អានតួអត្ថបទ
កម្ពុជា

CMAC៖ គ្រោះថ្នាក់​ដោយ​សារ​គ្រាប់​មីន ច្រើន​កើត​លើ​ពលរដ្ឋ​ដើរ​ល្បាត​នៅ​តំបន់​ព្រៃ​ភ្នំ​ដែល​មាន​ភាព​ស្មុគស្មាញ

នា​ពេល​ថ្មីៗ​នេះ​មាន​ការ​លេចឮ​ព័ត៌មាន​ជា​ញឹកញាប់​ពាក់ព័ន្ធ​នឹង​ គ្រោះថ្នាក់នៃ​មីន​ផ្ទុះ​នៅ​កម្ពុជា​។គិត​ត្រឹម​រយៈ​មួយ​ខែ​ជាង​ដើម​ឆ្នាំ​ ២០១៧​ អ្នក​ដែល​រង​គ្រោះដោយ​សារ​តែ​គ្រាប់​មីន​ផ្ទុះ​មាន​ទៅ​ដល់ ៦នាក់ ដែល​ក្នុង​នោះ​ស្លាប់​៣​នាក់ ​និងរបួស​៣​នាក់​។ ឩបទ្ទេវហេតុ​ផ្ទុះ​មីន​ផ្ទួនៗ​នេះ ភាគច្រើន​កើត​ឡើង​ចំពោះ​ប្រជាពលរដ្ឋ ហើយ​ជា​ពិសេស​គឺ​នៅ​ចំ​ពេល​ដែល​ពួកគេ​កំពុង​តែ​ដើរ​ល្បាត​ព្រៃ ​និង​រុករក​រុក្ខជាតិ​ផ្សេងៗ​តាម​បណ្តា​ព្រៃ​ភ្នំ​នានា​។ ​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​បាន​បញ្ជាក់​ថា ករណី​មីន​ផ្ទុះ​ទាំង​នេះ​ភាគ​ច្រើន​កើត​ឡើង​នៅ​ចំ​តំបន់​ថ្មី ដែល​ជា​តំបន់​ព្រៃ​ភ្នំ​ស្មុគស្មាញ​។                       ព្រឿន បញ្ញារី​ ជូនព័ត៌មាន:  

កម្ពុជា​កំពុង​ធ្វើយុទ្ធនាការ​ជំរុញអោយ​សមាជិក​អាស៊ាន​ផ្តល់សច្ចាប័ន​ចូលរួម​ក្នុងអនុសញ្ញា​មីនប្រឆាំង​មនុស្ស​
កម្ពុជា​កំពុង​ធ្វើយុទ្ធនាការ​ជំរុញអោយ​សមាជិក​អាស៊ាន​ផ្តល់សច្ចាប័ន​ចូលរួម​ក្នុងអនុសញ្ញា​មីនប្រឆាំង​មនុស្ស​ © លាងដឺលុច
ផ្សាយពាណិជ្ជកម្ម

លោក ហេង រតនា អគ្គ​នាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​(CMAC)​ បាន​ប្រាប់​វិទ្យុ បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា កត្តា​គ្រោះថ្នាក់​ពាក់ព័ន្ធ​នឹង​ករណី​ដោះ​មីន​នេះ​ភាគច្រើន​អាចបណ្តាល​មក​ពី​ការ​រំដោះ​មីន និង​ការ​ដើរ​ល្បាត​នៅ​ក្នុង​តំបន់​ព្រៃ​ភ្នំ​ដែល​មាន​ភាព​ស្មុគស្មាញ​។ ស្មុគស្មាញ​ត្រង់​ថា ភាគ​ច្រើន​តំបន់​ទាំង​នោះ​គឺ​ជា​ចម្រាក់​ភ្នំ ព្រមទាំង​ជា​តំបន់​ដែល​ពោរពេញ​ទៅ​ដោយ​ព្រៃ​ឈើ​ស្តុក​។

ដោយ​ឡែក​ប្រជា​ពលរដ្ឋ​រងគ្រោះ​ដោយសារ​មីន​ផ្ទុះ​ជា​ហូរហែរ​នា​ពេល​ថ្មីៗ​ដើម​ឆ្នំា​២០១៧​នេះ​កើត​ឡើង​ដោយសារ​ពួក​គាត់​បាន​ដើរ​រុករក និង​ល្បាត​ព្រៃ​នៅ​ក្នុង​តបន់​ថ្មី​ដែល​ពុំ​ទាន់​បាន​ឆ្លង​កាត់​យុទ្ធនាការ​រំដោះ​មីន​នៅ​ឡើយ​។ លោក​បាន​បន្ថែម​ថា គ្រោះថ្នាក់​នៃ​មីន​ផ្ទុះ​មួយ​ចំនួន អាច​កើត​ឡើង​ជា​យថាហេតុ​ផង​ដែរ ដោយសារ​តែ​វា​អាច​ផ្ទុះនៅ​ក្នុង​ឆ្នាំ​នេះ ឬ​ក៏​នៅ​ក្នុង​ឆ្នាំ​ក្រោយ​។

គួរ​ឱ្យ​ដឹង​ថា ភាគច្រើន​នៃ​គ្រោះថ្នាក់​គឺ​កើត​ឡើង​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ពេល​ដែល​ពួក​គាត់​ដើរ​ព្រៃ ច្រើន​ជា​ជាង​បុគ្គលិក​របស់​អង្គភាព​រំដោះ​មីន​។ ក្នុង​នោះ​ដែរ​មីន​បាន​ផ្ទុះ​ឡើង​នៅ​ចំ​ពេល​ដែល​ពួក​គាត់​កំពុង​តែ​ធ្វើ​កសិកម្ម​ស្រែ​ចម្ការ ដោយ​ប្រើប្រាស់​ត្រាក់ទ័រ​ភ្ជួរស្រែ​ហើយ​ទៅ​ប៉ះ​មីនតោន​ផ្ទុះ​ភ្លាមៗ​នៅ​នឹង​កន្លែង​តែ​ម្តង​។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ​ អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​បាន​បន្ថែម​ថា អង្គភាព​បាន​ដាក់​ផែនការ​ប្រតិបត្តិការ​ទៅ​លើ​តំបន់​ដែល​បាន​អាទិភាព​ខ្ពស់ ពោល​គឺ​សំដៅ​ទៅ​លើ​ដី​ដែល​កំពុង​ប្រើប្រាស់​ ហើយ​ប្រឈម​មុខ​ទៅ​នឹង​បញ្ហា​គ្រាប់​មីន​និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​កម្រិត​មួយ​ដែល​ធ្ងន់ធ្ងរ​។ ក្រៅ​ពី​នេះ លោក​បាន​បញ្ជាក់​ថា​ តាម​ពិត​ទៅ​អត្រា​គ្រោះថ្នាក់​នៃ​គ្រាប់​មីន​ក៏​បាន​ថយ​ចុះ​មួយ​កម្រិត​ផង​ដែរ​។​ថយ​ចុះ គឺ​ដោយសារ​តែ​អង្គភាព​បាន​ដាក់​គោលដៅ និង​បេសកកម្ម​នៅ​ចំ​តំបន់​ដែល​មាន​មីន​ច្រើន ព្រមទាំង​កិច្ចសហការ​ជាមួយ​ប្រជាជន​នៅ​តាម​មូលដ្ឋាន​ក៏​ដូចជា​អ្នក​បោសសម្អាត​មីន​ផង​ដែរ។

មួយវិញទៀត អង្គភាព​នឹង​ពង្រឹង​នីតិវិធី និង​វិន័យ​របស់​អង្គភាព តាមរយៈ​ការ​ហ្វឹកហ្វឺន​និង​ពង្រឹង​សមត្ថភាព​របស់​គាត់ ព្រមទាំង​បង្កើត​នីតិវិធី​ថ្មី​ដើម្បី​ដោះស្រាយ​នៅ​ពេល​ជួប​បញ្ហា​ស្មុគស្មាញ​នៅ​ពេល​ពួកគាត់​ជួប​ប្រទះ​។

ទាក់ទិន​ទៅ​នឹង​ប្រជាពលរដ្ឋ មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា នឹង​បន្ត​ពង្រឹង​បណ្តាញ​ស្ម័គ្រចិត្ត​នៅ​តាម​ភូមិ តាម​រយៈ​បន្ត​ការ​អប់រំ បណ្តុះបណ្តាល ព្រមទាំង​ពង្រឹង​ការ​ឆ្លើយ​តប​ទៅ​ប្រជាពលរដ្ឋ​អោយ​បាន​ឆាប់​រហ័ស​ផងដែរ​។ សូម​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ខេត្ត​ដែល​នៅ​តែ​មាន​បញ្ហា​គ្រាប់​មីន​ច្រើន​ជាង​គេ​គឺ​ខេត្ត​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ហើយ​ជា​ពិសេស​នោះ​គឺ​ខេត្ត​បាត់ដំបង ព្រម​ទាំង​បណ្តា​ស្រុក​ចំនួន​២១​ទៀត​នៅ​តាម​បណ្តាយ​ព្រំដែន​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ