អានតួអត្ថបទ
កម្ពុជា

អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ករណី​វាយ​ប្រហារ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង

អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ បាន​សម្ដែង​នូវ​ការ​ព្រួយ​បារម្ភយ៉ាង​ខ្លាំង​​លើ​ករណី​វាយ​ប្រហារ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ បណ្ដាល​ឲ្យ​រង​របួស​ជា​ទំងន់​​។ ស្ថាប័ន​កំពូល​អន្ដរជាតិ​នេះ ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ និង​ហ្មត់ចត់ ទៅ​លើ​ករណី​នេះ​ផង​ដែរ​។ សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អង្គការ​សហប្រជាជាតិ​ដូច្នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណៈកម្មការ​ពិសេស​របស់​ក្រសួង​មហាផ្ទៃ បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​​ឡើយ ដោយ​អះអាង​ថា ករណី​នេះ​កំពុង​ស្ថិត​នៅ ក្នុង​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​។

តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ២រូប​ គឺលោក ​គង់​ សភា ​និងលោក ញ៉យ ​ចំរើន​ បាន​រង​របួស ​ក្រោយ​បាតុករ​មួយ​ក្រុម​បាន​ស្ទាក់​វាយ
តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ២រូប​ គឺលោក ​គង់​ សភា ​និងលោក ញ៉យ ​ចំរើន​ បាន​រង​របួស ​ក្រោយ​បាតុករ​មួយ​ក្រុម​បាន​ស្ទាក់​វាយ Um Saman
ផ្សាយពាណិជ្ជកម្ម

«យើង​ព្រួយ​បារម្ភ​អំពី​បរិយាកាស​កាន់​តែ​អាក្រក់​សម្រាប់​អ្នក​នយោបាយ​ប្រឆាំង​និង​សកម្មជន​នៅ​កម្ពុជា​»។ នេះ​ជា​អ្វី​ដែល​លោកស្រី Ravina Shamdasani អ្នក​នាំ​ពាក្យ​ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស​នៃអង្គការ​សហប្រជាជាតិ ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ទីក្រុង​ហ្សឺណែវ​កាល​ពី​ថ្ងៃ​សុក្រ​​។ ជា​ប្រតិកម្ម​ដែល​ធ្វើ​ឡើង​​បន្ទាប់​ពី​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ចំនួន​ពីរ​រូប ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ប្រហារឲ្យ​រង​របួស​ជា​ទម្ងន់ កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​​​។

អ្នក​នាំ​ពាក្យ​ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស​នៃអង្គការ​សហប្រជាជាតិរូប​នេះ ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ និង​ហ្មត់ចត់ ទៅ​លើ​ករណី​នេះ​ផង​ដែរ​។ លោក​ស្រី Ravina Shamdasani សង្កត់​ធ្ងន់​ថា អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ហិង្សា​នេះ ដាច់​ខាត​ត្រូវ​តែ​នាំ​យក​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​។

គួរ​រំលឹក​ជូន​ថា មួយ​​ថ្ងៃ​បន្ទាប់​ពី​​​ការ​​វាយ​ប្រហារ​លើ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំងទាំង​​ពីរ​រូប គណៈកម្មការ​ពិសេស​មួយ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​និង​ផ្ដន្ទាទោស​ក្រុម​ជន​ដៃដល់​។  លោក ឯម សំអាន រដ្ឋលេខា​ធិការ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មការ​ស្រាវ​ជ្រាវ​ស៊ើប​អង្កេត​ករណី​វាយ​អ្នក​តំណាង​រាស្ត្រ​នេះ បាន​បញ្ជាក់​ថា អាជ្ញាធរ​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ដើម្បី​កំណត់​មុខ​អត្តសញ្ញាណ​របស់​ជន​ដៃ​ដល់​ហើយ។ យ៉ាង​ណា​ក៏​ដោយ ប្រធាន​គណៈកម្មការ​ពិសេស​នេះ បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​​​ទេ ដោយ​អះអាង​ថា ករណី​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការស៊ើប​អង្កេត​នៅ​ឡើយ​។

ករណី​វាយ​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង លោក ញ៉យ ចំរើន និង​លោក គង់ សភា កាល​ពី​ថ្ងៃ​ទី​២៦​តុលា នៅ​ក្នុង​បាតុកម្ម​ទាមទារ​ដក​លោក កឹម សុខា ចេញ​ពី​តំណែង​អនុប្រធាន​រដ្ឋសភា បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្ដរជាតិ​។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្សអន្ដរជាតិ Human Rights Watch លើក​ឡើង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ការ​វាយ​ប្រហារ​លើ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​នេះ ជា​ការ​គម្រាម​កំហែង​យ៉ាង​ខ្លាំង​ចំពោះ​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​កំពុង​មាន​ទំហំ​តូច​ស្រាប់​។ អង្គការ​អន្ដរជាតិ​នេះ បាន​ទាមទារឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ពី​អង្គការ​សហប្រជាជាតិ និង​ប្ដេជ្ញា​ចាត់​វិធានការ​ម៉ឺងម៉ាត់​ចំពោះ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នោះ​ផង​ដែរ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ