អានតួអត្ថបទ
កម្ពុជា

គោលដៅ​ទេសចរណ៍​ធំៗ​ទាំង៣​ ត្រៀម​រួច​ហើយ​ ដើម្បី​ស្វាគមន៍​អ្នកទេសចរ​ ក្នុង​ឱកាស​បុណ្យ​អុំទូក​

ខេត្ត​ព្រះសីហនុ ទីក្រុង​ភ្នំពេញ ជាពិសេស​គឺ ខេត្តសៀមរាប ដែលជា​គោលដៅ​ទេសចរណ៍​សំខាន់​នៅ​កម្ពុជា បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ ដើម្បី អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី ២៤ ខែវិច្ឆិកា​ស្អែក​នេះ។ ជា​ថ្ងៃ​ឈប់សំរាក​ដ៏​ធំ​មួយ​ប្រចាំឆ្នាំ ដែល​អនុញ្ញាតិ​អោយ​ប្រជាជន​នៅ​កម្ពុជា​ឈប់សំរាក​បាន៣ថ្ងៃ។

ការប្រណាំងទូក នាស្ទឹងសៀមរាប កាលពីឆ្នាំ2014
ការប្រណាំងទូក នាស្ទឹងសៀមរាប កាលពីឆ្នាំ2014 Pheary-RFI
ផ្សាយពាណិជ្ជកម្ម

ការប្រណាំង​ទូក​ បណ្តែតប្រទីប សំពះព្រះខែ នឹងត្រូវ​ធ្វើឡើង​រយៈពេល២ថ្ងៃ គឺ​ថ្ងៃទី ២៤ និង ២៥ នៅ​ខេត្តសៀមរាប ។ ក្រៅពីនេះ​ក៏​នឹងមាន​ការបាញ់​កាំជ្រួច និង បង្ហោះគោម រួម​ជាមួយនឹង​ការតុបតែង​លម្អ​ក្នុង​ទីក្រុង ដើម្បី​អបអរ​សាទរ​ព្រះរាជ​ពិធីបុណ្យ​ប្រចាំឆ្នាំ​ដ៏​ធំ​មួយ​នេះ​ផងដែរ។ ចំនែក​សន្តិសុខ​ក៏ត្រូវ​បាន​រៀប​ចំ​អោយមាន​ការការពា​រយ៉ាង​ល្អប្រសើរ ដែល​អនុញាតិ​អោយ​ភ្ញៀវទេសចរ​អាច​ដើរហើរ​គ្រប់​ច្រកល្ហក ទោះ​ទៅ​ដល់ទី​ដាច់ស្រយាល​ក្តី។ នេះ​បើតាម​ប្រសាសន៍ លោក ប៊ុន ថារិទ្ធ អភិបាលរង និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​សៀមរាប ដែល​ក៏បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា ជាមួយនឹង​ការរៀបចំ​ដែល​កាន់តែ​ល្អ​ស្អាត​ជាងឆ្នាំមុនៗទៅទៀត នឹងធ្វើ​អោយ​ខេត្តសៀមរាប​របស់លោក ទទួលបាន​ភ្ញៀវ​ទេសចរ​ជាង៥ម៉ឺន​នាក់ ក្នុង​រយៈពេល៣ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក​នេះ។

ចំនែក នៅ​ខេត្ត​ព្រះសីហនុ​ជាប់​ឆ្នេរសមុទ្រ​វិញ បើ​ទោះ​មិនមាន​រៀបចំ​កម្មវិធី​អ្វី​ពិសេស​ក៏ដោយ លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​នា​ថ្ងៃទី២៣ វិច្ឆិកា​នេះ​ថា អាជ្ញាធរ​បាន​ចាត់​កំលាំង​ដើម្បី​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​ជូន​ដល់​ភ្ញៀវ​ទេសចរណ៍​ទាំងឡាយ។ ក្រៅពីនេះ អាជ្ញាធរ​ក៏បាន​ណែនាំ កុំអោយ​មានការ​ដំឡើង​ថ្លៃ​លើ​ម្ហូប​និង​សេវាកម្ម​ផងដែរ។ ថ្លៃ​អាហារ​និង​សេវាកម្ម ជា​បញ្ហា​ដែល​អ្នក​ទេសចរ​តែងតែ​រអ៊ូរទាំ ថាអោយ​តែមាន​បុណ្យទាន​ដឹង​តែ​ឡើងថ្លៃ។

រីឯ​នៅ​ភ្នំពេញ ដែលជា​ទីក្រុង​ដែល​តែងតែ​ទាក់ទាញ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​អោយមក​ដើរ​កំសាន្ត​នា​បុណ្យអុំទូក​នោះ នៅ​ឆ្នាំ ទំនងជា​ស្ងាត់​ជាង​រាល់ដង ក៏​ព្រោះតែ​គ្មាន​ការ​ប្រណាំងទូក។ ក៏ប៉ុន្តែ​លោក​ឡុង ឌីម៉ង់​អ្នកនាំពាក្យសាលារាជធានីភ្នំពេញ​បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា ដើម្បី​ជំនួស​អោយ​ការ​ប្រណាំងទូក​ដ៏​មាន​ប្រជាប្រិយភាព អាជ្ញាធរ​ក្រុងភ្នំពេញ នៅ​ឆ្នាំនេះ មានកម្ម​វិធី​ពិសេស២ គឺ ទី១ ការ​បណ្តែត​គោម​លើ​ផ្ទៃ​ជលសារ ប្រមាណ​ជា៥០០គោម​នៅ​ទន្លេចតុមុខ មុខ​ព្រះបរមរាជវាំង និង​ទី២គឺ ការបង្ហាញ​ពី​ពិធី​ដាល់អំបុក អកអំបុក និង​សំពះ​ព្រះខែ​នៅ​រមណីយដ្ឋាន​វត្តភ្នំ។ កម្មវិធី​ទាំងពីរ​នេះ លោកអ្នក​នាំពាក្យ​បញ្ជាក់ថា​ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី២៥ខែវិច្ឆិកា ដែលជា​ថ្ងៃទី២នៃ​ព្រះរាជ​ពិធីបុណ្យ។

សូមបញ្ជាក់ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ ជា​រៀងរាល់ឆ្នាំ​តែងតែ​ប្រារព្ធ​ឡើង​រយៈពេល៣ថ្ងៃ គឺ​នៅ​ថ្ងៃទី ១៤កើត ១៥កើត និង ១រោច​ខែកត្តិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ