អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​ផ្តល់​ឱកាស​ដល់​មន្ត្រី​មាន​សមត្ថភាព​នឹង​ជួយ​ដល់​រដ្ឋបាល​ឲ្យ​មាន​ភាព​រឹងមាំ​ និង​រុង​រឿង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ប្រលង​ជ្រើសរើស​មន្ត្រី​ស៊ីវិល កង​កម្លាំង​ប្រដាប់​អាវុធ ឲ្យ​ចូល​បម្រើ​ការងារ​រាជការ​ប្រកប​ដោយ​តម្លាភាព គឺ​ជា​ការ​អនុវត្ត​ដ៏​ត្រឹម​ត្រូវ​នៃ​កំណែ​ទម្រង់​ជា​អាយុ​ជីវិត​របស់​រដ្ឋាភិបាល។ ការ​ប្រលង​ ដែល​មាន​ការ​រឹត​បន្តឹង ច្បាស់​លាស់ មិន​ពុក​រលួយ​នឹង​ធ្វើ​ឲ្យ​រដ្ឋ​សំបូរ​ទៅ​ដោយ​មន្ត្រី​ដែល​មាន​សក្តានុពល។ ធនធាន​ដ៏​ចាំ​បាច់​ទាំង​នេះ នឹង​ជួយ​ឲ្យ​រាជការ​រុង​រឿង​ និង​ចៀស​ផុត​ពី​ការ​រិះគន់​នានា​ទៅ​អនាគត។

រូបភាពតំណាង៖ មន្រ្តីរាជការ
រូបភាពតំណាង៖ មន្រ្តីរាជការ @RFI/Somnop
ផ្សាយពាណិជ្ជកម្ម

វា​ជា​ក្រិត្យ​ក្រម​ទៅ​ហើយ​សម្រាប់​ជាតិ​សាសន៍​នានា​នៅ​លើ​សកល​លោក មនុស្ស​ម្នាក់​ៗ​ចាប់​ផ្តើម​ស្វែង​រក​វិជ្ជា​តាំង​ពី​កុមារ​ភាព​មក​ម៉្លេះ។ គោល​ដៅ​របស់​មនុស្ស​គ្រប់​រូប​ គឺ​រៀន​ឲ្យ​ចេះ ប្រលង​ឲ្យ​ជាប់​នឹង​បាន​ធ្វើ​មន្ត្រី​រាជការ ដែល​មាន​តួនាទី​ស្មើ​មុខ​ស្មើ​មាត់​នៅ​ក្នុង​សង្គម​មួយ​ ដែល​គ្រប់​គ្នា​តែង​ផ្តល់​តម្លៃ។ តម្លៃ​ដែល​ផ្តល់​ឲ្យ​គេ​អាច​ចិញ្ចឹម​ខ្លួន​ឯង​រស់​និង​មាន​លទ្ធភាព​រៀប​ចំ​គ្រួសារ​មួយ​ប្រកប​ដោយ​ភាព​សមរម្យ​ក្នុង​សង្គម ដូច​អ្វី​ដែល​តែង​មាន​ការ​លើក​ឡើង​ពី​ចាស់​ជំនាន់​មុន​នូវ​មោទនភាព​ក្នុង​របប​សង្គម​រាស្ត្រ​និយម សម្រាប់​បរិបទ​ប្រទេស​កម្ពុជា។

ក៏​ប៉ុន្តែ​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​ជា​កម្ពុជា គោលដៅ​នៃ​ការ​សិក្សា​របស់​ពលរដ្ឋ​ខ្មែរ​ចាប់​តាំង​ពី​ប្រទេស​ត្រូវ​បាន​រំដោះ​ពី​របប​វាល​ពិឃាត​មិន​អាច​ជួយ​ឲ្យ​គ្រប់​គ្នា​ក្លាយ​ជា​មន្ត្រី​រាជការ​ ជា​គ្រូ​បង្រៀន ជា​គ្រូពេទ្យ ឬ​វិស្វករ ដែល​ស្ថិត​នៅ​ក្រោម​បន្ទាត់​គ្រប់​គ្រង​របស់​រដ្ឋ​បាន​ទាំងអស់​គ្នានោះ​ទេ។ ពលរដ្ឋ​ខ្មែរ​មួយ​ភាគ​ធំ ពេល​ចេញ​ពី​សាលា​ចំណេះ​ទូទៅ និង​ជំនាញ​វិជ្ជាជីវៈ​ហើយ តែង​រត់​ទៅ​រក​ការងារ​ឯកជន ដូច​ជា​តាម​ក្រុមហ៊ុន និង​តាម​អង្គការ​ជាតិ អន្តរជាតិ​នានា។ អ្នក​ទាំង​នោះ​ត្រូវ​គេ​វាយ​តម្លៃ​ថា​ជា​ធនធាន​មនុស្ស​ខ្មែរ​ប្រកប​ដោយ​សក្តានុពល។

ការ​សម្រេច​ចិត្ត​របស់​ក្រុម​មនុស្ស ដែល​មាន​សមត្ថភាព​ខ្ពស់​ទាំង​នោះ​ទៅ​បម្រើ​ការងារ​តាម​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល និង​តាម​ក្រុមហ៊ុន​ឯកជន​នានា ដោយ​សារ​ទី​១ ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់​ជាង​ធ្វើ​រាជការ។ ទី២ មិន​មាន​សែ​ស្រលាយ​អ្នក​ធំ ខ្សត់​ធនធាន និង​គ្មាន​ច្រក​ចូល​ទៅ​បម្រើ​រាជការ។ នេះ​គឺ​ជា​និន្នាការ​ពី​អតីតកាល​នៃ​ប្រទេស​កម្ពុជា។

ជាទូទៅ​ការ​ជ្រើសរើស​មន្ត្រី ដែល​ជា​យុវជន​ទើប​បញ្ចប់​ការ​សិក្សា​ពី​ថ្នាក់​ឧត្តម​សិក្សា ឬ​កម្រិត​សិក្សា​បច្ចេក​ទេស​ឲ្យ​ចូល​ទៅ​បម្រើ​ការងារ​រាជការ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រូបភាព​ស្ងាត់​ៗ តាម​រយៈ​បក្ស​ពួក តាម​រយៈ​ការ​សូក​ប៉ាន់។ ឥរិយាបទ​នេះ​បាន​កើត​ឡើង​ជា​ច្រើន​ទសវត្ស​មក​ហើយ។ ការ​ជ្រើស​រើស​បែប​នេះ ធ្វើ​ឲ្យ​រាជការ​មិន​អាច​បរិបូរណ៍​ដោយ​មន្ត្រី ដែល​មាន​ចំណេះ​ដឹង​និង​សមត្ថភាព​នៅ​ក្នុង​គោល​ដៅ​អភិវឌ្ឍន៍​ជាតិ​បាន​ទេ។

ក៏​ប៉ុន្តែ​ចាប់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​សកល​អាណត្តិ​ទី​៥​កាល​ពី​ឆ្នាំ​២០១៣​មក រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​នូវ​ឆន្ទៈ​ក្នុង​ការ​កែ​ទម្រង់ និង​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ចតុកោណ ដែល​បាន​គូស​វាស​តាម​ដំណាក់​កាល​នីមួយ​ៗ​ដូច​បាន​គ្រោង​ទុក។

តាម​រយៈ​នេះ ការ​ជ្រើស​រើស​មន្ត្រី​ឲ្យ​ចូល​បម្រើ​ការងារ​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​ដោយ​មាន​ការ​ប្រកាស​ពី​ការ​ប្រលង​ជា​សាធារណៈ។ ក្រសួង មន្ទីរ និង​ស្ថាប័ន​នានា​របស់​រដ្ឋ​ បាន​លើក​ទឹក​ចិត្ត​ឲ្យ​និស្សិត​វ័យ​ក្មេង ដែល​ទើប​បញ្ចប់​ការ​សិក្សា​ពី​ថ្នាក់​ឧត្តម​សិក្សា​ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ទាំង​ក្នុង​ស្រុក​ និង​និស្សិត​ទៅ​រៀន​នៅ​បរទេស​ដាក់​ពាក្យ​ប្រលង​ចូល​បម្រើ​រាជការ​តាម​កន្លែង​កំណត់​ជាក់​លាក់។ លើស​ពី​នេះ តំណែង​អគ្គនាយក​ ដែល​ជា​តំណែង​មន្ត្រី​ជាន់​ខ្ពស់​ដ៏​កម្រ ក៏​ត្រូវ​ក្រសួង​បរិស្ថាន​ប្រកាស​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ចូល​គ្រប់​គ្រង​ដែរ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ខុស​ពី​ពេល​មុន​ៗ​ ដែល​ដំណែង​បែប​នេះ​ទទួល​បាន​ការ​តែង​តាំង​ប្រកប​ដោយ​ការ​ទុក​ចិត្ត។

រូបភាព​នេះ​ គឺ​ជា​កំណែ​ទម្រង់​ជាក់​ស្តែង​មួយ​ ដែល​គេ​អាច​មើល​ឃើញ​ និង​គួរ​លើក​សរសើរ។ សរសើរ ប្រសិន​បើ​អ្នក​មាន​សមត្ថភាព​មាន​ឱកាស​បាន​ចូល​បម្រើ​រាជការ​ដោយ​ស្មើ​មុខ​ស្មើ​មាត់​ច្រើន​មែន​នោះ។ ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​ការ​ប្រលង​ចូល​បម្រើ​ការងារ​រដ្ឋ​របស់​យុវជន​ ដែល​ជា​ឈាម​ថ្មី និង​ជា​ជន្ទល់​រាជការ​ទៅ​អនាគត​នោះ ត្រូវ​បាន​គេ​រៀបចំ​ឡើង​គ្រាន់​តែ​ជា​រូបភាព ហើយ​ការ​អនុវត្ត​នៅ​តែ​ចម្លង​ពី​អ្វី​ ដែល​បាន​កើត​ឡើង​ពី​អតីតកាល ខ្វះ​តម្លាភាព​នោះ គឺ​ជា​រឿង​ ដែល​គួរ​ឲ្យ​មាន​ការ​សោកស្តាយ។

សោកស្តាយ​ដោយ​សារ​ប្រទេស​មួយ​ដែល​អាច​រីក​ចម្រើន​បាន​ចាំបាច់​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ធនធាន​មនុស្ស ដែល​មាន​សមត្ថភាព។ កំណែ​ទម្រង់ ដែល​រួម​បញ្ចូល​ជា​មួយ​យុវជន​ក្មេង​ៗប្រកប​ដោយ​សក្តានុពល​ការងារ​នឹង​ក្លាយ​ជា​កំណែ​ទម្រង់ ដែល​មាន​ជោគជ័យ។ មួយ​វិញ​ទៀត​បញ្ហា​បក្ស​ពួក​និយម ការ​ចូល​បម្រើ​ការងារ​រដ្ឋ​តាម​រយៈ​បក្ស​ពួក ឬ​ឥទ្ធិពល​ធនធាន​ដូច​កាល​ពី​មុន នោះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ដើរ​ថយ​ក្រោយ រាជការ​នឹង​ទន់​ខ្សោយ ខណៈ​ដែល​កម្ពុជា​ជា​ប្រទេស​អាស៊ាន ហើយ​សមាជិក​អាស៊ាន​ឯ​ទៀត​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​មុខ​ឥត​ឈប់​ឈរ។

ដូច្នេះ​វា​គួរ​តែ​ដល់​ពេល​ហើយ ដែល​យុវជន​ជំនាន់​ក្រោយ មាន​សមត្ថភាព​ខ្ពស់ ត្រូវ​គេ​ផ្តល់​ឱកាស ឲ្យ​បាន​បម្រើ​ជាតិ​ច្រើន​ជាង​បម្រើ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សហគ្រាស​ឯកជន។ ហើយ​រដ្ឋ​ក៏​ពុំ​គួរ​បណ្តោយ​ឲ្យ​ធនធាន​មនុស្ស​ ដែល​មាន​សក្តានុពល​របស់​ខ្លួន​បាក់​ទឹក​ចិត្ត​ ងាក​ទៅ​បម្រើ​ឯកជន​ច្រើន​ជាង​រដ្ឋ​ដូច​ពី​អតីត​កាល​ទៀត​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ