អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល​៖ ​ការ​ហាម​ជេរ​ប្រមាថ​​អ្នក​នយោបាយ​​ជា​ការ​​រំ​លោភ​​សេរី​ភាព​​បញ្ចេញមតិ​

អង្គការ​​មិនមែន​​រដ្ឋាភិបាល​​ខ្លះ​​ថ្លែង​​រួម​គ្នា​​ថា​ ការ​ប៉ុនប៉ង​​ហាម​​មន្ត្រី​​សង្គម​ស៊ីវិល​​មិន​ឱ្យ​​សម្ភាស​​ជាមួយ​​ប្រព័ន្ធ​​ផ្សព្វផ្សាយ ​ឬ​​មិន​ឱ្យ​​ថ្លែងការណ៍​ផ្សេងៗ​ អំឡុង​ពេល​​បោះឆ្នោត ​គឺ​​ស្មើនឹង​​ការ​រំលោភ​​សេរីភាព​​បញ្ចេញមតិ​។ ​ការ​លើកឡើង​​ដូច្នេះ​​កើត​ឡើង​​ម្សិលមិញ ​បន្ទាប់​ពី​​អង្គការ​សិទ្ធិ​មនុស្ស​​ឮ​ថា​​គណបក្ស​​ប្រជាជន​កម្ពុជា ​និង​​គណបក្ស​​សង្គ្រោះ​ជាតិ​ គ្រោង​​បង្កើត​​វិធានការ​​ប្រឆាំង​​ទង្វើ​​ដែល​​អា​​ច​ជា​«​ការជេរ​ប្រមាថ​»​ចំពោះ​​គណបក្ស​នយោបាយ​។

គណបក្ស​ប្រជាជនកម្ពុជា និងសង្គ្រោះជាតិ សម្រេច​ហាម​អង្គការសង្គមស៊ីវិល ជេរប្រមាថ​​គណបក្ស​នយោបាយ​​ក្នុងអំឡុងពេល​បោះឆ្នោត
គណបក្ស​ប្រជាជនកម្ពុជា និងសង្គ្រោះជាតិ សម្រេច​ហាម​អង្គការសង្គមស៊ីវិល ជេរប្រមាថ​​គណបក្ស​នយោបាយ​​ក្នុងអំឡុងពេល​បោះឆ្នោត @RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​អំពី«វិធានការ​ថ្មី​ដែល​ហាមឃាត់​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការផ្តល់​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​ថ្លែងការណ៍ផ្សេងៗ ដែល​អាច«ជេរប្រមាថ»ដល់​គណបក្សនយោបាយ ក្នុងអំឡុងពេល​បោះឆ្នោត»។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​រួម​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយក្រុម កាលពី​ថ្ងៃ​ពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០១៥។

សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សមាគម​អាដហុក ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​មិនមែន​រដ្ឋាភិបាល៥ទៀត អះអាងថា៖«ការ​រឹតបន្តឹង​បែបនេះ​ស្មើនឹង​ការរំលោភបំពាន​សេរីភាព​ខាង​ការបញ្ចេញមតិ»

បើតាម​បណ្ដុំ​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំង៩នោះ ពេល​ចរចា​គ្នា​ដើម្បី​កែទម្រង់​ច្បាប់បោះឆ្នោត​កន្លងទៅ លោក ប៊ិន ឈិន ប្រធាន​ក្រុម​ខាង​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក គួ​យ ប៊ុន​រឿន ខាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា៖«វិធានការ​បែបនេះ​នឹងត្រូវ​យកមក​ពិចារណា​ដើម្បី​ធានា​នូវ​ឯករាជ្យភាព​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល»
អង្គការ​សង្គម​ស៊ីវិល​ខាងលើ ដែល«ព្រួយបារម្ភ​យ៉ាងខ្លាំង»នោះ បញ្ជាក់ថា៖ «បទបញ្ញត្តិ​ដែលមាន​ពាក្យ​មិន​ច្បាស់លាស់ ដាក់ទោស​ទណ្ឌ​ចំពោះ​ការ«ជេរប្រមាថ»ទៅលើ​គណបក្សនយោបាយ ឬ​បេក្ខជន​គណបក្សនយោបាយ អាច​ទុកចន្លោះ​ជាច្រើន​សម្រាប់​ឱ្យ​អាជ្ញាធរ​បកស្រាយ​យ៉ាង​ទូលាយ ដើម្បី​បង្ក្រាប​ដោយ​ស្របច្បាប់​ទៅលើ​សំឡេង​ប្រឆាំង»

ដោយ​ផ្អែក​តាម​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា និង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​កម្ពុជា​ជា​បានអនុម័ត​អនុវត្តតាម អង្គការ​ការពារ​សិទ្ធិមនុស្ស​ទាំងនោះ​អះអាងថា៖ «សេរីភាព​ស្រាវជ្រាវ​ព័ត៌មាន ទទួល និង​ផ្សព្វផ្សាយ​ព័ត៌មាន»ជា«សេរីភាព​នៃ​ការបញ្ចេញមតិ»ហើយ​ថា៖ «បុគ្គល​សាធារណៈ​ទាំងអស់ រួមទាំង​អ្នក​ដែលមាន​អំណាច​ខាង​នយោបាយ​ខ្ពស់បំផុត ដូចជា​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល គឺជា​កម្មវត្ថុ​សម្រាប់​ការរិះគន់ និង​ប្រឆាំង​ផ្នែក​នយោបាយ​ដោយ​ស្របច្បាប់»

យើងខ្ញុំ​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​លោក ប៊ិន ឈិន និង​លោក គួ​យ ប៊ុន​រឿន ដែរ ប៉ុន្តែ​មិនបាន​សម្រេច។ ប៉ុន្តែ លោក អេង ឆៃអ៊ាង សមាជិក​ក្រុម​ចរចា​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ប្រាប់ថា៖ «វិធានការ​នោះ​គឺ​សំដៅ​ធ្វើឱ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ធ្វើការ​ដោយ​អព្យាក្រឹត មិន​លម្អៀង ប៉ុន្តែ​មិន ហាមឃាត់​មន្ត្រី​សង្គម​ស៊ីវិល​មិនឱ្យ​បញ្ចេញយោបល់​ទេ»។ អ្នកតំណាងរាស្ត្រ​រូបនេះ​ជឿថា៖ «បើ​តុលាការ​ឯករាជ្យ និង​យុត្តិធម៌ វា​មិនមាន​បញ្ហា​ក្នុងការ​បកស្រាយ​អត្ថន័យ​នៃ​ការជេរប្រមាថ​ឡើយ»

លោក អេង ឆៃ​អៀង បញ្ជាក់ថា​បទល្មើស​ដែល​មានចែង​ក្នុង«ច្បាប់ព្រហ្មទណ្ឌ»គឺជា​មូលដ្ឋាន​នៃ​ការដាក់ទោស​ចំពោះ​ជេរប្រមាថ​ចំពោះ​គណបក្សនយោបាយ ឬ​អ្នកនយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ