អានតួអត្ថបទ
កម្ពុជា-សន្តិសុខ

៩ខែ​ ឆ្នាំ២០១៦​ កម្ពុជា​ទទួលបាន​ជំនួយទឹកប្រាក់​ជាង​២៥លាន​ដុល្លារ​ ដើម្បី​បោស​សម្អាត​មីន ​

រយៈពេល ៩ ខែ ឆ្នាំ ២០១៦ នេះ កម្ពុជា​ទទួល​បាន​ជំនួយ​គិត​ជា​ទឹក​ប្រាក់ ជាង​២៥ លាន​ដុល្លារ ពីបរទេស ដើម្បី​បោស​សម្អាត​ផ្ទៃដី​ដែល​នៅ​សេស​សល់​ដោយ​គ្រាប់​មីន។ ជំនួយ​ទាំងនោះ  ភាគ​ច្រើន បានមក​ពី​ប្រទេស ជប៉ុន សហរដ្ឋអាមេរិក អាល្លឺម៉ង់ នរវៃស និង កាណាដា​ជាដើម។ សូម​បញ្ជាក់​ផង​ដែរ កាល​ពី​ម្សិល​មិញ អាមេរិក តាមរយៈ​អង្គការ NPA បាន​សម្រេច​ផ្តល់​ជំនួយ​បន្ថែម​ទៀត ជិត​២លានដុល្លារ ដើម្បី​គាំទ្រ​សកម្មភាព​បោស​សម្អាត​សំណល់​ជាតិ​ផ្ទុះ​ពីសង្គ្រាម​របស់​អង្គការ​ស៊ីម៉ាក់ ​នៅ​បណ្តា​ខេត្តទិស​ខាង​កើត​នៃ​ប្រទេស​កម្ពុជា សម្រាប់​រយៈពេល​១​ ឆ្នាំ។

កម្ពុជា​កំពុង​ធ្វើយុទ្ធនាការ​ជំរុញអោយ​សមាជិក​អាស៊ាន​ផ្តល់សច្ចាប័ន​ចូលរួម​ក្នុងអនុសញ្ញា​មីនប្រឆាំង​មនុស្ស​
កម្ពុជា​កំពុង​ធ្វើយុទ្ធនាការ​ជំរុញអោយ​សមាជិក​អាស៊ាន​ផ្តល់សច្ចាប័ន​ចូលរួម​ក្នុងអនុសញ្ញា​មីនប្រឆាំង​មនុស្ស​ © លាងដឺលុច
ផ្សាយពាណិជ្ជកម្ម

ជំនួយ​បរទេស​ជា​បន្តបន្ទាប់ បាន​បន្ត​ផ្តល់​ឲ្យ​កម្ពុជា នៅ​ឆ្នាំ​នេះ ក្នុង​គោល​ដៅ​បោស​សម្អាត​ផ្ទៃ​ដី​​មាន​មីន​និង​គ្រាប់​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​នៅ​សេស​សល់​តាំង​ពី​សម័យ​សង្រ្គាម​ស៊ីវិល។  រយៈពេល ៩ ខែ ឆ្នាំ ២០១៦ ជំនួយ​ពី​បរទេស​ទាំងសម្ភារៈ និង​ទឹកប្រាក់ មាន​ទឹក​ប្រាក់​ចន្លោះ ពី ២៥ ដល់ ៣០ លាន ដុល្លារ​អាមេរិក​។ 

ជា​ការ​កត់​សម្គាល់ កាល​ពីថ្ងៃទី ៧​ខែ តុលា សហរដ្ឋ​អាមេរិក តាម​រយៈ​អង្គការ NPA បាន​ផ្តល់​ជា​កញ្ចប់ថវិកា ដែល​មាន​ទឹក​ប្រាក់​ជិត ២​ លានដុល្លារ សម្រាប់​គម្រោង​បោស​សម្អាត​មីន​នៅ​កម្ពុជា។ គម្រោង​បោះ​សម្អាត​មីន​របស់​អាមេរិក តាមរយៈ​អង្គការ NPA មាន​រយៈ​ពេល​១២ខែ ចាប់​ពី​ដើម​ខែ​វិចិ្ឆកាឆ្នាំ​២០១៦ ដល់​ចុង​ខែ​តុលា ឆ្នាំ២០១៧​ ដែល​មាន​កម្លាំងប្រតិបតិ្តការ​ចំនួន​ជាង​២៣០នាក់​ និង​ត្រូវ​រំដោះផ្ទៃ​ដី​ចំការ​គ្រាប់​មីន​ជា​អាទិភាព នៅ​ខេត្ត​កំពង់ចាម​ ត្បូងឃ្មុំ​ ក្រចេះ​ ស្ទឹងត្រែង ជា​ដើម។

គម្រោងនេះ នឹង​បោស​សម្អាត​តំបន់​ចំការ​មីន​គ្រាប់​បែក ប្រមាណ​១២​គីឡូម៉ែត្រ​ក្រឡា។ នេះ​បើ​តាម លោក ហេង រតនា នាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន ហៅ​កាត់​ថា ស៊ីម៉ាក់។ សូម​បញ្ជាក់​ថា គិតពី​ឆ្នាំ១៩៩៥ មក រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​ផ្តល់​ថវិកា​ឲ្យ​ស៊ីម៉ាក់ ប្រមាណ​៤០​លាន​ដុល្លារ បន្ថែមលើស​នេះ​ក៏​មានជំនួយ​សម្ភារៈ និង​ការ​ហ្វឹក​ហ្វឺន​ផង​ដែរ​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ កាល​ពី​ចុង​ខែ កញ្ញា កន្លង​ទៅ​នេះ ​ រាជ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន ក៏បាន​ចុះ​ហត្ថលេខា​លិខិត​ប្តូរសារ សម្រាប់​គាំទ្រ​ការ​បោស​សម្អាត​មីន ដោយ​រដ្ឋា​ភិបាល​ជប៉ុន បាន​សម្រេច​ផ្តល់​ជំនួយ ជាផ្លូវការ​ចំនួន ១៧.៦លាន​ដុល្លារ​អាមេរិក ផង​ដែរ​។

​សម្រាប់​ប្រទេស​កាណាដា​ ដែលជា​ប្រទេស​កំណើត​នៃ​អនុសញ្ញា​អូតាវ៉ា​អន្តរជាតិ​ស្ដីពី ការ​ហាមប្រាម​ការ​ប្រើ​ប្រាស់​គ្រាប់​មីន​ប្រឆាំង​មនុស្សវិញ ក៏មាន​កញ្ចប់​ថវិកា​ជួយ​ដល់​វិស័យ​ដោះមីន​នៅ​កម្ពុជា ដែលជារដ្ឋភាគីនៃអនុសញ្ញានេះ ចំនួនជាង ​១០​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​បី ៣ឆ្នាំ ផងដែរ។

សូម​បញ្ជាក់​ថា នៅឆ្នាំ ២០១៦ នេះ កម្ពុជា​នៅ​មាន​ផ្ទៃដី​សង្ស័យ​ថា មាន​មីន​និង​គ្រាប់​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ប្រមាណ​ជាង​១​ពាន់​៦​រយ​គីឡូ​ម៉ែត្រ​ក្រឡា​ទៀត​ដែល​ត្រូវ​សំអាត។ ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ចុង​ក្រោយ ​ពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៥ បញ្ហា​គ្រោះ​ថ្នាក់​ដោយសារ​មីន​តោន​នៅ​តែ​បន្ត​កើត​ឡើង​ជា​ញឹកញាប់ ដែល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​គ្រឿង​ចក្រ​ធុន​ធ្ងន់​នៅ​ក្នុង​តំបន់​ដែល​មាន​ផល​ប៉ះពាល់​ដោយ​សារ​មីន​តោន។

លោក​ ហេង រតនា ធ្លាប់បានបញ្ជាក់ប្រាប់វិទ្យុបារាំងថា ​សម្រាប់​ផ្ទៃ​ដី​ដែល​នៅ​សេស​សល់​ជាង​១​ពាន់​៦​រយ​គីឡូ​ម៉ែត្រ​ក្រឡា​នេះ មជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីន អាច​ត្រូវ​ការ​ពេល​វេលា​ប្រមាណ​ជាង​១០​ឆ្នាំ​ដើម្បី​សំអាត​ផ្ទៃ​ដី​ទាំង​នោះ។ កម្ពុជា មាន​កាតព្វកិច្ច​ផ្លូវ​ច្បាប់ និង ជា​ហត្ថលេខី​ទៅ​នឹងនៃ សន្ធិសញ្ញា​ស្ដីពី​ការ​ហាមឃាត់​គ្រាប់​មីន​ប្រឆាំង​មនុស្ស ហើយ​ផែន​ការ​សកម្មភាព និង​ផែនការ​ថ្នាក់​ជាតិ​ទាំងអស់​កំណត់​ត្រឹម​ឆ្នាំ​២០២៥​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ