អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ឫសគល់​នៃ​​ការ​ធ្លាក់​ថ្លៃ​ដំណាំ​ ​ជា​បញ្ហា​ស្លាប់​រស់​របស់​ប្រជា​កសិករ​ខ្មែរ​ ដែល​ត្រូវ​ដោះ​ស្រាយ​ជា​បន្ទាន់​!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម្សិលមិញ ល្ពៅ ​បាន​ធ្លាក់​ថ្លៃ​ដល់​ត្រឹម​២០០រៀល ក្នុង១គីឡូក្រាម នៅខេត្ត​ព្រះវិហារ ជាប់​ព្រំ​ដែន​​ថៃ​។ បើ​ធៀប​នឹង២ខែមុន គឺធ្លាក់​ថ្លៃ​ដល់ទៅ​ជាង​១០ដង​ ឬ​ក៏​ដល់ទៅ​ជាង​២០ដង​​ឯណោះ​ នៅ​ភ្នំពេញ​។ ​​នៅកម្ពុជា ជាក់​ស្តែងទៅ ​ការ​ធ្លាក់​​ថ្លៃ​ល្ពៅយ៉ាង​គំហុក​នៅពេល​នេះ​ គឺ​មិន​មែន​ជា​រឿង​ថ្មី​ទេ។ ព្រោះ​​​ថាប៉ុ​ន្មាន​ឆ្នាំចុង​ក្រោយ​នេះ​ គេ​តែងតែ​​ឮ​រួច​មកហើយ​ពី​ការ​ធ្លាក់​ថ្លៃ​​នៃស្រូវអង្ករ​ ដំឡូង​មី កៅស៊ូ និង​ម្រេច ជា​ដើម​។ ក៏​ប៉ុន្តែ​ការ​ធ្លាក់​ថ្លៃ​នៃ​ដំណាំ​ខ្មែរ​ ស្ទើរ​តែ​រាល់​ឆ្នាំ​​បែប​​នេះ គឺ​ជា​​​ចំណោទ​​បញ្ហា​​ខ្លាំងណាស់​​ចំពោះ​ប្រជា​កសិករ​ក្រីក្រ ហើយ​ដែល​គេ​ត្រូវតែ​​ជជីក​រក​មើល​មូល​​ហេតុ និងផ្តល់​​​ដំណោះ​ស្រាយជា​បន្ទាន់។

ម្សិលមិញ ​ល្ពៅ​ បាន​ធ្លាក់​ថ្លៃ​ដល់​ត្រឹម​២០០​រៀល ​ក្នុង​១​គីឡូក្រាម​ នៅ​ខេត្ត​ព្រះវិហារ ​ជាប់​ព្រំ​ដែន​ថៃ។ ​
ម្សិលមិញ ​ល្ពៅ​ បាន​ធ្លាក់​ថ្លៃ​ដល់​ត្រឹម​២០០​រៀល ​ក្នុង​១​គីឡូក្រាម​ នៅ​ខេត្ត​ព្រះវិហារ ​ជាប់​ព្រំ​ដែន​ថៃ។ ​ @Kieng So Heng
ផ្សាយពាណិជ្ជកម្ម

ការ​ធ្លាក់ថ្លៃ​​ដំណាំ​ខ្មែរ​ ត្រូវ​អ្នក​ជំនាញ​កសិកម្ម​និង​អ្នក​សេដ្ឋកិច្ច ​ពន្យល់ថា ​គឺ​មកពី​កំណើន​នៃការ​ផលិត ហើយ​​​តម្រូវ​ការទីផ្សារ​​មាន​តិច​តួច​ ព្រ​មទាំង​ការ​ទប់​ស្កាត់​លំហូរ​នៃ​ការ​នាំ​ចូលពីបរទេស​ មិន​បាន​ល្អ​។ ​ ទើប​​វាបាន​​បង្កឲ្យ​មាន​ការ​កក​ស្ទះ​​ផលិត​ផល​ដំណាំ​ នៅ​ក្នុង​ស្រុក។ លើសពីនេះ​ យន្តការ​នៃការ​នាំ​ចេញ បែរ​ជា​​មិន​ទាន់​បាន​ទូលំទូលាយទៅ​វិញ​។ ​ បាតុភាព​ទាំង​នេះ បាន​ធ្វើ​ឲ្យ​ប្រជា​កសិករ​ខ្មែរ​ខ្លះ យំក៏​មិនចេញ និយាយក៏មិនរួច​ គឺ​មានតែ​អួល​ណែ​ន​​ស្ទះ​ដើម​ទ្រូង​តែប៉ុណ្ណោះ​។ ​ការ​ធ្លាក់​ថ្លៃ​ ល្ពៅ នៅពេល​នេះ គឺ​ជា​ឧទាហរណ៍​​ស្រាប់។

 
តើ​មាន​មូលហេតុ​អ្វីខ្លះ​ ដែល​ធ្វើ​ឲ្យ​ដំណាំ​ខ្មែរ ដាំ​ហើយ បែរជា​​ជុញ គរជើង​ រក​ទីផ្សារ​មិន​បាន ហើយ​កាន់​តែ​ធ្លាក់​ថ្លៃ រាល់​លើក​បែបនេះ?

មូលហេតុ​មួយ ​ក្នុង​ហេតុ​ផល​ចម្បងទាំង​ឡាយ​​ គឺ​ប្រជា​កសិករ​ខ្មែរ ​ច្រើ​នតែ​ដាំ​ដំណាំ​តាម​គ្នា​។ ពេល​ឮថា​គេ​ដាំ​អ្វីមួយ​​បាន​កាក់​កប ក៏ចេះ​តែ​ដាំ​តាម​គេតាម​ឯង​ទៅ។ ជា​លទ្ធផល​ គឺ​ខាត​បង់​មិន​ស្ទើរ ដូច​ដែលគេ​ធ្លាប់​មាន​បទពិសោធ​ ឬ​​ធ្លាប់​ដឹង​ឮ​រួច​ស្រេចមកហើយ កាលពី​ពេល​​ធ្លាក់​ថ្លៃ​​ដំឡូងមី កៅស៊ូ និង​ ម្រេច នាពេល​កន្លងទៅ។

មូលហេតុ​ទី២ ​ទាក់​ទង​នឹង​ទីផ្សារ​តែ​ម្តង គឺ​ទាំង​​តម្រូវការទីផ្សារ​​ក្នុង​ស្រុក និង​ទីផ្សារ​នាំ​ចេញ​។ ជាទូទៅ ប្រជា​កសិករ​ខ្មែរ បា​នទទួល​ទិន្នន័យ​​ និង​ព័ត៌មានជាក់​លាក់​ តិច​តួច​ស្តួច​ស្តើង​ណាស់ ជុំវិញ​តម្រូវ​ការ​ទីផ្សារនៃ​ផលិត​ផល​ដំណាំ​របស់​ខ្លួន។ នេះ​ដែល​ជា​ហេតុ​ ធ្វើ​ឲ្យ​កសិករ​ខ្មែរ​មិន​តិច​ទេ ដែល​ដាំដុះ​ទាំង​​​ប្រថុយ​ប្រថាន ឬ​​ដាំដោយ​ព្រាវៗ ផង​ក៏មាន​។

ម្យ៉ាង​វិញទៀត ការ​វិនិយោគនៅ​ក្នុង​​ការ​កែច្នៃ​ផលិត​ផល​ដំណាំក្នុង​ស្រុក​​ ឲ្យ​ចេញជា​នំ​​ចំណី ឬ​ទៅ​ជា​​​បង្អែម​ស្ងួត ​ចិត​​ជា​ចំណិត​ ដោយ​មានការ​វេចខ្ចប់​ត្រឹម​ត្រូវ តាម​បែប​ផែន​ឧស្សហកម្ម​ចំណី​អាហារ​ ក៏​គេ​ឃើញ​ថា នៅ​មិន​ទាន់​មាន​ធំដុំ​នៅឡើយ​ទេ ឬក៏​ស្ទើរតែ​គ្មាន​ផង​​ ចំពោះ​ប្រភេទ​ដំណាំ​ខ្លះ​។

ផ្ទុយ​មកវិញ នៅ​ក្នុង​ស្ថានភាព​ដូច​រាល់​ថ្ងៃនេះ​ បើ​ទោះ​បី​ជាមានអ្នក​វិនិយោគ​កែច្នៃ​ដំណាំទាំង​នោះ ហើយ​និងមាន​​​តម្រូវការ​ទីផ្សារ​ដំណាំច្រើន​​និង​ទៀង​ទាត់យ៉ាង​ណា​ក៏ដោយ​​ ក៏មិន​ប្រាកដថា កសិករ​ខ្មែរ​​អាចផ្គត់​ផ្គង់​ទីផ្សារ​ បានគ្រប់​កម្រិត ទាំង​​បរិមាណនិង​គុណភាព បាន​នោះដែរ​។   ហើយ​ពួ​កគេ​ក៏​ទំនង​ជាមិន​អាច​បំពេញ​តម្រូវការរបស់​​ទីផ្សារ​ បាន​គ្រប់​​ពេញ​​មួយឆ្នាំៗ នោះ​​​ឡើយ​។ ត្បិត​ថា កសិករ​ខ្មែរ​ភាគ​ច្រើនលើសលប់​ នៅតែដាំដំណាំប្រវាស់​នឹង​មេឃ​នៅឡើយ​ ខណៈ​ពេល​ដែល​ដី​ស្រែ​ចម្ការ​នៅ​ទុក​វាល​ទំនេរ​ចោល​ជា​ច្រើន​សន្ធឹក​សន្ធាប់​​​។

ដូច្នេះ តើ​អ្វីទៅ​ជា​ដំណោះស្រាយ​សម្រាប់​ស្រទាប់​ប្រជា​កសិករ​​ខ្មែរ​?

ជំហាន​ដំបូង​ គឺ​ត្រូវ​កើត​ចេញ​ពី​កណ្តាប់​ដៃ​របស់​ក្រុម​​កសិករ​​​ខ្លួន​ឯង​ជាមុនតែម្តង​​។ ពោលគឺ​កសិករ​​ខ្មែរទាំង​ឡាយ​ត្រូវតែ​​ចង​ក្រង​គ្នា​ជា​សហគមន៍​កសិករ ឬ​សមាគម​អ្នក​ដាំដុះ ទៅ​តាម​ប្រភេទ​ដំណាំនីមួយៗ​ដែល​ខ្លួន​ដាំ។ ការ​បង្កើត​​បណ្តាញ​សហគមន៍​កសិករយ៉ាង​ដូច្នេះ គឺធ្វើ​ឲ្យ​​កសិករ​ខ្មែរ មាន​ទឹក​មាត់​ប្រៃ អាច​មាន​កម្លាំង​ធំ និង​រឹងមាំ​ សម្រាប់​ចរចា​ជាមួយ​អ្នក​ទិញ​និងអ្នក​វិនិយោគ​។ ហើយ​ពួក​គេ​ថែម​ទាំង​​​អាច​ឈាន​ដល់​ការ​ធ្វើ​កិច្ច​សន្យា​ទិញលក់​ជាមុន មុន​នឹង​ដាំ​ដំណាំ​​ថែមទៀតផង។ ប្រការ​នេះ អាច​ធានា​ថា ដំណាំ​ដែល​ពួក​គេ​ដាំ ឬ​ផលិត​បាន​ ប្រាកដ​ជាអ្នក​មាន​ទទួល​ទិញ ហើយ​ទិញ​ក្នុង​តម្លៃ​សមរម្យ​ទៀត​ផង​​។ លើសពីនេះ​ ការ​បង្កើត​បណ្តាញ​​សហគមន៍​កសិករ គឺ​​មាន​ប្រយោជន៍​ខ្លាំង​ដើម្បីឲ្យ​ពួក​គេ​​ចែកចាយ​​បទពិសោធ​ និង​បច្ចេកទេសឲ្យ​គ្នា​ទៅវិញ​ទៅមក​​ ជុំវិញ​​វិស័យ​ដែល​ខ្លួន​កំពុង​ដាំដុះ ព្រ​មទាំងងាយ​ស្រួល​ស​ម្រាប់​គ្រប់​គ្រង​ទីផ្សារ​​ផងដែរ​។

ជាមួយ​គ្នា​នេះ​ រដ្ឋាភិបាល​ និង​ក្រសួង​ជំនាញ​ ព្រ​មទាំង​អង្គការ​ពាក់​ព័ន្ធនានា​ គឺ​មាន​តួនាទី​សំខាន់​ក្នុង​ការចូលរួម​ផ្តល់​គំនិត​ ​ប្រឹក្សា​យោបល់ ​ផ្តល់​​ព័ត៌មាន​ ទិន្នន័យ ព្រមទាំង​​ការ​ណែនាំបច្ចេកទេសផ្សេងៗ​ សម្រាប់​​ដាំ​ដំណាំ​នីមួយៗ​។ ការ​បញ្ជ្រាប​ព័ត៌មាន​លម្អិតគ្រប់​ជ្រុងជ្រោយ​​ពី​ការ​ដាំដុះ​ដល់​កសិករ គឺ​ធ្វើ​ឲ្យ​ពួក​គេ​ងាយ​ស្រួល​សម្រេច​ចិត្ត​ និង​ដាំ​ដំណាំបាន​ត្រឹម​ត្រូវ​ ហើយអាច​ធានា​ថា ពេល​​ដាំរួច គឺ​សង្ឃឹម​ច្រើន​ ពីបាន​​ផល​ចំណេ​ញ។

ចំណែក​ឯ ការ​រកទីផ្សារ និង​ការ​សម្របសម្រួលជាមួយ​​អ្នក​ទិញវិញ​ ​គឺជា​បន្ទុក​ធំ​របស់​រដ្ឋ​អំណាច​​។ រដ្ឋាភិបាល​ត្រូវតែ​យក​ចិត្ត​ទុក​ដាក់ឲ្យ​បាន​​ច្រើន​ជាង​នេះ ដើម្បីផល​​ប្រយោជន៍​នៃទីផ្សាររបស់​​កសិករ​។ ​ជា​ពិសេស​គឺ​ការ​រក​​អ្នកវិនិយោគទុន​​ល្អៗ មក​រកស៊ី និងកែច្នៃ​ដំណាំ​ខ្មែរ ឲ្យ​ទៅជា​ផលិត​ផល​កសិ​ឧស្សាហកម្ម​ចំណី​អាហារ​។

ប្រការ​សំខាន់​មួយ​ទៀត គឺ​កសិករ​ខ្មែរ គួរតែ​រួច​ផុត​ពីការ​ធ្វើ​ស្រែ​ប្រវាស់​នឹង​មេឃ​។ ក្នុង​ន័យ​នេះ ប្រព័ន្ធ​ធារាសាស្ត្រ ត្រូវតែ​មាន​គ្រប់​គ្រាន់​សម្រាប់​ប្រជា​កសិករ​ខ្មែរ​ប្រើប្រាស់។ ទោះ​បីជា​ ការ​ជីក​ប្រឡាយទឹក គេ​ឃើញ​មាន​ជា​ហូរ​ហែ​ខ្លះ​មកហើយ ប៉ុន្តែ​​បរិមាណ​​ប្រឡាយ​ទាំង​នោះ​ ហាក់​នៅ​តិច​តួច​នៅឡើយ បើ​ធៀប​នឹង​តម្រូវ​ការ​កសិករ​នៅទូទាំង​ប្រទេស​​។​

ទន្ទឹម​នឹង​នេះ ការ​ត្រួតពិនិត្យ​បាន​ដិត​ដល់​ចំពោះ ការ​ប្រកួត​ប្រជែង​តម្លៃ និង​​លំហូរយ៉ាង​គំហុក នៃ​ការ​​នាំ​ចូល​​ដំណាំ ​​ពី​ក្រៅស្រុក​ ក៏​ជា​កិច្ច​ការ​សំខាន់​ចាំ​បាច់​ណាស់​ដែរ របស់​រដ្ឋ​អំណាច​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ