អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​អប្សរា នឹង​សាង​សង់ទីលាន​បដិសណ្ឋារកិច្ច​ភ្ញៀវ​ទេសចរ នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត

ប៉ាកវី អង្គរ Parvis Angkor ឬ​ទីលាន​បដិសណ្ឋារកិច្ច​ភ្ញៀវ​ទេសចរ នឹង​ត្រូវ​រៀប​ចំ​នៅ​មុខ​ប្រាសាទ​អង្គរ នៅ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​។ តាម​រយៈ​ការ​សាងសង់​ទីលាន​បដិសណ្ឋារ​កិច្ច​ភ្ញៀវ​ទេសចរ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​សង្ឃឹម​ថា នឹង​អាច​លើក​តម្លៃ​ប្រាសាទ​អង្គរ​វត្ត​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​។ បន្ថែម​ពី​លើ​នេះ គម្រោង ប៉ាកវី អង្គរ ក៏នឹង​ជួយ​ឲ្យ​ចំណូល​ពី​វិស័យ​ទេសចរ​កើន​ឡើង​បន្ថែម​ទៀត​ផង​ដែរ​។ នេះ​បើ​តាម​អាជ្ញាធរ​ជាតិ​អប្សរា​។

ប្រាសាទ​អង្គរវត្ត​ នៅ​សៀមរាប កម្ពុជា
ប្រាសាទ​អង្គរវត្ត​ នៅ​សៀមរាប កម្ពុជា Wikipedia
ផ្សាយពាណិជ្ជកម្ម

គម្រោង​ប៉ាកវី អង្គរ Parvis Angkor ឬ​ទីលាន​បដិសណ្ឋារកិច្ច​ភ្ញៀវ​ទេសចរ ត្រូវ​បានអាជ្ញាធរ​ជាតិ​អប្សរា​លើក​ឡើង​តាំង​ពី​ឆ្នាំ​២០១០​​ ដោយ​ផ្អែក​លើ​ស្ថានភាព​​បច្ចុប្បន្ន​នៃ​សណ្ដាប់​ធ្នាប់​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត ដែល​នៅ​មិន​ទាន់​មានរបៀប​រៀប​រយ​នៅ​ឡើយ​។

រហូត​មក​ដល់​ចុង​ឆ្នាំ​២០១៤ ដំណាក់​កាល​ទី​១​នៃ​គម្រោង​នេះ បាន​សាង​សង់​ចប់​រួច​រាល់ នូវ​​ចំណត​រថយន្ត​សាធារណៈ​​។ ហើយ​ដំណាក់​កាល​ទី​២ ដែល​ជា​​អគារ​បដិសណ្ឋារកិច្ច​ភ្ញៀវ​ទេសចរ នឹង​ត្រូវ​​​ចាប់​ផ្ដើម​សាង​សង់​​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​។ នេះ​បើ​តាមវីដេអូ​ឯកសារ​ស្ដី​ពី​គម្រោង Parvis អង្គរ ដែល​ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​ផលិត និង​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៣១​ខែ​ឧសភា​។

លោក អ៊ុក សូមេត្ត អគ្គនាយក​រង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​ថា ទីលាន​បដិសណ្ឋារកិច្ច​ភ្ញៀវ​ទេសចរ​អង្គរ នឹង​ត្រូវ​រៀប​ចំ​ឡើង​ដើម្បី​ផ្ដល់​សេវាកម្ម​ខ្នាត​អន្ដរជាតិ​មួយ​ចំនួន ដូច​ជា​កន្លែង​ទទួល​ភ្ញៀវ ភោជនីយដ្ឋាន កន្លែង​ធ្វើ​ពិព័រណ៍ សួន​កម្សាន្ត បន្ទប់​សង្គ្រោះ​បន្ទាន់ កន្លែង​ជ្រក​ភ្លៀង ជ្រក​កម្ដៅ​ថ្ងៃ បណ្ណាល័យ​តូច​សម្រាប់​ស្រាវ​ជ្រាវ និង​កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍​ជា​ដើម​។ អាជីវករ​​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​សព្វ​ថ្ងៃ​ដែល​មាន​ឈ្មោះ​នៅក្នុង​បញ្ជី នឹង​ត្រូវ​ផ្លាស់​ទៅ​លក់​ដូរ​នៅ​អគារ​ថ្មី ក្រោយ​ការ​សាង​សង់​បញ្ចប់​។

គម្រោង ប៉ាកវី​អង្គរ បាន​​ឆ្លង​កាត់​ការ​ពិគ្រោះ​យោបល់ និង​ទទួល​បាន​ការ​គាំទ្រ​ពី​គណៈកម្មាធិការ​សម្រប​សម្រួល​អន្ដរជាតិ ដើម្បី​ការ​អភិរក្ស​និង​អភិវឌ្ឍ​តំបន់​អង្គរ ហៅ​កាត់​ថា ICC​ អង្គរ​។ ទន្ទឹម​នឹង​ការ​គាំទ្រ ICC អង្គរ បាន​ផ្ដល់​នូវ​អនុសាសន៍​មួយ​ចំនួន​ផង​ដែរ​។ អនុសាសន៍​ទាំង​នោះ មាន​ជា​អាថិ៍៖ គម្រោង ប៉ាកវី អង្គរ ត្រូវ​ឋិត​ក្នុង​ទំហំ​សម​ល្មម និង​កំពស់​ត្រឹម​៨​ម៉ែត្រ​។ ស្ថាបត្យកម្មត្រូវ​មាន​លក្ខណៈ​បែប​ខ្មែរ និង​បើក​ចំហ ដើម្បី​ផ្សា​ភ្ជាប់​ជាមួយ​បរិស្ថាន​ធម្មជាតិ​។ ប្រើ​ប្រាស់​សម្ភារៈ​សាង​សង់​ក្នុង​ស្រុក​តាម​លក្ខណៈ​ប្រពៃណី​ខ្មែរ​។ រៀបចំ​បណ្ដាញ​ទឹក​និង​អគ្គីសនី​ឲ្យ​មាន​សុវត្ថិភាព ចៀសវាងកុំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​។ រៀបចំ​សួន​និង​ដាំ​ដើម​ឈើ​ប្រវត្តិសាស្ត្រ ដើម្បី​លើក​តម្លៃ​អង្គរ​។ ​រៀបចំ​ផ្លូវ​ដើរ​សម្រាប់​ភ្ញៀវ​ទេសចរ និង​សួន​ដើម​ឈើ​សម្រាប់​កម្សាន្ត​ជា​ដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ