អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល​បារម្ភ​ពី​វត្តមាន​អ្នក​សង្កេត​ការណ៍​របស់​ ACU ក្នុង​ពេល​ប្រឡង​បាក់ឌុប​២០១៧

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ការ​ប្រឡង​បាក់ឌុប នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២១​សីហា​ខាង​មុខ​នេះ​ហើយ ដោយ​មាន​បេក្ខជន​ចូល​រួម​ប្រឡង​សរុប​ចំនួន​ជាង​១០​ម៉ឺន​នាក់ នៅ​​ទូទាំង​ប្រទេស​។ ខណៈ​ដែល​ការ​ប្រឡង​បាក់ឌុប​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ACU បាន​រៀប​ចំ​ការ​បណ្ដុះ​បណ្ដាលសម្រាប់​​​អ្នក​សង្កេត​ការណ៍​ជិត​៥​ពាន់​នាក់ អំពី​តួនាទី​និង​ភារកិច្ច​របស់​អ្នក​សង្កេត​ការណ៍​។ ប៉ុន្តែ​​សមាគម​គ្រូ​បង្រៀន​កម្ពុជា​យល់​ឃើញ​ថា វត្តមាន​អ្នក​សង្កេតការណ៍​របស់ ACU នេះ មិន​ចាំ​បាច់ទាល់​តែ​​សោះ​សម្រាប់​ការ​ប្រឡង​​។

សិស្សថ្នាក់ទី១២ តម្រង់​ជួរ​ត្រៀម​ចូលប្រលងបាក់ឌុប កាលពីឆ្នាំ​កន្លង​ទៅ។
សិស្សថ្នាក់ទី១២ តម្រង់​ជួរ​ត្រៀម​ចូលប្រលងបាក់ឌុប កាលពីឆ្នាំ​កន្លង​ទៅ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក​ស្រី អ៊ុក ឆាយ៉ាវី ប្រធាន​ស្ដី​ទី​សមាគម​គ្រូ​បង្រៀន​កម្ពុជាឯករាជ្យ មើល​ឃើញ​ថា ការ​អនុញ្ញាត​ឲ្យ​មាន​អ្នក​សង្កេតការណ៍​របស់ ACU នៅ​ក្នុង​ពេល​ប្រឡង បាន​បង្ហាញ​ពី​អសមត្ថភាព​របស់​ក្រសួង​អប់រំ ក្នុង​ការ​រៀបចំ​ការ​ប្រឡង​ប្រកប​ដោយ​សុក្រឹតភាព​។ សម្រាប់​ប្រធាន​ស្ដី​ទី​សមាគម​គ្រូ​បង្រៀន​រូប​នេះ ក្រសួង​អប់រំគួរ​តែ​ដើរ​តួ​រៀបចំ​និង​ដឹក​នាំ​ការ​ប្រឡង​ដ៏​សំខាន់​នេះ​ដោយ​ខ្លួន​ឯង ដោយ​អនុញ្ញាត​ឲ្យ​លោក​គ្រូ អ្នក​គ្រូ បំពេញ​ភារកិច្ច​ជា​គណៈមេប្រយោគ និង​ជា​អ្នក​សង្កេតការណ៍​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំ​បាច់​មាន​ការ​ឃ្លាំ​មើល​​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​ឡើយ​។ នេះ​បើ​តាម​លោក​ស្រី អ៊ុក ឆាយ៉ាវី​។

ចំណែក​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ វិញ​។ លោក​មិន​ជំទាស់​នឹង​វត្តមាន​អ្នក​សង្កេតការណ៍​របស់ ACU ក្នុង​ពេល​ប្រឡង​បាក់ឌុប​ទេ ប៉ុន្តែ​លោក​កត់​សម្គាល់​ឃើញ​ថា អ្នក​សង្កេតការណ៍​មួយ​ចំនួន​តូច​របស់ ACU មាន​ឥរិយាបទ​ខ្វះខាត​​នៅ​ពេលបំពេញ​ការងារ​ជាមួយ​អនុរក្ស​។ ក្នុង​ន័យ​នេះ លោក សន ជ័យ ទទូច​ឲ្យ​មាន​ការពង្រឹង​​សីលធម៌​​របស់​អ្នក​សង្កេតការណ៍​បន្ថែម​ទៀត ដើម្បី​ធានា​ថា អ្នក​សង្កេតការណ៍​នឹង​ជួយ​បំពេញ​បន្ថែម​ឲ្យ​ការ​ប្រឡង មិន​មែន​ក្លាយ​ជា​ឧបសគ្គ​សម្រាប់​ការ​ប្រឡង​ទេ​​។

សូម​រំឭក​ជូន​ថា ក្រសួង​អប់រំ​ បាន​បើក​ឲ្យ​មាន​អ្នក​សង្កេតការណ៍​ការ​ប្រឡង​ជា​លើក​ដំបូង​នៅ​ក្នុង​សម័យ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០១៤ ដោយ​សហការណ៍​ជាមួយ​ ACU។ ដើម្បី​អាច​ចូល​រួម​សង្កេតការណ៍​ប្រឡង​បាន អ្នក​ពាក់ព័ន្ធ​ត្រូវ​ដាក់​ពាក្យ​សុំ​ទៅ​កាន់​ ACU ហើយ ACU នឹង​បើក​វគ្គ​បណ្ដុះ​បណ្ដាលអំពី​តួនាទី​និង​ភារកិច្ច​របស់​អ្នក​សង្កេត​ការណ៍​។ នៅ​ឆ្នាំ​២០១៧​នេះ អ្នក​សង្កេតការណ៍​ប្រឡង​បាក់ឌុប​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​នៅ​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មាន​​ចំនួន​សរុប​​​៤៨១៦​នាក់។

ចំណែក​ការ​ប្រឡង​បាក់ឌុប​នៅ​ឆ្នាំ​នេះ មាន​បេក្ខជន​ចូល​រួម​ប្រឡង​សរុប​១០៣ ១១២​នាក់ នៅ​មណ្ឌល​ប្រឡង​ចំនួន​១៧៨ ចែក​ជា​៤ ១៥៤​បន្ទប់ នៅ​ទូទាំង​ប្រទេស​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ