វិវាទផ្ទៃក្នុងបក្សប្រឆាំងខេត្តសៀមរាបត្រូវបានលើកយកមកពិភាក្សា
អ្នកតំណាងគណបក្សសង្គ្រោះជាតិតាមមូលដ្ឋានក្នុងខេត្តសៀមរាប ប្រមាណជា២៥០នាក់ បានប្រជុំគ្នារយៈពេល២ម៉ោង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្តាប់បទបញ្ជាផ្ទៃក្នុងគណបក្ស សំណេះសំណាលគ្នា និងចោទឆ្លើយ ទាក់ទងនឹងសំណើសុំដូរអ្នកស្រីកែ សុវណ្ណរតន៍ ចេញពីប្រធានក្រុមការងារខេត្តនេះ។ នោះជាការដោះស្រាវវិវាទផ្ទៃក្នុងដែលបានស្តែងចេញតាមរយៈការតវ៉ារបស់សមាជិកនិងអ្នកគាំទ្រប្រហែល៥០នាក់ នៅមុខទីស្នាក់ការកណ្តាលនៃគណបក្សប្រឆាំង កាលពីថ្ងៃចន្ទ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៤១
លោកសម រង្ស៊ី និងលោកកឹម សុខា ដែលជាប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើជាអធិបតីក្នុងការប្រជុំនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីដោះស្រាយវិវាទផ្ទៃក្នុងរបស់គណបក្សនេះនៅខេត្តសៀមរាប។ រហូតមកដល់ត្រឹមម៉ោង១២និង៣០នាទីរសៀលនេះ កិច្ចប្រជុំនោះមិនទាន់បានបញ្ចប់នៅឡើយ ហើយក៏មិនទាន់សម្រេចបានលទ្ធផលយ៉ាងណាដែរ នេះបើតាមអ្នកស្រី ជូឡុង សូមួរ៉ា ដែលបានបញ្ជាក់ថា ការពិភាក្សា«ទើបចាប់ផ្តើម»។
បើយោងតាមលោក មុត មល្លា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តសៀមរាបវិញ កាប្រជុំចាប់ផ្តើមនៅម៉ោង១០និង៣០នាទីព្រឹក ថ្ងៃនេះ ហើយមានរយៈពេលយ៉ាងយូរប្រហែល២ម៉ោង។ លោក មុត មល្លា បន្ថែមទៀតថា អ្នកចូលរួមប្រជុំមានប្រហែល២៥០នាក់ ក្នុងនោះ២៣៨នាក់ជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតពីថ្នាក់ឃុំដល់ថ្នាក់ខេត្ត សមាជិកគណៈកម្មាធិការប្រតិបត្តិថ្នាក់ក្រុង និងថ្នាក់ស្រុក ព្រមទាំងប្រធានគណបក្សសង្គ្រោះជាតិថ្នាក់ឃុំ។
ប្រភពដដែលបានឱ្យដឹងថា ជំនួបថ្ងៃព្រហស្បតិ៍នេះប្រព្រឹត្តទៅដោយការសូត្របទបញ្ជាផ្ទៃក្នុងគណបក្សសង្គ្រោះជាតិតម្កល់ទុកនៅក្រសួងមហាផ្ទៃ ការសំណេះសំណាលគ្នា និងការចោទឆ្លើយគ្នាអំពីសំណើសុំដូរអ្នកស្រី កែ សុវណ្ណរតន៍ ចេញពីប្រធានក្រុមការងារគណបក្សនេះនៅខេត្តសៀមរាប។
ជម្លោះនោះបានស្តែងចេញតាមរយៈការតវ៉ារបស់សមាជិកនិងអ្នកគាំទ្រ សរុបប្រហែល៥០នាក់ ដែលបានធ្វើដំណើរពីខេត្តសៀមរាប មកតវ៉ា លើកបដា និងស្រែកទាមទារកាលពីថ្ងៃចន្ទ ឱ្យលោក សម រង្ស៊ី និងលោក កឹម សុខា ដូរប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តសៀមរាប។ ក្រុមបាតុករដែលដឹកនាំដោយលោក គង់ សឿន អនុប្រធានគណៈកម្មាធិការប្រតិបត្តិថ្នាក់ខេត្ត បានចោទអ្នកតំណាងរាស្ត្រ កែ សុវណ្ណរតន៍ ថាធ្វើការ«ច្របូកច្របល់» និង«និយមបក្សពួក» ថ្វីបើក្រោមការដឹកនាំរបស់អ្នកស្រី សំឡេងឆ្នោតគាំទ្រគណបក្សប្រឆាំងនេះបានកើនឡើងពីជិត៣ម៉ឺន ទៅជាង១៤ម៉ឺនក្តី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ