អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សេវា​សាធារណៈ​​ជា​​គន្លឹះ​​សម្រាប់​​បំពេញ​ចិត្ត​​ម្ចាស់​ឆ្នោត​!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​បម្រើ​​សេវាសាធារណៈ​​គឺ​ជា​បញ្ហា​​អាទិភាព​​មួយ​​ក្នុង​ចំណោម​​បញ្ហា​​ជា​ច្រើន​​ដែល​​រដ្ឋាភិបាល​​គណបក្ស​​កាន់​អំណាច​​ត្រូវ​​ដោះស្រាយ​​ជា​បន្ទាន់​​មុន​គេ​​ដើម្បី​​ស្តា​រ​ប្រជាប្រិយភាព​​របស់​ខ្លួន​។​ មាន​​កំណែ​ទម្រង់​​ជា​ច្រើន​​ត្រូវ​បាន​​ដាក់​ចេញ​។ ​ជាក់ស្តែង ​ការ​បញ្ចុះ​​តម្លៃ​​អគ្គិសនី​​ដល់​​អ្នក​​ជួល​​ផ្ទះ​​ជា​​កិច្ច​ខិតខំ​​ប្រឹង​ប្រែង​​ដ៏​​ល្អ​​មួយ​​របស់​​អាជ្ញាធរ​​រដ្ឋា​ភិ​បាល​។ ​ប៉ុន្តែ ​នៅ​មាន​​បញ្ហា​​ច្រើន​​ទៀត​​ដែល​​ត្រូវ​​គិតគូរ​​ដោះស្រាយ​​ជា​បន្ទាន់​។ ​និយាយ​​ជារួម​ ការ​ទទួល​បាន​​សេវា​​ងាយស្រួល​​និង​​លឿន​​រហ័ស​​ដោយ​​មិន​ចាំបាច់​​បង់ប្រាក់​​ក្រៅ​ផ្លូវការ​ គឺ​ជា​​ក្តី​​ប្រាថ្នា​​របស់​​ម្ចាស់​ឆ្នោត​​គ្រប់គ្នា​។

សេវា​សាធារណៈ​​ជា​​គន្លឹះ​​សម្រាប់​​បំពេញ​ចិត្ត​​ម្ចាស់​ឆ្នោត
សេវា​សាធារណៈ​​ជា​​គន្លឹះ​​សម្រាប់​​បំពេញ​ចិត្ត​​ម្ចាស់​ឆ្នោត
ផ្សាយពាណិជ្ជកម្ម

ចុងក្រោយ​នេះ រដ្ឋាភិបាល​បាន​តម្រូវ​ឲ្យ​អាជ្ញាធរ​អគ្គិសនី​ត​ភ្លើង​ដែលមាន​តម្លៃថោក​ឲ្យ​អ្នក​ជួល​ផ្ទះ​ប្រើប្រាស់។ នេះ​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ថ្មី​មួយទៀត​ក្នុងការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ក្រីក្រ។ ទោះជា​កិច្ចការ​នេះ​មើលទៅ​ហាក់ដូចជា​តូចតាច​ក៏ដោយ ក៏​វា​បានធ្វើ​ឲ្យ​មនុស្ស​មិនតិច​ទេ​ជាពិសេស​កម្មករ​កាត់ដេ​រ​តែម្តង​សប្បាយចិត្ត​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធ​រ​រដ្ឋាភិបាល។ ប៉ុន្តែ ភាពស្មុគស្មាញ​នៃ​នីតិវិធី​អាចធ្វើ​ឲ្យ​កិច្ចខិតខំ​នេះ​មិន​ទទួលបាន​លទ្ធផល​ល្អ​ក៏​ថា​បាន។

ជាការ​ពិតណាស់ វា​ពិតជា​មិនមែនជា​រឿង​ចៃដន្យ​ទេ​ដែល​គណបក្ស​កាន់​អំ​ណា​ចរបូត​អស់ ២២ កៅអី​ពី​ក្នុង​រដ្ឋសភា។ នរណា​ក៏​ដឹង​ដែរ​ថា​មូលហេតុ​ចម្បង​ជាងគេ​គឺ​មកពី​ការមិនសប្បាយចិត្ត​រប​ស់​ប្រជាពលរដ្ឋ​ចំពោះ​អាជ្ញាធរ​សាធារណៈ។ ការចំណាយ​ពេល​យូរ ការ​កេះកៀវ​រកលុយ​កាក់ និង​របៀប​ធ្វើ​ការងារ​បែប​ការិយាធិបតេយ្យ បានធ្វើ​ឲ្យ​ពលរដ្ឋ​ធុញទ្រាន់​និង​ឆ្អែតឆ្អន់។ ដើម្បី​ទទួលបាន​ឯកសារ​ផ្លូវការ​មួយ ប្រជាពលរដ្ឋ​ត្រូវ​ចំណាយ​ប្រាក់​និង​ពេលវេលា​យ៉ាងច្រើន​រហូតដល់ម្នាក់ៗចង់តែ​ចៀសវាង​តែ​ចៀស​មិន​ផុត។

គ្រាន់តែ​បញ្ហា​អត្តសញ្ញាណប័ណ្ណ​ដែល​ក្រសួងមហាផ្ទៃ​ប្រកាស​ផ្តល់​ឲ្យ​ពលរដ្ឋ​ដោយ​ឥត​បង់ថ្លៃ​ជា​យូរ​មកហើយ​នោះ​នៅតែ​ជា​ប្រធានបទ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​គ្រប់គ្នា​រអ៊ូរទាំ​មិន​ដាច់​ពី​មាត់​នៅឡើយ។ ដើម្បី​ទទួលបាន​អត្តសញ្ញាណប័ណ្ណ១សន្លឹក ពួកគេ​ត្រូវ​ចំណាយ​ប្រាក់​ដោយ​ចៀស​មិន​ផុត​ក្រោមរូបភាពផ្សេងៗគ្នា។ ក្រៅពីនោះ ពួកគេ​ត្រូវ​រង់ចាំ ខាត​ការងារ​ពេញ​មួយថ្ងៃ​ឬ​ច្រើន​ថ្ងៃ​ក៏មាន។

ការបង់​លុយកាក់​បន្តិច​បន្តួច​តាមច្បាប់​កំណត់​ទំនងជា​មិនមែន​បញ្ហា​ទេ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ប៉ុន្តែ អ្វីដែល​អាក្រក់​បំផុត​នោះ​គឺ​ភាពស្មុគស្មាញ​និង​ការចំណាយ​ពេលវេលា​ច្រើន​ក្នុងការ​ទទួលបាន​ឯកសារ​ឯណោះ​ទេ។ តើ​បញ្ហា​នេះ​ពិតជា​មិនអាច​ដោះស្រាយបាន​មែនឬ? សម្រាប់​គណបក្សកាន់អំណាច លុយកាក់​ដូចជា​មិន​ខ្វះ​ទេ រីឯ​ធនធានមនុស្ស​ក៏​មិន​ខ្វះ​ដែរ។ ប៉ុន្តែ អ្វីដែល​នៅ​ខ្វះ​ខ្លាំង​បំផុត​នោះ​គឺ​ការប្តេជ្ញាចិត្ត​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​ឯង។

ពិត​ហើយ​ថា ថ្នាក់លើ​ចង់​ធ្វើ​ឲ្យ​បានល្អ​ដែរ ប៉ុន្តែ គោលនយោបាយ​ដែល​ដាក់ចេញ​មិនអាច​សម្រេច​គោលដៅ​បាន​ដោយងាយៗទេ។ មិន​ងាយ​ដោយសារតែ​ម្យ៉ាង​មានតែ​ផែនការ​រីឯ​ថវិកា មិន​គ្រប់គ្រាន់​ឬ​យឺតយ៉ាវ។ ជួនកាល​ទម្រាំ​តែ​ថវិកា​ធ្លាក់​ដល់​ថ្នាក់ក្រោម វា​បាន​ជ្រុះ​តាមផ្លូវ​អស់​មួយចំណែក​ទៅហើយ។ បញ្ហា​នេះហើយ​ដែល​ធ្វើ​ឲ្យ​មន្ត្រី​អ្នកអនុវត្ត​ផ្ទាល់​មិនសូវមាន​ទឹកចិត្ត​និង​មិនសូវ​ទទួលខុស​ត្រូវចំ​ពោះ​ការងារ។ និយាយ​តាមបែប​ផ្សេង លុយ​សម្បូរ​តែ​នៅក្នុង​ហោប៉ៅ​បុគ្គល​ឯកជន ប៉ុន្តែ មិនសូវ​សម្បូរ​ក្នុង​កញ្ចប់​ថវិការដ្ឋ​ទេ។ អ៊ីចឹង​ហើយ​បានជា​ខ្ទង់ចំណាយ​របស់​រដ្ឋ​មិនអាច​អនុញ្ញាត​ឲ្យ​មន្ត្រីរាជការ​សាធារណៈ​បំពេញការងារ​ដ​ដោយ​ពេញលេញ​ឡើយ។

ម្យ៉ាងទៀត មន្ត្រី​សាធារណៈ​ជាច្រើន​មាន​ទម្លាប់​ស្វែងរក​លាភសក្ការៈ​ពី​ការងារ​របស់ខ្លួន។ គឺជា​ទម្លាប់​ដែល​មិនទាន់មាន​ការកែប្រែ​នៅឡើយ​រហូតមកដល់​ប​ច្ចុ​ប្បន្ន។ បន្ថែម​ពីលើ​នេះ កង្វះ​យន្តការ​ត្រួតពិនិត្យ​ការងារ​គឺជា​មូលហេតុ​មួយទៀត​ដែល​ធ្វើ​ឲ្យ​រដ្ឋបាល​សាធារណៈ​គ្មាន​ប្រសិទ្ធភាព​និង​បើកផ្លូវ​ឲ្យ​មន្ត្រីរាជការ​ទារប្រាក់​ពី​ពលរដ្ឋ​អ្នក​ប្រើ​សេវាកម្ម​របស់​ពួកគេ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​សុំ​ឲ្យ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ធ្វើឯកសារ​ជូន​ពលរដ្ឋ​ដោយ​ឥត​បង់ថ្លៃ ហើយ​យកទៅ​ប្រគល់​ដល់ផ្ទះ​ពួកគេ​ទៀតផង។ ប៉ុន្តែ រហូតមកដល់​ពេលនេះ តើ​អ្នកណាខ្លះ​ទទួលបាន​សេវាកម្ម​ល្អ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ចង់បាន?

តាមពិត រដ្ឋាភិបាល​ពិតជា​បាន​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ។ ការដាក់​ឲ្យ​ដំណើរការ​សាកល្បង​ច្រកចេញចូល​តែមួយ​ក្នុង​បណ្តា​ខេត្ត​មួយចំនួន​គឺជា​ឧទាហរណ៍​ស្រាប់។ ប៉ុន្តែ តើ​ពេលណា​ទើប​ពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​បានទទួល​សេវាកម្ម​ដោយ​ស្រួល​តាម​ក្តី​ប្រាថ្នា ខណៈដែល​ការបោះឆ្នោត​មិន​រង់ចាំ​លទ្ធផល​ដ៏​យឺតយ៉ាវ​នេះ​បានទេ។

ដូច្នេះ ដំណោះស្រាយ​បញ្ហា​ស្មុគស្មាញ​ក្នុង​សេវាកម្ម​សាធារណៈ​គឺជា​គន្លឹះ​សំខាន់បំផុត​មួយ​ដើម្បី​បំពេញចិត្ត​ម្ចាស់ឆ្នោត។ រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ពិតជា​មិនអាច​មើលរំលង​បានឡើយ។ មិន​ត្រឹមតែ​មិនអាច​មើលរំលង​បាន​ប៉ុណ្ណោះ​ទេ តែ​ត្រូវមាន​វិធានការ​ចាំបាច់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ជាបន្ទាន់​ផងដែរ។

ការលើក​ចេញ​ឧបសគ្គ​ទាំងឡាយ​ដូច​បានលើកឡើង​ខាងដើម​គឺជា​ការ​គ្រប់គ្រាន់។ ផ្ទុយទៅវិញ ប្រសិនបើ​បញ្ហា​គន្លឹះ​តូចតាច​នេះ​មិនអាច​ដោះស្រាយ​បានទេ គេ​មិនចាំបាច់​និយាយ​ដល់​គោលនយោបាយ​ជាតិ​ផ្សេងទៀត​នោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ