ACU ផ្ដើមស្រាវជ្រាវថ្លៃបណ្ណាការ១០ម៉ឺនដុល្លាររបស់ស្នងការរងខេត្តកណ្ដាល
អង្គភាពប្រឆាំងអំពើពុករលួយACU នៅថ្ងៃទី២៧កុម្ភៈម្សិលមិញ បានប្រកាសបើកការស្រាវជ្រាវទ្រព្យសម្បត្តិ លោកឧត្ដមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្ដាល។ ជាការស៊ើបអង្កេតធ្វើឡើងក្រោយស្នងការរងរូបនេះ ជូនថ្លៃបណ្ណាការ១០ម៉ឺនដុល្លារ និងរថយន្តមួយគ្រឿងទៅភាគីខាងស្រីក្នុងថ្ងៃភ្ជាប់ពាក្យ។ សង្គមស៊ីវិលសាទរចំណាត់ការនេះ តែពួកគេយល់ថា មន្ត្រីក្រាកៗមិនមែនមានតែម្នាក់ទេ ដែលមានប្រាស់លើពីបៀវត្សរ៍ប្រចាំខែ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គួររំឭកថា មុនACUធ្វើការស្រាវជ្រាវទ្រព្យសម្បត្តិ លោក ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្ដាលបានរងការរិះគន់ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីគាត់បានជូនថ្លៃបណ្ណាការ១០ម៉ឺនដុល្លារ និងរថយន្តមួយគ្រឿងទៅភាគីខាងស្រីក្នុងថ្ងៃភ្ជាប់ពាក្យ។ សាធារណៈជន បានចោទសួរទៅលើប្រភពថវិកាទាំងនោះ ខណៈប្រាក់បៀវត្សរ៍ប្រចាំខែមានចំនួនប្រមាណតែណជាជិត២លានរៀលក្នុងមួយខែ។
ជាមួយគ្នានេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានសាទរចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការស្រាវជ្រាវទ្រព្យសម្បត្តិ លោក ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្ដាលរូបនេះ។ អ្នកនាំពាក្យដដែលក៏មានចម្ងល់មិនខុសពីមហាជនទៅលើប្រភពថវិកាយ៉ាងច្រើននេះដែរ។
លោក យ៉ង គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលើកឡើងថា អង្គភាពប្រឆាំងអំពើពុករលួយគួរធ្វើការស៊ើបអង្កេតទៅលើមុខរបរឯទៀតក្រៅពីតួនាទីជាមន្ត្រីសាធារណៈរបស់លោក ស្រេង សុខា។ ប្រសិនរកឃើញភាពមិនប្រក្រតី អង្គភាពប្រឆាំងអំពើពុករលួយគួរតែផ្តន្ទាទោសទៅតាមច្បាប់ដើម្បីជាការព្រមានដល់មន្ត្រីសាធារណៈឯទៀត។
ដោយឡែក លោក គឹម រស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរី ACUជិតបញ្ចប់ការស៊ើបអង្កេតក្នុងសំណុំរឿងពុករលួយហើយ ខណៈការស៊ើបអង្កេតទៅលើភរិយាព្រមទាំងកូនបីនាក់របស់លោក គឹម រស្មី បានបិទបញ្ចប់។ សូមបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវបានវាយតម្លៃថា ស្ថិតនៅលេខរៀងទី ១៦១ ក្នុងចំណោមប្រទេស១៨០។ សម្រាប់ចំណាត់ថ្នាក់នេះ កម្ពុជានៅតែមានអំពើពុករលួយខ្ពស់ដដែល។ នេះបើតាមអង្គការតម្លាភាពអន្តរជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ