អានតួអត្ថបទ
កម្ពុជា

ក្រុម​មេធាវី​ស្នើ​ដក​ឧបករណ៍​ថត​រូប​និង​ស្រូប​សម្លេង​ចេញ​ពីបន្ទប់​ឃុំ​ខ្លួន​លោក កឹម សុខា

ក្រុម​មេធាវី​ការពារ​ក្ដី​លោក​ កឹម សុខា ​កាល​ពី​ថ្ងៃ​ទី ១៥ កញ្ញា បាន​ស្នើ​ទៅ​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដក​កាមេរ៉ា​សុវត្ថិភាព និង​ឧបករណ៍​ស្រូប​សម្លេង​ផ្សេង​ៗ​ចេញ​ពី​បន្ទប់​ឃុំឃាំង​លោក កឹម សុខា និង​បន្ទប់​ជួប​សន្ទនា​ជាមួយ​មេធាវី​។ បើ​តាម​លិខិត​នេះ ការ​បំពាក់​កាមេរ៉ា សុវត្ថិភាព​ក្នុង​បន្ទប់​ឃុំ​ឃាំង​ គឺ​ផ្ទុយ​​ពី​ច្បាប់​ស្ដី​ពី​ពន្ធនាគារ និង​ច្បាប់​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​។ ក្រុម​មេធាវី​ក៏​ស្នើ​សុំ​យក​សំណៅ​ឯកសារ​ពាក់​ព័ន្ធ​ចូល​ទៅ​ជាមួយ​ផង​ដែរ នៅ​ពេល​មាន​ជំនួប​ជាមួយ​លោក​ កឹម សុខា​។

មន្ដ្រី​នគរបាល​ឈរ​នៅ​មុខ​មណ្ឌល​អប់រំ​កែប្រែ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ជាទី​ដែល​ឃុំ​ឃាំង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
មន្ដ្រី​នគរបាល​ឈរ​នៅ​មុខ​មណ្ឌល​អប់រំ​កែប្រែ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ជាទី​ដែល​ឃុំ​ឃាំង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ REUTERS
ផ្សាយពាណិជ្ជកម្ម

លិខិត​មួយ​ច្បាប់​របស់​ក្រុម​មេធាវី​ការពារ​ក្ដី​លោក​ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជម្រាប​លោក គី ឬទ្ធី ​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ថា នៅ​ក្នុង​បន្ទប់​ឃុំ​ខ្លួន​លោក កឹម សុខា មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​។ ក្រុម​មេធាវី​បន្ដ​ថា ការ​បំពាក់​កាមេរ៉ា​នេះ គឺ​ផ្ទុយ​នឹង​មាត្រា ៣៨ កឋាខណ្ឌ​១ នៃ​រដ្ឋ​ធម្មនុញ្ញ និង​មាត្រា ២៥ នៃ​ច្បាប់​ស្ដី​ពី​ពន្ធនាគារ​។

បើ​តាម​ក្រុម​មេធាវី នៅ​កន្លែង​ជួប​ប្រជុំ​រវាង​លោក កឹម សុខា និង​មេធាវី ក៏​មាន​ដែរ​ការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព ដែល​ក្រុម​មេធាវី​អះអាង​ថា នេះ​ជា​ការ​ផ្ទុយ​នឹង​មាត្រា ៣១ នៃ​ច្បាប់​ស្ដី​ពី​ពន្ធនាគារ និង​មាត្រា ១៤៩ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​។ អាស្រ័យ​ដូច​នេះ ក្រុម​មេធាវី​បាន​ស្នើ​ឲ្យ​យក​កាមេរ៉ា និង​ឧបករណ៍​ថត​សម្លេង​ចេញ​ពីបន្ទប់​ទាំង​នោះ​។

ក្រៅ​ពី​នេះ ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​មេ​បក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ស្នើ​សុំ​យក​ឯកសារ​ច្បាប់​ និង​សំណុំ​រឿង ចូល​ជួប​ពិគ្រោះ​យោបល់​ជាមួយ​មេធាវី និង​កូន​ក្ដី​ផង​ដែរ​។ ក្រុម​មេធាវី​បាន​ជម្រាប​ចៅក្រម​ស៊ើប​សួរ​ថា ចាប់​តាំង​ពី​ថ្ងៃ​ចូល​ជួប​លើក​ដំបូង និង​ការ​សន្ទនា​រវាង​កូន​ក្ដី និង​មេធាវី មន្ដ្រី​ពន្ធនាគារ​មិន​បាន​អនុញ្ញាត​ឲ្យ​យក​ ប៊ិច សៀវភៅ​ច្បាប់ ក្រដាស​ស​ និង​ឯកសារ​សំណុំ​រឿង កាន់​ចូល​ជួប​លោក កឹម សុខា ទេ​។ ក្រុម​មេធាវី​ចាត់​ទុក​ថា ទង្វើ​នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ និង​ផ្ទុយ​ពី​មាត្រា ១៤៩ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​។

ក្រុម​មេធាវី​ក៏​បាន​ស្នើ​ផ្ដល់​វិទ្យុ​មួយ​គ្រឿង​ដល់​លោក​ កឹម សុខ សម្រាប់​ស្ដាប់​ផង​ដែរ​។ បើ​តាម​ក្រុម​មេធាវី​ មាត្រា ៣៧ នៃ​ច្បាប់​ស្ដី​ពី​ពន្ធនាគា​ចែង​ថា កូន​ក្ដី​របស់​លោក​អាច​ទទួល​បាន​វិទ្យុ​មួយ​គ្រឿង​សម្រាប់​ស្ដាប់​ ដែល​ក្រុមគ្រួសារ​គាត់​នឹង​ទិញ​ជូន​។

លោក សំ សុគង់ មេធាវី​ម្នាក់​របស់​លោក កឹម សុខា បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​១៦ កញ្ញា​នេះ​ថា លោក​រំពឹង​ទុក​ថា ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​នឹង​ពិចារណា​ដោយ​ផ្អែក​លើ​អង្គហេតុ និង​នីតិវិធី​ច្បាប់​ជា​ចំបង​។ បើ​តាម​លោក​ សំ សុគង់ ចៅក្រម​ស៊ើប​សួរ​គួរ​ដក​កាមេរ៉ា និង​អនុញ្ញាត​ឲ្យ​យក​សំណៅ​ឯកសារ​ច្បាប់​ផ្សេង​ៗ ដើម្បី​ឲ្យ​មេធាវី​អាច​ពន្យល់​កូន​ក្ដី​អំពី សិទ្ធិ​និង​ផ្លូវ​ច្បាប់​ដល់​កូន​ក្ដី​។

វិទ្យុ​បារាំង​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក លី សុផាន់ណា អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ទេ ដោយ​លោក​បញ្ជាក់​ថា លោក​កំពុង​បំពេញ​បេសកម្ម​នៅ​ក្រៅ​ប្រទេស មិន​អាច​បក​ស្រាយ​បាន​ទេ​។

គួរ​រម្លឹក​ថា ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ជំទាស់​ចំនួន​ពីរ ទៅ​តុលាការ​ផង​ដែរ​។ បណ្តឹង​មួយ ដាក់​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា ហើយ​បណ្តឹង​មួយ​ទៀត ដាក់​ទៅ​កាន់​សាលា​ឧទ្ធរណ៍ ដើម្បី​សុំ​ជំទាស់​នឹង​ដីកា​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្នុង​ការ​ឃុំ​ខ្លួន​លោក កឹម សុខា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ