អានតួអត្ថបទ
អង្គការសហប្រជាជាតិ-កូរ៉េខាងជើង

ក្រុម​​ប្រឹក្សា​សន្តិសុខ​អង្គការ​​សហប្រជាជាតិ​ បើក​​កិច្ច​​ប្រជុំ​នៅ​សប្ដាហ៍​​ក្រោយ​ អំពី​​​ការ​​រំលោភសិ​ទ្ធិ​​មនុស្ស​​នៅ​កូរ៉េ​​ខាងជើង​

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នឹង​ជួប​ប្រជុំ​នៅសប្ដាហ៍​ក្រោយ​នេះ ដើម្បីពិភាក្សា​អំពី​ការ​រំលោភ​​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាង​ជើង​។ កិច្ច​ប្រជុំ​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ចំ​ពេល​ដែល​មាន​ការ​អំពាវនាវ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ ដាក់​ពាក្យ​បណ្ដឹង ប្ដឹង​កូរ៉េ​ខាង​ជើង ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្ដរជាតិ​ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​។

មេដឹកនាំ​វ័យក្មេង​របស់​កូរ៉េខាងជើង​។ ​កូរ៉េខាងជើង​កំពុង​រង​ការ​ចោទ​ប្រកាន់​ថា​ កំពុង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​
មេដឹកនាំ​វ័យក្មេង​របស់​កូរ៉េខាងជើង​។ ​កូរ៉េខាងជើង​កំពុង​រង​ការ​ចោទ​ប្រកាន់​ថា​ កំពុង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​កិច្ចប្រជុំ​នៅ​សប្ដាហ៍​ក្រោយ​ សមាជិកទាំង​១៥​នៃ​ក្រុមប្រឹក្សា​សន្តិសុខ នឹង​បាន​ស្ដាប់​មន្ដ្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ដែល​នឹង​ជម្រាប​ជូន​ពីស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាង​ជើង។ នេះ​បើ​តាម​ការ​បញ្ជាក់ពី​អ្នក​នាំ​ពាក្យពី​ប្រទេស​ឆាដដែល​កំពុង​តែ​កាន់​តំណែង​ជា​​​ប្រធាន​ផ្លាស់​វេន​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិសម្រាប់​​ខែ​ធ្នូ​ឆ្នាំ​២០១៤​នេះ​។

អ្នក​នាំ​ពាក្យ​រូប​នេះ​គូស​បញ្ជាក់​ទៀត​ថា កិច្ចប្រជុំ​ពិភាក្សា​​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២២ ឬ​ថ្ងៃទី​២៣​ខែ​ធ្នូ​ខាង​មុខ​នេះ។ លោក​ថា កាល​បរិច្ឆេទ​ដ៏​ច្បាស់​លាស់​មួយ​នឹង​ត្រូវ​កំណត់ បន្ទាប់​ពី​បាន​ទទួលការ​បញ្ជាក់​ពីវត្តមាន​របស់​​​មន្ដ្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​។

សូមជម្រាប​ថា កិច្ច​ប្រជុំ​ស្ដីពីការ​រំលោភ​សិទ្ធិ​មនុស្ស​នៅកូរ៉េ​ខាង​ជើង​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​សំណើ​ពី​សមាជិក​១០​ប្រទេស​នៅក្នុង​ចំណោម​សមាជិក​ទាំង​១៥​ប្រទេស​នៃក្រុម​ប្រឹក្សា​សន្តិសុខ​។ ប្រទេស​ទាំង​១០ ដែល​មាន​ដូច​ជា​អូស្ដ្រាលី បារាំង អាមេរិក អង់គ្លេស លុចសំបួរ រវ៉ាន់ដា ហ្ស៊កដានី លីទុយអានី និង​កូរ៉េ​ខាង​ត្បូង បាន​សម្ដែង​ក្ដីព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាង​ជើង​។ និង​ថា ការ​រំលោភសិទ្ធិ​មនុស្ស​របស់​របប​ក្រុង​ព្យុងយ៉ាង នឹង​បង្ក​ឲ្យ​មាន​អស្ថិរភាព​នៅ​ក្នុង​តំបន់ ព្រម​ទាំង​សន្តិភាព និង​សន្តិសុខ​អន្ដរជាតិ​។

​របាយការណ៍ចេញ​ផ្សាយ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៤ ​របស់​គណៈកម្មការ​ស៊ើប​អង្កេត​អង្គការ​សហប្រជាជាតិឲ្យ​ដឹង​ថា ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅកូរ៉េ​ខាង​ជើង​មាន​ដូច​ជា ការ​ធ្វើ​ទារុណកម្ម ការ​បង្អត់​អាហារ ការ​សម្លាប់​ផ្ដាច់​ពូជ ទាសភាព និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ក្រោម​ហេតុផល​នយោបាយ សាសនា ឬ​ជាតិ​សាសន៍​ជា​ដើម​។ គណៈកម្មការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ កាល​ពីខែ​វិច្ឆិកា​កន្លង​ទៅ ​បាន​អនុម័ត​​សេចក្តីសម្រេចចិត្ត​មួយ ដោយ​បាន​ស្នើ​ក្រុមប្រឹក្សាសន្តិសុខ​ឲ្យ​បញ្ជូន​រឿង​​រំលោភ​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង ​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​ អន្តរជាតិ​ថែមទៀត​ផង៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ