អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើង​គំរាម​បាញ់​សាកល្បង​អាវុធនុយក្លេអ៊ែរ​ជាថ្មី

នៅថ្ងៃ​ព្រហស្បតិ៍ទី ២០​វិច្ឆិកា ទីក្រុង​ព្យុងយ៉ាង​បាន​ប្រតិកម្ម​ខ្លាំង​តប​នឹង​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​អង្គារ ដែល​ចង់​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​នាំយក​មេដឹកនាំ​កូរ៉េខាងជើង ទៅ​កាត់ទោស​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្នុង​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ រូបភាព​ផ្កាយរណប​អាមេរិក​បាន​បង្ហាញ​សកម្មភាព​រើប​ឡើងវិញ នៅ​រោងចក្រ​ផលិត​ ភ្លុយតូនីញ៉ូម (Plutonium)។ នេះបើតាម​ការអះអាង​របស់​អ្នកស្រាវជ្រាវ​នៅវិទ្យាស្ថានកូរ៉េ-​អាមេរិកាំង នៃ​សកលវិទ្យាល័យ​Johns Hopkins ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។ 

រូបភាព​ផ្កាយរណប​ថត​បាន​នៅឆ្នាំ​២០០៩ លើ​ទីតាំង​នុយក្លេអ៊ែរ Yongbyon ដែល​ជំនាញ​ខាង​ផលិត​ភ្លុយតូនីញ៉ូម នៅ​កូរ៉េខាងជើង
រូបភាព​ផ្កាយរណប​ថត​បាន​នៅឆ្នាំ​២០០៩ លើ​ទីតាំង​នុយក្លេអ៊ែរ Yongbyon ដែល​ជំនាញ​ខាង​ផលិត​ភ្លុយតូនីញ៉ូម នៅ​កូរ៉េខាងជើង (Photo : AFP)
ផ្សាយពាណិជ្ជកម្ម

តាំងពី​ថ្ងៃ​អង្គារ ថ្ងៃ​ដែល​គណៈកម្មការ​ទីបី​នៃ​អង្គការ​សហប្រជាជាតិ​បាន​បោះឆ្នោត​ចេញ​សេចក្តី​សម្រេច​ថ្កោលទោស​មេដឹកនាំ​កូរ៉េខាងជើង ក្នុង​រឿង​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ ទីក្រុង​ព្យុងយ៉ាង​មិនឈប់​និយាយ​គំរាម​ពី​ផលវិបាក ដែល​នឹង​អាច​កើតមាន​នៅក្រោយ​ការសម្រេចចិត្ត​របស់​អង្គការ​សហប្រជាជាតិ។

 
នៅថ្ងៃ​ព្រហស្បតិ៍ ក្រសួង​ការបរទេស​កូរ៉េខាងជើង​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​បរិហារ​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ និង​បាន​ចោទ​អាមេរិក​ថា ជាមេ​ផ្សំគំនិត បោកប្រាស់ ដើម្បី​បណ្តុះបង្អាប់ កិត្តិយស​ទីក្រុង​ព្យុងយ៉ាង នៅលើ​ឆាក​អន្តរជាតិ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល ក្រសួង​ការបរទេស​បាន​ព្រមាន​ថា រាល់​ការឈ្លានពាន​របស់​អាមេរិក​រឹតតែ​ជំរុញ​ឲ្យ​កូរ៉េខាងជើង​ធ្វើ​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​សា​ជាថ្មី។ កូរ៉េខាងជើង ថែម​ទាំង​អះអាង​ទៀតថា សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​នឹង​ធ្វើ​ឲ្យ​សមត្ថភាព​យោធា​របស់​កូរ៉េខាងជើង​​រឹត​តែ​ខ្លាំង​ជាងមុន ដើម្បី​ការពារ​កូរ៉េខាងជើង​ពីរាល់​អន្តរាគមន៍​របស់​អាមេរិក និង​ការប៉ុនប៉ង​ឈ្លានពាន​របស់​ទាហាន​បរទេស។

សឹង​ជា​ទម្លាប់ ទីក្រុង​ព្យុងយ៉ាង​ប្រកាស​គំរាម​បាញ់​សាកល្បង អាវុធ​នុយក្លេអ៊ែរ នៅក្រោយ​សេចក្តីសម្រេច​ថ្កោលទោស ឬ​ការដាក់​ទណ្ឌកម្ម​ពី​អង្គការ​សហប្រជាជាតិ។ ទីក្រុង​ព្យុងយ៉ាង​បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​បីលើក។ នៅ​រាល់លើក ក្រុមប្រឹក្សា​សន្តិសុខ​បាន​បោះឆ្នោត​ចេញសេចក្តី​សម្រេច​ដាក់ទណ្ឌកម្ម​ទៅលើ​កូរ៉េខាងជើង។

តាមអ្នកជំនាញ​របស់​អាមេរិកវិញ កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​នៅ​តែ​មាន​សកម្មភាព​ជាប់ជាប្រចាំ។ នៅថ្ងៃ​ព្រហស្បតិ៍ នៅក្នុង​រូបភាព​របស់​ផ្កាយរណប​របស់​អាមេរិក គេ​ឃើញ​មាន​ផ្សែង​ចេញ​ពី​រោងចក្រ​នុយក្លេអ៊ែរ Yongbyon ដែល​មាន​ម៉ាស៊ីន​ប្រតិករ ផលិត ភ្លុយតូនីញ៉ូម។ តាមអ្នកជំនាញ​អាមេរិកាំង នេះ​ជា​សញ្ញាដែល​បង្ហាញថា កូរ៉េខាងជើង​កំពុង​ត្រៀម​រៀបចំ ដំឡើងគ្រឿងម៉ាស៊ីន ដើម្បី​ផលិត ភ្លុយតូនីញ៉ូម។ រោងចក្រ​Yongbyon ធ្លាប់​បាន​បិទ​តាំងពី២០០៧ ដើម្បី​ជា​ថ្នូរ​នឹង​ជំនួយ​គ្មាន​អាវុធ​ពី​សហគមន៍​អន្តរជាតិ។ ប៉ុន្តែ នៅ​ក្រោយ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ លើកទីបី នៅ​ឆ្នាំ ២០១៣ កូរ៉េខាងជើង​បាន​បើក​ដាក់ឲ្យ​ដំណើរការ​ទីតាំង​នុយក្លេអ៊ែរនេះឡើងវិញ។ គេ​ប៉ាន់ស្មានថា រហូត​មក​ទល់ពេល​ នេះ របប​កុម្មុយនិស្ត​ព្យុងយ៉ាង​មាន​ភ្លុយតូញ៉ូម​គ្រាប់គ្រាន់ សម្រាប់​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ​ពី៦ ទៅ​៨​គ្រាប់។
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ