អានតួអត្ថបទ
កម្ពុជា

គម្រោង​សាងសង់​ប្រាសាទ​អង្គរវត្ត​ចម្លង​នៅ​ឥណ្ឌា​ត្រូវ​​ផ្អាក ក្រោយ​ប្រតិកម្ម​ពី​កម្ពុជា

នៅ​ទី​បំផុត មូលនិធិ Mahavir Mandir Trust ​ ​​របស់​ឥណ្ឌា បាន​សម្រេច​ផ្អាក​គម្រោង​​សាងសង់​ប្រាសាទ​អង្គរវត្ត​ចម្លង ក្រោយ​ពី​មាន​ប្រតិកម្ម​ពី​កម្ពុជា​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​​សារព័ត៌មាន​ឥណ្ឌា​ នៅ​ថ្ងៃ​សុក្រ​ទី​០៣​ កក្កដា​ម្សិលមិញ​​។ យ៉ាង​ណា​ក៏​ដោយ មន្ដ្រី​នៃ​មូលនិធិ Mahavir Mandir Trust បាន​អះអាង​ពី​ភាព​ខុស​គ្នា​នៃ​ប្រាសាទ​អង្គរវត្ត​ពិត​ប្រាកដ និង​ប្រាសាទ​ដែល​គ្រោង​សាងសង់​នៅ​ឥណ្ឌា​។ និង​ថា ខ្លួន​រីករាយ​នឹង​ធ្វើ​ការ​ពន្យល់​បំភ្លឺ​ដល់​មន្ដ្រី​ជំនាញ​នៃ​រដ្ឋាភិបាល​កម្ពុជា ​អំពី​ភាព​ខុស​គ្នា​នេះ​។   

គម្រោង​ប្រាសាទV​iraat Ramayan Mandir​ ដែល​ឥណ្ឌា​ចម្លង​តាម​ប្រាសាទ​អង្គរ​វត្ត។​
គម្រោង​ប្រាសាទV​iraat Ramayan Mandir​ ដែល​ឥណ្ឌា​ចម្លង​តាម​ប្រាសាទ​អង្គរ​វត្ត។​ google
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ប្រតិកម្ម​របស់​កម្ពុជា ក្រសួង​ការ​បរទេស​និង​ក្រសួង​វប្បធម៌​ឥណ្ឌា បាន​ស្នើ​ឲ្យ​មូលនិធិ Mahavir Mandir Trust ​ផ្អាក​ការ​សាងសង់​ប្រាសាទ​អង្គរវត្ត​ចម្លង​នៅ​ប្រទេស​ឥណ្ឌា​សិន​។ ការ​សាងសង់​ប្រាសាទ​ដែល​គ្រោង​ចាប់​ផ្ដើម​នៅ​ខែ​មិថុនា នឹង​ត្រូវ​ពន្យា​ពេល រហូត​ទាល់​តែ​បញ្ហា​ចម្រូង​ចម្រាស់នេះ​​ត្រូវ​បាន​ដោះ​ស្រាយ​រួច​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក Acharya Kishore Kunal អគ្គលេខាធិការ​នៃ​មូលនិធិ Mahavir MandirTrust នៅ​ថ្ងៃ​សុក្រ ទី​០៣ ខែ​កក្កដា​។ លោក Kunal បាន​គូស​បញ្ជាក់​បន្ថែម​ថា លោក​គោរព​មនោសញ្ចេតនា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ចំពោះ​ប្រាសាទ​អង្គរវត្ត ប៉ុន្តែ​លោក​ចង់​ពន្យល់​កម្ពុជា​ថា ប្រាសាទ​ដែល​មូលនិធិ​លោក​គ្រោង​សាងសង់​នោះ មិន​មែន​ចម្លង​ទាំង​ស្រុង​ពី​ប្រាសាទ​អង្គរវត្ត​នោះ​ទេ​។

បើ​តាម​អគ្គលេខាធិការ​រូប​នេះ លក្ខណៈ​នៃ​ស្ថាបត្យកម្ម​យ៉ាង​ហោច​ណាស់​៦០​ភាគ​រយ គឺ​មិន​ដូច​គ្នា​ទាល់​តែ​សោះ​។ លោក​ថា ប្រាសាទ Viraat Ramayan Mandir ខុស​ពី​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា ព្រោះ​វា​មាន​បែប​បទ​ស្ថាបត្យកម្ម​ទាន់​សម័យ បង្កប់​​ដោយ​លក្ខណៈ​ពិសេស​របស់​ប្រាសាទ​ល្បី​ៗ​នៅ​ឥណ្ឌា​។

នៅ​សប្ដាហ៍​ក្រោយ អគ្គលេខាធិការ​នៃ​មូលនិធិ Mahavir Mandir Trust ​នឹង​ដឹក​នាំ​ក្រុម​ស្ថាបត្យករ​នៃ​ប្រាសាទ​ទៅ​កាន់​រដ្ឋធានី​ដេលី ដើម្បី​ជួប​ជាមួយ​មន្ដ្រី​រដ្ឋាភិបាល​កម្ពុជា ព្រម​ទាំង​​តំណាង​ក្រសួង​ការ​បរទេស​និង​ក្រសួង​វប្បធម៌​របស់​ឥណ្ឌា​។ វិទ្យុ​បារាំង​អន្ដរជាតិ មិន​អាច​ស្វែង​រក​ការ​បំភ្លឺ​ពី​ក្រសួង​ការបរទេស​កម្ពុជា​បាន​ទេ នៅ​ថ្ងៃ​សៅរ៍ ទី​០៤​កក្កដា​នេះ​។ ប៉ុន្តែ​លោក Kunal ចង់​ជួប​ជាមួយ​ក្រុម​ស្ថាបត្យករ​របស់​កម្ពុជា ដែល​អាច​យល់​បាន​ពី​បច្ចេកវិទ្យា​នៃ​ការ​រចនា​ប្រាសាទ​។ ព្រោះ​បើ​តាម​លោក Kunal បញ្ហា​នេះ គឺ​ជា​រឿង​បច្ចេកទេស​សុទ្ធ​សាធ និង​មិន​អាច​ដោះ​ស្រាយ​តាម​ផ្លូវ​នយោបាយ​ការទូត​នោះ​ទេ​។

គួរ​ជម្រាប​ជូន​ថា គម្រោង​របស់​ឥណ្ឌា​ដែល​ចង់​សាង​សង់​ប្រាសាទ​ចម្លង​តាម​ប្រាសាទ​អង្គរ​វត្ត បាន​លេច​លឺ​តាំង​ពី​ឆ្នាំ​២០១២​មក​ម្ល៉េះ។ ​គម្រោង​ប្រាសាទ​ដំបូង​នោះ ត្រូវ​បាន​ដាក់​ឈ្មោះ​ថា Virat Angkor Wat Ram Mandir ប៉ុន្តែ​ក្រោយ​មក​បាន​ប្ដូរ​ឈ្មោះ​មក​ជា Viraat Ramayan Mandir វិញ​។ កាល​ពី​ខែ​មិថុនា​កន្លង​ទៅ ក្រសួង​ការបរទេស​កម្ពុជា បាន​ផ្ញើ​កំណត់​ទូត​តវ៉ា​ទៅ​ក្រសួង​ការ​បរទេស​ឥណ្ឌា ​ឲ្យ​មូលនិធិ​ឥណ្ឌា Mahavir Mandir Trust បញ្ឈប់​គម្រោង​សាង​សង់​ប្រាសាទ​ដែល​ចម្លង​តាម​ប្រាសាទ​អង្គរ​វត្ត។ រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​ការ​សាង​សង់​ប្រាសាទ​ ចម្លង​តាម​ប្រាសាទ​អង្គរ​វត្ត ដើម្បី​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​នេះ​ថា គឺ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ