អានតួអត្ថបទ
កម្ពុជា

វិវាទ​​ផ្ទៃ​ក្នុង​​គណបក្ស​ប្រឆាំង​​នៅ​​សៀមរាប​​មិន​ទាន់​បាន​​ដោះស្រាយ​

បន្ទាប់ពី​បាន​ជួបប្រជុំ​ជាមួយ​សមាជិក​តាម​មូលដ្ឋាន​របស់ខ្លួន​នៅ​ខេត្តសៀមរាប​កាលពី​ថ្ងៃ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ទាក់ទង​នឹង​សំណើសុំ​ដូរ​អ្នកស្រី​កែ សុវណ្ណ​រតន៍ចេញពី​ប្រធាន​ក្រុមការងារ​ខេត្ត​នោះ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់បាន​សម្រេច​បែបណា​មួយ​នៅឡើយ​ទេ។ ថ្នាក់ដឹកនាំ​បក្សប្រឆាំង កំពុងធ្វើការ​ពិចារណា​ចំពោះ​ករណីនេះ។ ប៉ុន្តែ​ក្រុមប្រឆាំង​លោកស្រី​កែ សុវណ្ណ​រតន៍ បាន​ព្រមាន​ទុកជាមុន​ថា នឹងធ្វើ​ការតវ៉ា​ជាថ្មី ប្រសិនបើ​លោកស្រី​កែ សុវណ្ណ​រតន៍​នៅមាន​វត្តមាន​ក្នុង​ខេត្តសៀមរាប​ទៀត​នោះ។

លោកស្រី​​កែ សុវណ្ណ​រតន៍ ​តំណាងរាស្រ្ត ​និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្រ្គោះជាតិ​ប្រចាំ​ខេត្ត​សៀមរាប​
លោកស្រី​​កែ សុវណ្ណ​រតន៍ ​តំណាងរាស្រ្ត ​និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្រ្គោះជាតិ​ប្រចាំ​ខេត្ត​សៀមរាប​ @Ke Sovannroth
ផ្សាយពាណិជ្ជកម្ម

ការដូរ ឫ​មិន​ដូរ លោកស្រី​កែ សុវណ្ណ​រតន៍ ចេញពី​តំណែង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្តសៀមរាប​នោះ គឺ​ស្ថិតនៅក្នុង​ភាពមិនច្បាស់លាស់​នៅឡើយ។ មិនទាន់​ច្បាស់លាស់ គឺ​ដោយសារតែ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​បានធ្វើ​ការសម្រេច​បែប​ណាមួយ​នៅឡើយ​ទេ​ចំពោះ​ករណីនេះ។

លោក​សម រង្ស៊ី និង លោក​កឹម សុខា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិនអាច​ទាក់ទង​ការសុំ​បំភ្លឺ​បន្ថែម​បាន​នោះទេ​ជុំវិញ​រឿងនេះ នៅ​ថ្ងៃ​សុក្រ​ទី០៦ មីនា។ ប៉ុន្តែ​លោក​អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចុះទៅ​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​លោក​សម រង្ស៊ី និង​លោក​កឹម សុខា បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ពី​ខេត្តសៀមរាប​ថា ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង កំពុងធ្វើការ​ពិចារណា​លើ​សំណុំរឿង​លោកស្រី​កែ សុវណ្ណ​រតន៍​នេះ។

សូម​ជំរាបជូន​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍​លោក​សម រង្ស៊ី និង​លោក​កឹម សុខា រួមទាំង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួនទៀត​បាន​ចុះទៅ​ជួបប្រជុំ​ជាមួយ​ក្រុមការងារ​តាម​ថ្នាក់មូលដ្ឋាន​របស់ខ្លួន​នៅក្នុង​ខេត្តសៀមរាប ដើម្បី​ដោះស្រាយ​វិវាទ​ផ្ទៃក្នុង​គណបក្ស​នៅ​ទីនោះ។ ជា​វិវាទ​ដែល​សមាជិក​បក្ស​មួយចំនួន បានស្នើ​សុំ​ឲ្យ​ដូរ​លោកស្រី​កែ សុវណ្ណ​រតន៍ ចេញពី​ប្រធាន​ក្រុមការងារ​ខេត្តសៀមរាប ដោយ​ពួកគេ​ចោទថា លោកស្រី​ជា​មនុស្ស​បក្ខពួកនិយម។ ហើយ​ការជួបប្រជុំ​នេះ​គ្នា​នេះ​ទៀតសោត គឺ​បាន​ធ្វើឡើង​បន្ទាប់​ក្រុមប្រឆាំង​លោកស្រី​កែ សុវណ្ណ​រតន៍ បានធ្វើ​ការតវ៉ា​ទាមទារ​ដូរ​លោកស្រី​ចេញ​តំណែង​នៅ​ពីមុខ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ​ផងដែរ។

លោក​មុត ម​ល្លា ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តសៀមរាប​ឲ្យ​ដឹងថា ការប្រជុំ​កាល​ថ្ងៃ​ព្រហស្បតិ៍​នោះ មាន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ប្រមាណ​ជិត៣០០នាក់ និង​ធ្វើឡើង​ជិត​ពីរ​ម៉ោង។ ហើយ​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​សាធារណៈ​នោះដែរ សមាជិក​ក្រុមការងារ​ខេត្តសៀមរាប​ទាំង​អ្នកគាំទ្រ និង​អ្នកប្រឆាំង​លោកស្រី​កែ សុវណ្ណ​រតន៍ សុទ្ធតែ​បាន​ឡើង​ថ្លែង​មតិផ្សេងៗរបស់ខ្លួន​ចំពោះ​លោកស្រី​កែ សុវណ្ណ​រតន៍។

ក៏ប៉ុន្តែ​លោក​គង់ សឿន អនុប្រធាន​គណៈកម្មាធិកា​រ​ប្រតិបត្តិ​ថ្នាក់​ខេត្ត បានចាត់ទុក​ការប្រជុំ​ពិភាក្សា​នោះ​ថា មិនមែនជា​ការដោះស្រាយ​បញ្ហា​នោះទេ តែ​ផ្ទុយទៅវិញ​ជាការ​សម្របសម្រួល។ ជាការ​សម្របសម្រួល​ដែល​លោក​គង់ សឿន មើលឃើញថា មានការ​លម្អៀង​ទៅខាង​លោកស្រី​កែ សុវណ្ណ​រតន៍ ។ បើតាម​អ្នកប្រឆាំង​លោកស្រី កែ សុវណ្ណ​រតន៍​រូបនេះ សមាជិក​ក្រុម​កា​ងារ​ខេត្ត​ដែល​មិន​គាំទ្រ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ឡើង​ថ្លែង​មតិ និង​បង្ហាញ​ភ​ស័​តាង​ពី​ការប្រឆាំង​របស់ខ្លួន​នោះទេ។ ប្រឈម​នឹង​ទង្វើ​បែបនេះ លោក​គង់ សឿន បាន​ព្រមាន​ថា លោក​នឹង​ដឹកនាំ​ធ្វើបាតុកម្ម​តវ៉ា​ជាថ្មី​ប្រសិនបើ​លោកស្រី​កែ សុវណ្ណ​រតន៍​នៅ​ធ្វើជា​ប្រធាន​ក្រុមការងារ​ខេត្តសៀមរាប​ដដែល​នោះ។

យ៉ាងណាក៏ដោយ ទោះបី​មិនទាន់បាន​សម្រេច​បែបណា​មួយ​ចំពោះ​ករណី​លោកស្រី កែ សុវណ្ណ​រតន៍​នេះ​ក៏ពិតមែន ក៏ប៉ុន្តែ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​ផ្លាស់ប្តូរ​អនុប្រធាន​ក្រុមការងារ​ខេត្តសៀមរាប​ដោយ​ដាក់បញ្ចូល​លោក​ទួន យក់​ដា តំណាងរាស្ត្រ​ប្រចាំ​មណ្ឌល​ខេត្តកំពង់ចាម​ជំនួស​អនុប្រធាន​ចាស់​ដែល​ត្រូវ​ផ្លាស់ប្តូរ​ទៅកាន់​ខេត្ត​ផ្សេង។ នេះ​បើតាម​បង្ហើប​ឲ្យ​ដឹង​ពី​លោក​អ៊ុំ សំអាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ