អានតួអត្ថបទ
កម្ពុជា

អង្គការ​​មិនមែន​​រដ្ឋាភិបាល​​បន្ត​​ចោទ​​ប្រកាន់​​រដ្ឋាភិបាល​​មិន​​គោរព​​កតិកា​សញ្ញា​​អន្តរជាតិ​​ស្តីពី​​សិទ្ធិ​ពលរដ្ឋ​

ក្រុម​អង្គការ​សង្គម​ ស៊ីវិល​ចំនួន​២៥​ កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​ បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​ខកខាន​របស់​អាជ្ញាធរ​កម្ពុជា​ ក្នុង​ការ​ប្រតិបត្តិ​តាម​អនុសាសន៍​របស់​ក្រុម​ការងារ​ទទួល​បន្ទុក​បញ្ហា​ ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​។ ​ក្រុម​អង្គការ ​សមាគម​ទាំង​នេះ ​ក៏​បាន​ស្នើ​ជា​ថ្មី​ម្តងទៀត​ ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​គោរព​តាម​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​ច្បាប់​ សិទ្ធិ​មនុស្ស​អន្តរជាតិ​ តាមរយៈ​ការ​អនុវត្ត​ជា​បន្ទាន់​នូវ​អនុសាសន៍​របស់ ​ក្រុម​ការងារ​ទទួល​បន្ទុក​បញ្ហា​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​ រួមទាំង​ធានា​ថា​នឹង​មាន​ការ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​៥​នាក់ ​ជា​បន្ទាន់​។ ​តែ​មន្ត្រីរ​ដ្ឋាភិបាល​បាន​ច្រានចោល​សេចក្តី​ថ្លែងការណ៍​នេះ​។

សង្គម​ស៊ីវិល​ហែ​ក្បូន​និង​ជួបជុំ​ថ្លែងការណ៍​សាទរ​ទិវា​សិទ្ធិមនុស្សកាលពីឆ្នាំកន្លងទៅ
សង្គម​ស៊ីវិល​ហែ​ក្បូន​និង​ជួបជុំ​ថ្លែងការណ៍​សាទរ​ទិវា​សិទ្ធិមនុស្សកាលពីឆ្នាំកន្លងទៅ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ការ​អំពាវនាវ​នេះ ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​គម្រប់​ពីរ​ខែ​នៃ​ការ​អនុម័ត​លើ​សេចក្តី​សម្រេច​របស់​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​បញ្ហា​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​ ដែល​សម្រេច​ថា​ការ​បន្ត​ឃុំ​ខ្លួន​លើ​បុគ្គលិក​សមាគម​អាដហុក​ រួមមាន​អ្នកស្រី​លឹម ​មុនី​ លោក​ នី ​សុខា ​លោក​ ណៃ វ៉ង់ដា​ លោក​យី សុខសាន្ត​ និង​លោក នី ចរិយា ​អគ្គលេខា​ធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.ជ​.ប​)​គឺ​ធ្វើ​ឡើង​តាម​អំពើ​ចិត្ត​។

សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ​ សមាគម​ បាន​អំពាវនាវ​ផងដែរ​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​ដោះលែង​អ្នក​ទាំង​៥ ​បន្ទាប់ពី​ពួក​គេ​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​ជិត​៩​ខែ​មកហើយ ​ដោយ​សេចក្តី​ថ្លែងការណ៍​នេះ​ចោទប្រកាន់​ថា​ កម្ពុជា​ពុំទាន់​ចាត់​វិធានការ​ដើម្បី​បញ្ឈប់​ឬ​ប៉ះប៉ូវ​ចំពោះ​ការ​អនុវត្ត​មិន​ត្រឹមត្រូវ​ទៅលើ​អ្នក​ជាប់​ឃុំ​ទាំង​៥​នាក់​ និង​កម្ពុជា​នៅតែ​បន្ត​មិន​គោរព​តាម​កាតព្វកិច្ច​ផ្លូវ​ច្បាប់​របស់​ខ្លួន ​ក្រោម​កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​។

​ដោយឡែក​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន​ម៉ាលីន​ ជាថ្មី​ម្តង​ទៀត​បាន​ហៅ​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា​ជា​ការ​ដាក់​សម្ពាធ​ទៅលើ​ប្រព័ន្ធ​តុលាការ ​ខណៈ​ដែល​សំណុំ​រឿង​កំពុង​ស្ថិតនៅ​ក្នុង​ដំណើរការ​នីតិ​វិធី​របស់​តុលាការ​។ ​អ្នក​នាំពាក្យ​រូប​នេះ​កត់​សម្គាល់​ថា​សេចក្តី​ថ្លែងការណ៍​នេះ ​មិន​មាន​មូលដ្ឋាន​ច្បាប់​គឺ​ផ្អែក​ទៅលើ​ទិដ្ឋភាព​សង្គម​និង​នយោបាយ​ច្រើន​ជាង​។

សូម​បញ្ជាក់​ថា ​មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ចំនួន​៤​រូប ​និង​អគ្គលេខាធិការ​រង ​គ.​ជ.​ប ​១​រូប ​ត្រូវបាន​ឃាត់​ខ្លួន​និង​ឃុំ​ខ្លួន​ បន្ទាប់ពី​មាន​ការ​ចោទ​ប្រកាន់​ថា ​បាន​ជាប់​ទាក់ទង​ទៅនឹង​បទ​សូកប៉ាន់​សាក្សី ​ការ​សម​គំនិត​សូកប៉ាន់​សាក្សី ​នៅក្នុង​សំណុំ​រឿង​អាស្រូវ​ផ្លូវ​ភេទ​រវាង​លោក​កឹម សុខា ​និង​នាង​ ខុម ចាន់តារាទី ​ហៅ​ស្រីមុំ​៕

 

 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ