៅ​ឡើយ​ទេ ដើម្បី​បង្កើត​វប្បធម៌​អាន​សៀវភៅ​នៅ​កម្ពុជា​។ ប៉ុន្តែ ដើម្បី​សម្រេច​ការងារ​នេះ គេ​ត្រូវ​ការ​ការ​ចូល​រួម​ពី​គ្រប់ៗ​គ្នា។

សិស្សអានសៀវភៅ នៅ​ក្នុង​បណ្ណាល័យឌៀរ។
សិស្សអានសៀវភៅ នៅ​ក្នុង​បណ្ណាល័យឌៀរ។ RFI/ញឹម សុផល
ផ្សាយពាណិជ្ជកម្ម

ការ​អាន​គឺ​ជា​សកម្មភាព​ស្វែង​យល់​ពី​សារ​សំខាន់​ណា​មួយ ដែល​អ្នក​និពន្ធ​បង្កប់​នៅ​ក្នុង​សៀវភៅ ឬ​នៅ​ក្នុង​សំណេរ​។ ការ​អាន​​ធ្វើឲ្យ​មនុស្ស​ស្គាល់​ពី​ខ្លួន​ឯង ស្គាល់​ពី​អ្នក​ដទៃ ស្គាល់​ពី​អតីត និង​អនាគត​។ នៅ​ក្នុង​ការ​សិក្សា​និង​ការ​អប់រំ ការ​អាន​គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ពង្រីក​ចំណេះ​ដឹង​ផ្សេង​ៗ។ ការ​អាន ធ្វើ​ឲ្យ​ការ​គិត​រីក​ចម្រើន​។ វា​មាន​ឥទ្ធិពល​ទៅ​លើ​ផ្នត់​គំនិត​របស់​មនុស្ស និង​អាច​កែ​ប្រែ​មនុស្ស​បាន​ថែម​ទៀត​ផង​។

ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ប្រទេស​ជឿន​លឿន ដូច​ជា​ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក​ជា​ដើម ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា និយម​ចូល​ចិត្តអាន​សៀវភៅ​ខ្លាំង​ណាស់​។ ការ​អាន គឺ​ជា​ការ​កម្សាន្ត គឺជា​ទម្លាប់​ប្រចាំ​ថ្ងៃ​ ​ដែល​មិន​អាច​ខ្វះ​បាន​។ រាល់​ពេល​ទំនេរ​ពី​កិច្ច​ការងារ​ប្រចាំ​ថ្ងៃ ពួក​គេ​តែង​តែ​ចាប់​យក​សៀវភៅ​មក​អាន នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់ មិន​ថា​នៅ​តាម​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ ឬ​នៅ​ក្នុង​បន្ទប់​ទឹក​នោះ​ទេ។

ផ្ទុយ​ពី​បណ្ដា​ប្រទេស​ជឿន​លឿន​ទាំង​នោះ នៅ​ប្រទេស​កម្ពុជា ប្រជាពលរដ្ឋ​​មិន​សូវ​ចូល​ចិត្ត​អាន​សៀវភៅ​ឡើយ​។ ហេតុអ្វី​បាន​ជា​ដូច្នេះ?

មូលហេតុ​សំខាន់​ទី​១​គឺ​ទម្លាប់​។ ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន ចូល​ចិត្ត​ស្ដាប់​វិទ្យុ ឬ​មើល​ទូរទស្សន៍ ជា​ជាងអាន​សៀវភៅ​។ នៅ​ក្នុង​គ្រួសារ​ខ្លះ កូន​តូច​ៗ​ធំ​ធាត់​ឡើងដោយ​មិន​ធ្លាប់​ឃើញ​ឪពុក​ម្ដាយ​របស់​ខ្លួន ​អាន​សៀវភៅ​ទាល់​តែ​សោះ​តែ​ម្ដង​។ ​នៅ​ក្នុង​បរិបទ​សង្គម​បែប​នេះ ​ទម្លាប់​អាន​សៀវភៅ​ពិបាក​នឹង​កើត​ឡើង​ណាស់​។

មូលហេតុ​ទី​២​គឺ​កង្វះ​សៀវភៅ​អាន​ជា​ខេមរភាសា​​។ សៀវភៅ​ជា​ភាសា​ជាតិ នៅ​កម្ពុជា មាន​បរិមាណ​តិច​​នៅ​ឡើយ​ ហើយ​ថែម​ទាំង​មិន​បាន​គ្រប​ដណ្ដប់​លើ​គ្រប់​វិស័យ​នោះ​ទេ​។ គ្រាន់​តែ​បរិមាណ​តិច​ទៅ​ហើយ គេ​មិន​ចាំ​បាច់​និយាយ​ដល់​សៀវភៅ​ដែល​មាន​គុណភាព​នោះ​ទេ ព្រោះ​វា​កាន់​តែ​តិច​តួច​ទៅ​ទៀត​។ កង្វះ​សៀវភៅ​អាន​ជា​ខេមរភាសា​ដូច្នេះ បាន​កម្រិត​លទ្ធភាព​នៃ​ការអាន​របស់​ពលរដ្ឋ​ខ្មែរ​ ដែល​មិន​ចេះ​ភាសា​បរទេស​។ 

និន្នាការ​មិន​ចូល​ចិត្ត​អាន​សៀវភៅ​នៅ​កម្ពុជា បាន​ជះ​ឥទ្ធិពល​ដល់​ការ​អភិវឌ្ឍ​នៃ​ប្រទេស​នេះ​ផង​ដែរ​។ គ្មាន​​ការ​រីក​ចម្រើន​នៃ​ផ្នត់​គំនិត នៅ​ក្នុង​ប្រទេស​មួយ ដែល​ប្រជាជន​មិន​ចូល​ចិត្ត​អាន​សៀវភៅ ដើម្បី​ក្រេប​យក​ចំណេះដឹង​មក​អភិវឌ្ឍ​ខ្លួន​បន្ថែមនោះ​ឡើយ​។ ហើយ​ប្រសិន​បើ​ពលរដ្ឋ​នៃ​ប្រទេស​មួយ​គ្មាន​ការ​រីក​ចម្រើន​ខាង​ធនធាន​បញ្ញា​ទេ​ សួរ​ថា​តើ​ប្រទេស​នោះ អាច​រីក​ចម្រើន​ជឿន​លឿន​ទៅ​មុខ​បាន​យ៉ាង​ម៉េច​?

គេ​ត្រូវ​ទទួល​ស្គាល់​ថា ការ​អានគឺ​ជា​កត្តា​រួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​ប្រទេស​។ ម្ល៉ោះ​ហើយ ការ​អាន​គួរ​​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​នៅ​ក្នុង​សង្គម​កម្ពុជា ដែល​មាន​ការ​អភិវឌ្ឍ​យឺត​យ៉ាវ។ ដើម្បី​ជំរុញ​ការ​អាន​នៅ​កម្ពុជា ដំបូង​បង្អស់ គេ​ត្រូវ​រួម​គ្នា​បង្កើត​ទម្លាប់​អាន​សៀវភៅ​។ កុំ​ឲ្យ​តែ​មាន​ចិត្ត​រួញ​រា ការបង្កើត​ទម្លាប់​អាន​សៀវភៅ​ឲ្យ​​សម្រេច​បាន គឺ​គ្មាន​អ្វី​​​ពិបាក​នោះ​ទេ​។ ជា​ជាង​ចំណាយ​ប្រាក់​នាំ​កូន​តូច​ទៅ​មណ្ឌល​កម្សាន្ត​កុមារ ឪពុក​ម្ដាយ​គួរ​តែ​នាំ​កូន​ៗ​ទៅ​បណ្ណាគារ​ទិញ​សៀវភៅ ឬ​ទៅ​បណ្ណាល័យ​។ សកម្មភាព​អស់​ទាំង​នេះ នឹង​ផ្ដល់​ឱកាស​ឲ្យ​កូន​តូច បាន​កម្សាន្ត​នឹង​សៀវភៅ​ប្លែក​ៗ។ សៀវភៅ​ប្លែក​ៗ ដែល​នឹង​​ផ្ដល់​ចំណេះ​ដឹងឥត​ព្រំ​ដែន​​ដល់​កុមារ​ ហើយ​ជា​ពិសេស វា​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​​ទម្លាប់​អាន​សៀវភៅ​​​តាំង​ពី​តូច​​​តែ​ម្ដង​។

ជាមួយ​គ្នា​នេះ អ្នក​និពន្ធ​និង​អ្នក​ចង​ក្រង​សៀវភៅ​ទាំង​ឡាយ គួរ​សម្រិត​សម្រាំង​គុណភាព​ស្នាដៃ​របស់ខ្លួន ឲ្យ​កាន់​តែ​ប្រសើរ​ជាង​នេះ​ទៅ​ទៀត ទាំង​រចនាបទ អត្ថន័យ និង​អត្ថរស​។ នៅ​ក្នុង​សង្គម​មួយ​ដែល​ពលរដ្ឋ​មិន​ចូល​ចិត្ត​អាន​សៀវភៅ ការ​និពន្ធ​សៀវភៅ​ដែល​មាន​កម្រាស់​ក្រាស់​ពេក និង​សាំញ៉ាំ​ពេក ពិបាក​ធ្វើ​ឲ្យ​អ្នក​អាន​ចាប់​ចិត្ត​ណាស់​។ ម្ល៉ោះ​ហើយ អ្នក​និពន្ធ​​មួយ​ចំនួន ប្រហែល​ជា​ត្រូវ​កែ​សម្រួល​ការ​សរសេរ​របស់​ខ្លួន​ឡើង​វិញ ប្រសិន​បើ​គេ​មាន​បំណង​រួម​ចំណែក​ជំរុញ​ការ​អាន​នៅ​កម្ពុជាមែន​នោះ។

សរុបសេចក្ដី​មក​វិញ វា​នៅ​មិន​ទាន់​យឺត​ពេល​នៅ​ឡើយ​ទេ ដើម្បី​បង្កើត​វប្បធម៌​អាន​សៀវភៅ​នៅ​កម្ពុជា​។ ប៉ុន្តែ ដើម្បី​សម្រេច​ការងារ​នេះ គេ​ត្រូវ​ការ​ការ​ចូល​រួម​ពី​គ្រប់ៗ​គ្នា ទាំង​អ្នក​អាន ទាំង​អ្នក​ដែល​ចង់​អាន​តែ​មិន​ចូល​ចិត្ត​អាន និង​អ្នក​និពន្ធ​ផ្ទាល់​។ ជា​ថ្មី​ម្ដង​ទៀត ដើម្បី​ជំរុញ​ការ​​អាន​សៀវភៅនៅ​កម្ពុជា គឺ​គ្មាន​អ្វី​​​ពិបាក​នោះ​ទេ​ កុំ​ឲ្យ​តែ​មាន​ចិត្ត​រួញ​រា​ទៅ​បាន​ហើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ