អានតួអត្ថបទ
កម្ពុជា-ច្បាប់

៥ខែដើម​ឆ្នាំ២០១៨៖ អាជ្ញាធរ​ឃុំ​ខ្លួន​អ្នកជួញដូរគ្រឿងញៀនជាង៣ពាន់នាក់

នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​អស់​រយៈ​ពេល​៥​ខែ​ដើម​ឆ្នាំ​២០១៨​នេះ អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ជាង​៣ពាន់​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។ ចំណែក​អ្នក​ប្រើ​ប្រា​ស់​​ជាង​២៥០០នាក់​បាន​បញ្ជូន​ទៅ​ព្យា​បាល​ឬ​ប្រគល់​ជូន​ទៅ​អាណាព្យា​បាល។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់ លោក មាស វីរិទ្ធ អគ្គលេខា​ធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន។

ពិធី​ដុតបំផ្លាញ​គ្រឿងញៀន នៅ​ក្នុង​ខ័ណ្ឌ​មានជ័យ កាលពេលកន្លងមក
ពិធី​ដុតបំផ្លាញ​គ្រឿងញៀន នៅ​ក្នុង​ខ័ណ្ឌ​មានជ័យ កាលពេលកន្លងមក RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

លោក មាស វីរិទ្ធ អគ្គលេខា​ធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិនៅ​ថ្ងៃ​អាទិត្យ​នេះ​ថា បទ​ល្មើស​គ្រឿង​ញៀន​ជិត​៤​ពាន់​ករណី​ត្រូវ​បាន​បង្ក្រាប​នៅ​ក្នុង​រយៈ​ពេល​៥​ខែ​ដើម​ឆ្នាំ២០១៨​នេះ ដោយ​ឃាត់​ខ្លួន​អ្នក​ពាក់ព័ន្ធ​បាន​ជាង​៦​ពាន់​នាក់ ក្នុង​នោះ​មាន​ស្រី​ជាង​៥០០​នាក់​។ ក្នុង​ចំណោម​អ្នក​ដែល​ឃាត់​ខ្លួន​បាន​ទាំង៦​ពាន់​នាក់ សមត្ថកិច្ច​បាន​សម្រេច​បញ្ជូន​មនុស្ស​ជាង​៣​ពាន់​នាក់​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ ពាក់ព័ន្ធនឹង​ការ​ជួញដូរគ្រឿង​ញៀន​។

លោក មាស វីរិទ្ធ អគ្គលេខា​ធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​កត់​សម្គាល់​ថា ប្រតិបត្តិ​ការ​បង្ក្រាប​គ្រឿង​ញៀន​រយៈ​ពេល​៥​ខែ​ដើម​ឆ្នាំ២០១៨​នេះ​មាន​ការ​ថយ​ចុះ បើ​ធៀប​នឹង​ពេល​វេលា​ដូច​គ្នា​ក្នុង​ឆ្នាំ២០១៧។ ក្នុង​ឆ្នាំ​២០១៧ អាជ្ញាធរ​​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញឿន​គ្រប់​ប្រភេទ​កើន​ឡើង​ខ្លាំង​ជាង​ឆ្នាំ​២០១៦​ដល់​ទៅ​ជាង​៩២​ភាគ​រយ។ ក្នុង​នោះ អាជ្ញាធរ ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​១៧៧៩៥​នាក់ មាន​ស្រី​១៥៨៤​នាក់។ ​ចំណែកគ្រឿង​ញៀន​វិញ អាជ្ញាធរ​​បាន​រឹប​អូស​ចំនួន​ជាង​២៩៦​គីឡូក្រាម​ឯណោះ​នៅ​ក្នុង​ការ​បង្រ្កាប​ពេញ​មួយ​ឆ្នាំ​២០១៧​កន្លង​ទៅ​។

សូមបញ្ជាក់ថា មនុស្ស​ជាង​១ម៉ឺន​៥​ពាន់​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លូន​ទាក់​ទង​បទល្មើស​គ្រឿង​ញៀន ចាប់​តាំង​ពីដើម​ឆ្នាំ​២០១៧ ពោល​គឺ​នៅ​ពេល​ដែល​អាជ្ញាធរ​ប្រកាស​បើក​ប្រតិបត្តិការក្ដៅ​​ថ្នាក់​ជាតិ ​ដើម្បី​បង្ក្រាប​គ្រឿង​ញៀន​ខុស​ច្បាប់​។ ចំនួន​អ្នក​ជាប់​ឃុំ​ដែល​កើន​ឡើង​យ៉ាង​គំហុក​នេះ ធ្វើ​ឲ្យ​មាន​ភាព​ចង្អៀត​ណែន​នៅ​ក្នង​ពន្ធនាគារ។ ប្រឈម​បញ្ហា​នេះ លោក នុត សាវនា ​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​លើក​ឡើង​ថា អាជ្ញា​ធរ​កំពុង​រកវិធាន​ការណ៍​ដោះ​ស្រាយ​បញ្ហា​នេះ តាម​រយៈ​កិច្ច​សហការ​ជាមួយ​ដៃ​គូ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក តាមរយៈ​ការ​អនុវត្ត​ទោស​ជំនួស ឬ​វិធី​សាស្ត្រ​នៅ​ក្នុង​ព្យាបាល​អ្នក​ញៀន​ថ្នាំ​ជា​ដើម។ ជុំវិញ​បញ្ហា​នេះ កន្លងមក មន្ត្រី​នៃ​ក្រសួងយុត្តិធម៌​ធ្លាប់​បង្ហើប​ថា ដំ​ណោះ​​ស្រាយ​គឺ​ការ​អនុវត្ត​ទោស​ជំនួស​ ឬ​ក៏​វិសាលភាព​នៃ​ការ​ពង្រីក​ពន្ធនាគារ​បន្ថែមទើ​ប​​អាច​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ