អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី នៅ​តែ​ចង់​ចូល​រួម​បុណ្យ​សព​ម្ដាយ​ក្មេក​ប៉ុន្តែ​មិន​ទាន់​មាន​ភ្លើង​ខៀវ​ពីបក្ស​កាន់​អំណាច

លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​ឯង​នៅ​ក្រៅ​ប្រទេស​នៅ​តែ​រក្សា​ជំហ​ចង់​ ចូលស្រុក​ដើម្បី​ចូល​រួម​បុណ្យ​សព​ម្ដាយ​ក្មេក ប៉ុន្តែ​មិន​ទាន់​មាន​ភ្លើង​ខៀវ​ពី​គណបក្ស​កាន់​អំណាច។ គណបក្ស​កាន់​អំណាច​តាម​រយៈ​អ្នក​នាំ​ពាក្យ​ចាត់​ទុក​បំណង​ចង់​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ជា​ការ​ស្ទាប​ស្ទង់​សភាព​ការណ៍។

មន្ត្រីគណបក្សប្រឆាំងបានអះអាងថា លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលកំពុងរស់នៅដោយនិរទេសខ្លួន ដើម្បីគេចពីការជាប់ពន្ធនាគារនៅក្នុងប្រទេសកម្ពុជា មានបំណងចង់វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដើម្បីគោរពសពម្តាយក្មេកជាលើកចុងក្រោយ។
មន្ត្រីគណបក្សប្រឆាំងបានអះអាងថា លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលកំពុងរស់នៅដោយនិរទេសខ្លួន ដើម្បីគេចពីការជាប់ពន្ធនាគារនៅក្នុងប្រទេសកម្ពុជា មានបំណងចង់វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដើម្បីគោរពសពម្តាយក្មេកជាលើកចុងក្រោយ។
ផ្សាយពាណិជ្ជកម្ម

គិត​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​សៅរ៍​នេះ គណបក្ស​សង្គ្រោះជាតិ​នៅ​មិន​ទាន់​បាន​ចម្លើយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឡើយ​ទេ​ជុំវិញ​បំណង​វិល​ចូល​ស្រុក​ភ្លាមៗ​របស់​លោក សម រង្ស៊ី បន្ទាប់​ពី​លោក សម រង្ស៊ី ​បាន​សរសេរ​លិខិត​មួយ​ច្បាប់ ផ្ញើ​ទៅ​កាន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែនក្នុង​គោលដៅ​គឺ​ចង់​វិល​ត្រលប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​ម្តាយ​ក្មេក​របស់​លោក​ជា​លើក​ចុង​ក្រោយ។ ម្ដាយ​ក្មេក​លោក សម រង្ស៊ី ឧបាសិកា ញឹក ជូ​ឡុង-មាស​កេ​ត សម​ភ័​ក្រ ជា​ម្តាយបង្កើត​របស់លោក​ស្រី ជូ​ឡុង សូ​មូរ៉ា ត្រូវ​បូជា​នៅ​ថ្ងៃ​អាទិត្យ​ទី២៧​វិច្ឆិកា។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់​វិទ្យុ​បារាំង​ថា ប្រសិន​បើ​មានការ​សម្រប​សម្រួល​ពី​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សម រង្ស៊ី នឹង​ធ្វើ​ដំណើរ​មកគោរព​វិញ្ញាណក្ខន្ធ​ម្ដាយ​ក្មេក​របស់​គាត់។ ប៉ុន្តែ​បើ​មិន​ទាន់​មាន​ការ​សម្រប​សម្រួល​ទេ​លោក សម រង្ស៊ី នឹង​លើក​ពេល​មក​ប្រទេស​កម្ពុជា។

សូមបញ្ជាក់ថា លោក សម រង្ស៊ី ធ្លាប់​បាន​ទទួល​ការ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ​កម្ពុជា​កាលពី​ឆ្នាំ២០១៣ និង​បាន​វិល​មក​ចូលរួម​ការបោះឆ្នោត តាម​ការស្នើសុំ​ឲ្យ​លើកលែងទោស​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ដោយឡែក លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​លើក​ឡើង​ថា គ្មាន​ការ​សម្រប​សម្រួល​អ្វី​ដើម្បី​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​នោះ​ទេ។ លោក​បន្ថែម​ថា គណបក្ស​ប្រជាជនកម្ពុជា​ក៏​គ្មាន​តួនាទី​អ្វី​ក្នុង​ការ​សម្រប​សម្រួល​ជំនួស​ប្រព័ន្ធ​តុលាការ​ដែរ។ តែ​យ៉ាង​ណា​មិញ​លោក សុខ ឥសាន ចាត់​ទុក​បំណង​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ជា​បំណង​ស្ទាប​ស្ទង់​សភាពការណ៍។

គួរ​រំលឹក​ជូន​ថា លោក សម រង្ស៊ី ធ្លាប់បាន​ផ្ញើលិខិត រំលែក​ទុក្ខ​មួយច្បាប់​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​មរណភាព​របស់លោក​ព្រឹទ្ធាចារ្យ ហ៊ុន នាង ដែលជា​ឪពុក​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ដូចគ្នា​អញ្ចឹង​ដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​មួយ​ទៅកាន់​លោក​ស្រី ជូ​ឡុង ស៊ូ​មូរ៉ា ភរិយា​របស់លោក សម រង្ស៊ី ចំពោះ​មរណភាព​របស់​ម្តាយបង្កើត​របស់លោក​ស្រី និង​ជា​ម្តាយក្មេក​របស់លោក សម រង្ស៊ី​ផង។ លោកនាយក​រដ្ឋមន្ត្រី ថែមទាំង​បាន​ទូរ​សព្ទ​ទៅកាន់​ភរិយា​លោក សម រង្ស៊ី ដោយផ្ទាល់​ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ និង​​បាន​ចាត់តាំង​​កូនប្រុស​របស់លោក គឺ​លោក ហ៊ុន ម៉ា​នី​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​ដោយផ្ទាល់​ថែមទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ