អានតួអត្ថបទ
កម្ពុជា

ADB ផ្តល់​កម្ចី ១៩០​លាន​ដុល្លារ ជួយ​គម្រោង​កាត់​បន្ថយ​​គម្លាត​​ប្រជាជន​​ទីក្រុង-ជន​បទ​​

ធនាគារ​អភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB នៅព្រឹក​ថ្ងៃទី ៦កក្កដានេះ បាន​ចុះហត្ថលេខា​ជាមួយ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​សម្រាប់​គម្រោង​ចំនួន ២ នៅកម្ពុជា ដែល​មានទឹក​ប្រាក់ ១៩០​លានដុល្លារអាមេរិក។ គម្រោង​ទាំង ២នោះ រួមមាន គម្រោង​ខ្សែច្រវាក់​ផលិត​កម្ម​ប្រកបដោយ​ភាគរៈបរិស្ថាន និងគម្រោង​កែលម្អ​ផ្លូវជន​បទជំហានទី៣។

ផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា។
ផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា។ @KT
ផ្សាយពាណិជ្ជកម្ម

គម្រោងខ្សែច្រវាក់ផលិត​កម្ម​ប្រកដដោយ​ភាគរៈបរិស្ថាន គ្រោង​ចំណាយ​ថវិកា​ប្រមាណជាង ១៤១លានដុល្លារអាមេរិក។ គម្រោងនេះ នឹងគាំទ្រ​ដល់​ការបង្កើន​ប្រាក់ចំណូល​ ដល់​ប្រជាជន​តាមជនបទ និង​ជំរុញ​នូវការ​ប្រកួត​ប្រជែងនៃច្រវាក់ផលិតកម្ម​កសិកម្ម ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ស្តីពី «ការជំរុញ​ផលិតកម្ម​ដំណាំ​ស្រូវ និង​ការនាំចេញ​អង្ករ» និង​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ ២០១៥-២០២៥។

ចំណែក​គម្រោង​កែលម្អផ្លូវជន​បទជំហានទី ៣ គ្រោង​ចំណាយ​ថវិកាសរុប ៦៦លានដុល្លារ សម្រាប់​ធ្វើការកែលម្អ​បន្ថែម​ផ្លូវជនបទ​ ដោយ​ក្រាល​កៅស៊ូ ២ជាន់ និងបេតុង ចំនួន ២២ខ្សែ ដែលមានប្រវែងប្រមាណជាង​ ៣០, ០០០គីឡូម៉ែត្រ ក្នុង​ខេត្ត​កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង និង​ក្រចេះ។ តាមការ​រំពឹងទុក គម្រោងនេះ នឹង​ចូលរួមចំណែក​ក្នុងការ​អនុវត្ត​គោលនយោបាយអភិវឌ្ឍន៍ជនបទ​ រួមទាំង​ធានា​លើកកម្ពស់កម្រិត​ជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋជនបទ ឲ្យ​មាន​គម្លាត​ខិត​ជិតទីប្រជុំជន នៅឆ្នាំ ២០២៥។

ពិធី​ចុះហត្ថលេខាលើ​កិច្ច​ព្រមព្រៀងនេះ ត្រូវបាន​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រុងភ្នំពេញ​ រវាង​លោក​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយលោក Hideaki Iwasaki នាយក​ស្តីទី​ស្ថានតំណាងធនាគារ ADB ប្រចាំកម្ពុជា។ លោក អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់ថា គម្រោងនេះ មាន​សារៈសំខាន់ ក្នុងការ​កាត់បន្ថយ​ភាពក្រីក្ររបស់ប្រជាជន​កម្ពុជា និង​ជួយ​ធានា​សម្រេច​ឲ្យ​បាន​នូវចីរភាព​នៃកំណើន​សេដ្ឋកិច្ច​ក្នុង​រយៈពេលវែង។

គួរជម្រាបជូនថា គិត​មក​ដល់ពេលនេះ ADB បាន​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​សរុប​ប្រមាណជិត ៣,០០០ លានដុល្លារ ដល់​កម្ពុជា លើ​កិច្ច​ព្រម​ព្រៀង​ចំនួន ៥ ដែល​ក្នុង​នោះ ឥណទានសម្បទាន​មានទឹកប្រាក់​ប្រមាណជិត ២, ​៥០០​​លានដុល្លារអាមេរិក សម្រាប់​អនុវត្ត​លើ​កម្មវិធី ឬ គម្រោងចំនួន ១០១ និង​ហិរញ្ញប្បទាន​ឥតសំណង មានទឹកប្រាក់ជិត ៥០០លានដុល្លារ សម្រាប់​អនុវត្ត​លើកម្មវិធី ឬ គម្រោង​ចំនួន ៥១នៅកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ