អានតួអត្ថបទ
កម្ពុជា

អូឡាំពិក​​កម្ពុជា​​កំណត់​​យក​​ថ្ងៃ​១៤​កុម្ភៈ​​ជា​​ព្រឹត្តិការណ៍​​រត់​ប្រណាំង​​ប្រចាំឆ្នាំ​

កា​​រត់​ប្រណាំង​«​ដើម្បី​​សេចក្តី​ស្រឡាញ់​​» ​នឹង​ត្រូវ​​កំណត់​​ធ្វើ​ជា​​រៀង​រាល់​ឆ្នាំ​​នៅ​​ថ្ងៃ​ទី​១៤​កុម្ភៈ ​។ ​គណៈកម្មាធិការ​​ជាតិ​​អូឡាំពិក​​កម្ពុជា​​ឲ្យ​​ដឹង​ថា ​ពិធី​​រត់ប្រណាំង​​តាម​បែប​​កម្សាន្ត​នេះ​ នឹង​ត្រូវ​​ធ្វើ​​ចាប់​ពី​​ឆ្នាំ​២០១៥​នេះ​​ទៅ ​ដោយ​មាន​​ការ​ចូលរួម​​ពី​​យុវវ័យ​​ប្រមាណ​​ជាង ​២ពាន់​នាក់​។ ​កា​រ​រត់​ប្រណាំង​​នេះ​​ដើម្បី​​ទាញ​​យុវវ័យ​​ឲ្យ​​សំឡឹង​មើល​​ពី​​កីឡា ហើយ​​មិនមែន​​ជា​ការ​​រត់​​ដើម្បី​​អបអរ​​ទិវា​​នៃ​​ក្តី​​ស្រឡា​ញ់​ (Valentine’s Day) ​ដូច​ដែល​​គេ​​ធ្វើ​ជា​​រៀងរាល់​ឆ្នាំ​​នោះ​ទេ​។​

ពលរដ្ឋខ្មែរ​​​​ និង ជន​បរទេស​បាន​​ចូលរួម​​រត់​​ប្រណាំង​​ក្នុង​ទីក្រុង​ភ្នំពេញ​នា​ពេល​កន្លងមក​
ពលរដ្ឋខ្មែរ​​​​ និង ជន​បរទេស​បាន​​ចូលរួម​​រត់​​ប្រណាំង​​ក្នុង​ទីក្រុង​ភ្នំពេញ​នា​ពេល​កន្លងមក​ RFI/Leang Delux
ផ្សាយពាណិជ្ជកម្ម

រហូតមកទល់​ពេលនេះ​យុវវ័យ​ជាង២៥០០នាក់​ហើយ ក្នុងនោះ​ភាគច្រើន​ជា​នារី​អាយុ​ពី១៥ឆ្នាំទៅ៣០ឆ្នាំ បាន​ចុះឈ្មោះ ត្រៀម​រត់ប្រណាំង​នៅក្នុង​ព្រឹត្តិការណ៍​ថ្ងៃទី១៤កុម្ភៈ​ខាងមុខ ដែល​រៀបចំឡើង​ដោយ​ផ្នែក​ស្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ ការរត់​នេះ​នឹងធ្វើ​នៅ​ភ្នំពេញ មាន​ចំងាយ​ផ្លូវ១៥គីឡូម៉ែត្រ។ បន្ទាប់ពី​ពិធី​រត់ប្រណាំង​ក៏មាន​រៀបចំ​ជាការ​រាំ​កម្សាន្ត
សប្បាយ និង​លេងល្បែង​ប្រជាប្រិយផ្សេងៗទៀត​ពេញ​មួយថ្ងៃ។

លោកវ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការរត់«ដើម្បី​សេចក្តីស្រឡាញ់​ទាំងអស់គ្នា»នេះ គឺធ្វើឡើង មិនមែនជា​ការអបអ​រ​ដល់​ទិវា​នៃ​សេចក្តីស្រលាញ់ Valentine’s Day ដែលជា​បុណ្យ​របស់​អឺរ៉ុប​នោះទេ។ លោកវ៉ា​ត់ ចំរើន បញ្ជាក់ថា ការប្រមូល​យុវវ័យ​ឲ្យ​រួមគ្នា​ចំ​ថ្ងៃ១៤កុម្ភៈ​នោះ​គឺ​ផ្តោត​ឲ្យ​ពួកគេ​នឹកគិត​តែ​ពី​កីឡា​ប្រសើរ​ជាង​ការយក​ពេលវេលា​ទៅ​គិត​ផ្តេសផ្តាស​ចំ​ថ្ងៃនោះ។ លោក សង្ឃឹមថា យ៉ាងហោចណាស់​ក៏​អាច​ទាក់ទាញ​យុវវ័យ​ពី​ការប្រព្រឹត្តិ​និង​យល់ឃើញ​ផ្តេសផ្តាស​បាន ៥០ភាគរយ​ដែរ​តាមរយៈ​ព្រឹត្តិការណ៍​នេះ។

សូមបញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ​បើ​ទោះណាជា​មានការ​ផ្សព្វផ្សាយ​យ៉ាងណា ក៏​យុវវ័យ​មួយចំនួន
នៅតែ​បំពាន ដោយ​ពួកគេ​យល់ថា​ថ្ងៃទី១៤កុម្ភៈ​គឺជា​ថ្ងៃបុណ្យ​សង្សារ ឬ​ថ្ងៃបុណ្យ​នៃ​សេចក្តី
ស្រឡាញ់​សម្រាប់តែ​គូសង្សារ​គេ​ប៉ុណ្ណោះ។ ពួកគេ​តែង​ឆ្លៀត​យក​ថ្ងៃនោះ ធ្វើ​ការផ្តោះប្តូរ​សេចក្តីស្រលាញ់​រវាង​គូសង្សារ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រពៃណី វប្បធម៌​ខ្មែរ​យ៉ាងខ្លាំង។អាជ្ញាធរតែងតែ​អំពាវនាវ​ឲ្យ​មានការ​ទប់ស្កាត់​បញ្ហា​នេះ តែ​មិនមែនជា​វិធានការ​តឹងរឹង​នោះទេ ដោយហេតុថា ក្រុម​យុវវ័យ​មួយចំនួន​បានលើកឡើង​ពី​សេរីភាព​របស់​ពួកគេ បើ​ទោះណាជាវប្បធម៌​នោះ​មិនមែនជា​របស់​ខ្មែរ​ក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ