អានតួអត្ថបទ
កម្ពជា

នៅ​​ខេត្ត​សៀមរាប ​សភា​​និយាយ​​ភាសា​​បារាំង ​បន្ត​​ជជែក​​ពី​​បញ្ហា​​សន្តិសុខ​​ក្នុង​​តំបន់​​និង​​អន្តរជាតិ​

សភា​កម្ពុជា​និង​សភា​និយាយ​ភាសា​បារាំង​APF បន្ត​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​របស់ខ្លួន​បន្ត​ទៀត នៅ​ថ្ងៃទី២៩មករា​នេះ។ សមាជិកសភា​កម្ពុជា សមាជិក​ព្រឹទ្ធសភា និង​តំណាង​រដ្ឋា​ភិ​បាល​ខ្មែរ ដែល​ចេះ​ភាសា​បារាំង​ច្បាស់លាស់ បាន​ចូលរួម​ប្រជុំ​នៅក្នុង​ពិធី​នេះ។ នៅ​ថ្ងៃទី១ លោក ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា ជា​អ្នកធ្វើ​សុន្ទរកថា​បើក​កម្មវិធី ហើយ​ថ្ងៃទី២នេះ លោក កឹម សុខា ក្នុងនាម​ជា​ប្រធាន​ក្រុម​សភាជាតិ​កម្ពុជា នឹងធ្វើ​សុន្ទរកថា​បិទ​អង្គប្រជុំ។ តើ​កិច្ចប្រជុំសភា​និយាយ​ភាសា​បារាំង ចំនួន២ថ្ងៃនេះ និយាយ​ពីអ្វី​ខ្លះ?   

សភា​កម្ពុជា​និង​សភា​និយាយ​ភាសា​បារាំង​APF បើក​កិច្ច​ប្រជុំ​ពីរ​ថ្ងៃ​នៅ​ខេត្ត​សៀមរាប​
សភា​កម្ពុជា​និង​សភា​និយាយ​ភាសា​បារាំង​APF បើក​កិច្ច​ប្រជុំ​ពីរ​ថ្ងៃ​នៅ​ខេត្ត​សៀមរាប​ RFI/Heng Oudom
ផ្សាយពាណិជ្ជកម្ម

តាំង​ពីថ្ងៃ​ប្រជុំ​ទី១ សភា​និយាយ​ភាសា​បារាំង បាន​បើក​ការជជែក​ពិភាក្សា​ពី​កិច្ចការ​ក្នុង​តំបន់​និង​អន្តរជាតិ ដូចជា​បញ្ហា​សន្តិសុខ​អន្តរជាតិ, ការប្រឆាំង​អំពើ​ភេ​វរ​កម្ម, បញ្ហា​បរិស្ថាន​ពិភពលោក​បន្ទាប់ពី​កិច្ចប្រជុំ​អាកាសធាតុ​នៅ​ប្រទេស​បារាំង COP21, ព្រមទាំង​ប្រធានបទ​ស្តីពី​វប្បធម៌​និង​ទេសចរណ៍​ក្នុងចំណោម​ប្រទេស​ជា​សមាជិក។ ទាក់ទង​នឹង​កិច្ចការ​សភា​វិញ ក៏មាន​ការលើកឡើង​ពី​សមភាព​រវាង​អ្នកតំណាង​ស្ត្រី​និង​បុរស​នៅក្នុង​សភា, អ្នកតំណាងរាស្ត្រ​វ័យក្មេង Jeune Parlementaire  ព្រមទាំង​គម្រោង​អភិវឌ្ឍ​បច្ចេកវិទ្យា​នៅ​តំបន់​អាហ្វ្រិក​ជាដើម។

 
គួរ​កត់សម្គាល់ថា តាំងពីព្រឹក​ថ្ងៃទី​មួយ​នៃ​ការបើក​កម្មវិធី​មកម្ល៉េះ ដែល​លោក Aubin MINIKU ប្រធានសភា​និយាយ​ភាសា​បារាំង បាន​សង្កត់ធ្ងន់ថា ប្រទេស​ជាច្រើន​ដែលជា​សមាជិក​របស់ APF សភា​និយាយ​ភាសា​បារាំង កំពុងតែ​រងគ្រោះ​ដោយ​អំពើ​ភេ​វរ​កម្មនា ពេល​កន្លងទៅ និង​ក៏​កំពុងតែ​ប្រឈមមុខ​បន្តទៀត។ លោក​ប្រធានសភា​និយាយ​ភាសា​បារាំង ក៏បាន​ធ្លោយមាត់​ដែរ​ថា​នឹង​ជជែក​ពី​បញ្ហា​ការវាយដំ​លើ​តំណាងរាស្ត្រ​បក្សប្រឆាំង២នាក់ ដោយ​ក្រុមបាតុករ​មួយក្រុម ហើយ​និង​ករណី​លោក សម រង្ស៊ី ជា​តំណាងរាស្ត្រ​និង​ជា​ប្រមុខ​បក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន។ ក៏ប៉ុន្តែ​បញ្ហា​ទាំង​ពីនេះ មិនត្រូវ​បាន​លើក​យកទៅ​ពិភាក្សា​ដេញដោល​យ៉ាង​ផុសផុល​នោះទេ ក្នុងការ​ប្រជុំ២ថ្ងៃ​មកនេះ។

សូមបញ្ជាក់ថា រឿងរ៉ាវ​ជាច្រើន​ដែល​យកទៅ​ជជែក​ភាគច្រើន ក្នុង​ពីរ​ថ្ងៃនេះ គឺ​បញ្ហា​ទូទៅ​របស់​អាហ្វ្រិក ការព្រួយបារម្ភ​ពី​វិបត្តិ​សង្គ្រាម​នៅ​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់ ស្ថានភាព​នៅ Burkina Faso, Haiti, អាហ្វ្រិក​កណ្តាល និង​ការវិវត្ត​របស់​សហគម​ន៍​និយាយ​ភាសា​បារាំង ការអភិវឌ្ឍ​ភាសា​បារាំង ព្រមទាំង​ដំណើរការ​ការងារ​បន្ត​ទៀត​របស់ APF ។

សូម​ជម្រាបជូន​ថា ប្រទេស​កម្ពុជា បាន​ចូលរួម​បង្កើត​អង្គការ​ប្រទេស​និយាយ​ភាសា​បារាំង​OIF និង​សភា​និយាយ​ភាសា​បារាំង APF តាំងពី​ទសវត្ស១៩៦០មកម្ល៉េះ។ ហើយ​សភាជាតិ​កម្ពុជា បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិ​ន្ត្រៃ​របស់​សភា​និយាយ​ភាសា​បារាំង APF នេះ ចំនួន​ពីរដង​មកហើយ គឺ​លើក​ទី១នៅ​ឆ្នាំ២០១២ ហើយ​លើក​ទី២ នៅ​ចុងខែ​មករា ឆ្នាំ២០១៦នេះ៕

 

 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ