អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

មួយ​ឆ្នាំ​ក្រោយ​កិច្ច​ព្រមព្រៀង​២២​កក្កដា៖ អ្វី​ខ្លះ​ជា​លទ្ធផល​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

២២​កក្កដា​ឆ្នាំ​២០១៤ - ២២​កក្កដា​ឆ្នាំ​២០១៥​។ ថ្ងៃ​ទី​២២​កក្កដា​នេះ គឺ​ជាខួប​មួយ​ឆ្នាំ​គត់​នៃ​កិច្ច​ព្រមព្រៀង​បិទ​បញ្ចប់​វិបត្តិ​នយោបាយ ​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​។ អស់​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ព្យាយាម​គោរព​អនុវត្ត​តាម​​កិច្ច​ព្រមព្រៀង​នេះ​​យ៉ាង​ម៉ឺងម៉ាត់​​។ អ៊ឹម រចនា សូម​ឆ្លៀត​ឱកាស​នេះ រៀបរាប់​ឡើង​វិញ​នូវ​ដើម​កំណើត និង​លទ្ធផល​ផ្លែ​ផ្កា​នៃ​កិច្ច​ព្រមព្រៀង​ថ្ងៃ​ទី​២២​កក្កដា​ឆ្នាំ​២០១៤ ដូច​ត​ទៅ​៖

កិច្ចប្រជុំ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្រ្គោះ​ជាតិ​ នៅ​ព្រឹទ្ធសភា​នា​ពេល​កន្លង​មក​។
កិច្ចប្រជុំ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្រ្គោះ​ជាតិ​ នៅ​ព្រឹទ្ធសភា​នា​ពេល​កន្លង​មក​។ RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

នៅ​ព្រឹក​ថ្ងៃ​ទី​២២​កក្កដា​ឆ្នាំ​២០១៤ ជំនួប​កំពូល​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​រៀបចំ ធ្វើ​ឡើង​នៅ​វិមាន​ព្រឹទ្ធសភា​។ ជំនួប​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​១៥​កក្កដា​។ ជា​អំពើ​ហិង្សា​ ដែល​ឈាន​ដល់​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​៧​នាក់​ដាក់​ពន្ធនាគារ​។

ក្រោយកិច្ច​ប្រជុំ​កំពូល​ដែល​មាន​រយៈ​ពេល​ជិត​៥​ម៉ោង គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ ដែល​មាន​សមាសភាព​ម្ខាង​៨​រូប បាន​ឈាន​ទៅ​សម្រេច​កិច្ច​ព្រម​ព្រៀង​រួម​មួយ បិទ​បញ្ចប់​ជម្លោះ​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥ នៅ​កម្ពុជា​។ កិច្ច​ព្រមព្រៀង​៧​ចំណុច ស្ដី​ពី​ដំណោះ​ស្រាយ​នយោបាយ​ ត្រូវ​បាន​ចុះ​ហត្ថលេខា​។ ​ហើយ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​នោះ ពោល​គឺ​នៅ​ល្ងាច​ថ្ងៃ​ទី​២២​ខែ​កក្កដា​នោះ​តែ​ម្ដង តំណាង​រាស្ត្រ​​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ចំនួន​៧​រូប ក៏​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​។

មួយ​ឆ្នាំ​កន្លង​មក​នេះ ​កិច្ចព្រម​ព្រៀង​នយោបាយ​ថ្ងៃ​ទី​២២​កក្កដា ត្រូវ​បាន​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​គោរព និង​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​​។ បើ​មើល​មួយ​ភ្លែត កិច្ច​ព្រម​ព្រៀង​នេះ បាន​ផ្ដល់​លទ្ធផល​គួរ​ឲ្យ​កត់​សម្គាល់​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ​មែន​ទែន​ទៅ បើ​ទោះ​បី​ជា​សង្គ្រោះ​ជាតិ​បាន​លទ្ធផល​ខ្លះ ប៉ុន្តែ​វា​តិច​តួច​ណាស់ បើ​ប្រៀប​ទៅ​នឹង​ការ​ទាមទារ​របស់​គណបក្ស​នេះ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​។ ជាង​នេះ​ទៅ​ទៀត គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​អាច​រក្សា​បាន​នូវ​ការ​ចង់​បាន​របស់​ខ្លួន​ដដែល។ ពេល​ខ្លះ បក្ស​កាន់​អំណាច ថែម​ទាំងមាន​​ឱកាស​ដាក់​គំនាប​ទៅ​លើ​បក្ស​ប្រឆាំង​ទៀត​ផង​។

ទី​១៖ ទាក់ទង​នឹង​ការ​ដើរ​ចូល​សភា​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​។ ជា​លទ្ធផល​វិជ្ជមាន គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ទទួល​តំណែង​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា​។ ជាង​នេះ​ទៅ​ទៀត បក្ស​ប្រឆាំង​និង​បក្ស​អំណាច កាន់​តំណែង​ប្រធាន​គណៈកម្មការ​ស្មើ​គ្នា ក្នុង​ចំណោម​គណៈកម្មការ​ទាំង​១០​របស់​រដ្ឋសភា​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ គណៈកម្មការ​សំខាន់​ៗ នៅ​តែ​ស្ថិត​ក្រោម​កណ្ដាប់​ដៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល​។

ទី​២៖ ទាក់​ទង​នឹង​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​។ ក្បាល​ម៉ាស៊ីន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ត្រូវ​រុះរើ​ឡើង​វិញ តាម​រយៈ​រូបមន្ត ៤-៤-១​។ ពោល​គឺ គណបក្ស​ទាំង​ពីរ​មាន​សមាសភាព​ម្ខាង​៤​នាក់ និង​ម្នាក់​ទៀត នឹង​ត្រូវ​ជ្រើស​រើស​តាម​រយៈ​ការ​ព្រមព្រៀង​របស់​គណបក្ស​ទាំង​ពីរ​។ នេះ​គឺ​ជា​លទ្ធផល​ស្មើ​មុខ​ស្មើ​មាត់​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​។ ប៉ុន្តែ គណបក្ស​កាន់​អំណាច​នៅ​តែ​មាន​ប្រៀប​ជាង​ដដែល តាម​រយៈ​ការ​អនុម័ត​សមាសភាព គជប តាម​រូបមន្ត​ភាគ​ច្រើន​ដាច់​ខាត ឬ​៥០​ភាគ​រយ បូក​មួយ​។ ការ​បោះ​ឆ្នោត​ឡើង​វិញ តាម​ការ​ចង់​បាន​របស់​បក្ស​ប្រឆាំង​ក៏​គ្មាន​ដែរ​។ គឺ​មាន​តែ​ការ​ប្ដូរ​កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត ពី​ខែ​កក្កដា មក​ខែ​កុម្ភៈ​តែ​ប៉ុណ្ណោះ​។

ក្រៅ​ពី​លទ្ធផល​សំខាន់​ៗ​ទាំង​ពីរ​នេះ កិច្ច​ព្រម​ព្រៀង​នយោបាយ​ថ្ងៃ​ទី​២២​កក្កដា ក៏​បាន​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​បក្ស​ប្រឆាំង បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍​ព្រះ​អាទិត្យ ស្រប​តាម​ការ​ចង់​បាន​ផង​ដែរ​។ ជាមួយ​គ្នា​នេះ កិច្ច​ព្រម​ព្រៀង​២២​កក្កដា បាន​​បើក​ឱកាស​ឲ្យ​បក្ស​កាន់​អំណាច អនុម័ត​ច្បាប់​ដ៏​រសើប​មួយ​ចំនួន​​​។ កិច្ច​ព្រម​ព្រៀង​ដដែល​នេះ ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច លែង​ត្រូវ​បក្ស​ប្រឆាំង​វាយ​ប្រហារ​ជេរ​ប្រមាថ​។ យ៉ាង​ណា​ក៏​ដោយ វា​​មិន​អាច​បញ្ចប់បណ្ដឹង​ទៅ​លើ​តំណាង​រាស្ត្រ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​សំណុំ​រឿង​អំពើ​ហិង្សា​ថ្ងៃ​ទី​១៥​កក្កដា ឆ្នាំ​២០១៤​ឡើយ​។ តុលាការ​នៅ​តែ​បន្ត​កោះ​ហៅ​តំណាង​រាស្ត្រ និង​សកម្មជន​នៃ​បក្ស​ប្រឆាំង​ទៅ​បំភ្លឺ​ក្នុង​សំណុំ​រឿង​នេះ ជា​រឿយ​ៗ​រហូត​មក​។

អស់​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ ​ពេល​វេលា​និង​ការ​ប្រព្រឹត្ត​របស់​អ្នក​នយោបាយ​កម្ពុជា បាន​ពិសោធ​ឲ្យ​ឃើញ​ថា កិច្ច​ព្រម​ព្រៀង​ថ្ងៃ​ទី​២២​កក្កដា ​គ្រាន់​តែ​ជា​កិច្ច​សន្យា​នយោបាយ ដែល​ធ្វើ​ឡើង​ក្រោម​សម្ពាធ​របស់​គណបក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ​។ ទោះ​ជា​យ៉ាង​ណា​​ក៏​ដោយ​ចុះ យ៉ាង​ហោច​ណាស់ កិច្ច​ព្រម​ព្រៀង​ថ្ងៃ​ទី​២២​កក្កដា បាន​​បិទ​បញ្ចប់​វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​។ គណបក្ស​ទាំង​ពីរ ត្រូវ​ការ​ពេល និង​ការ​ប្ដេជ្ញា​ចិត្ត​ច្រើន​ជាង​នេះ​ទៀត ទើប​អាច​​អនុវត្ត​ខ្លឹមសារ​នៃ​កិច្ច​ព្រម​ព្រៀង​ថ្ងៃ​ទី​២២​កក្កដា ឲ្យ​បាន​ពេញ​លេញ​ពិត​ប្រាកដ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ