អានតួអត្ថបទ
កម្ពុជា-ច្បាប់

ក្រឡា​បញ្ជី​ខេត្ត​បន្ទាយ​មាន​ជ័យ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ពុក​រលួយ

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ថ្ងៃ​ទី​ ២៨ មីនា​នេះ បាន​បញ្ចប់​ការ​សួរ​ចម្លើយ​ក្រឡា​បញ្ជី​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ​លោក ហង្ស សាមឿន ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិល​មិញ។ ក្រឡា​បញ្ជី​នេះ​ ត្រូវ​បាន​អង្គភាព​ចាប់​ខ្លួន​ដោយ​សារ បាន​ទារ​ប្រាក់​ពី​ជន​រង​គ្រោះ​សម្រេច​រហូត​ដល់ ៤​ដង។ ប៉ុន្តែ​លោក​ព្រាប​ កុល​ថា​ការ​បង្ក្រាប​នេះ គឺ​គ្រាន់​តែ​ជា​ការ​ចាប់​ដង្កូវ ប៉ុន្តែ​មិន​មែន​ព្យាបាល​ដំបៅ​នោះ​ទេ។

ក្រឡា​​បញ្ជី​​ខេត្ត​​បន្ទាយ​​មាន​​ជ័យ​​ត្រូវ​​បាន​​ចាប់​​ខ្លួន​​ពី​​បទ​​ពុក​​រលួយ
ក្រឡា​​បញ្ជី​​ខេត្ត​​បន្ទាយ​​មាន​​ជ័យ​​ត្រូវ​​បាន​​ចាប់​​ខ្លួន​​ពី​​បទ​​ពុក​​រលួយ @ACU website
ផ្សាយពាណិជ្ជកម្ម

លោក​ក្រឡា​បញ្ជី ហង្ស សាមឿន ត្រូវ​បាន​វាយ​ខ្នោះ​បញ្ជូន​ទៅ​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ​វិញ​ហើយ និង​ត្រៀម​ខ្លួន​ប្រឈម​មុខ​នឹង​តុលាការ។ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចាប់​បញ្ជូន​ក្រឡា​បញ្ជី​ពុក​រលួយ​រូប​នេះ ទៅ​កាន់​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ​វិញ​បន្ទាប់​ពី​បាន​សួរ​ចម្លើយ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ព្រឹក​ថ្ងៃ​ទី ២៨ មីនា​នេះ។ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ធានា​ចំពោះ ភស្តុតាង​របស់​លោក​ដែល​ឈាន​ដល់​ការ​ចាប់​ខ្លួន​ក្រឡា​បញ្ជី​ចាស់​វស្សា​រូប​នេះ គឺ​មាំ​ទាំ​ណាស់​ដែល​មិន​អាច​រួច​ខ្លួន​បាន​នោះ​ឡើយ។ ហើយ​ជន​សង្ស័យ ហង្ស សាមឿន ក៏​បាន​សារភាព​ទទួល​កំហុស​ផង​ដែរ។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​អះអាង​ថា លោក​ហង្ស សាមឿន​ដែល​ធ្លាប់​ជា​ក្រឡា​បញ្ជី​ខេត្ត​កោះកុង និង​រាជធានី​ភ្នំពេញ “បាន​យក​អំណាច​គៀប​សង្កត់ ទារ​ប្រាក់​ពី​ជន​រង​គ្រោះ​ដោយ​គ្មាន​ការ​ខ្លាច​ញញើត​អ្វី​ទាំង​អស់” ហើយ​ក្រឡា​បញ្ជី​ចាស់​វស្សា​រូប​នេះ ក៏​បាន​ទារ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ពី​ជន​រង​គ្រោះ​ផង​ដែរ។ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល បាន​លើក​ឡើង​ថា អំពើ​របស់​ក្រឡា​បញ្ជី​ហង្ស សាមឿន គឺ​ជា​ទង្វើ​ប៉ះ​ពាល់​ដល់​កិត្តិយស និង​កិត្យានុភាព​របស់​ស្ថាប័ន​ជាតិ។

ចំពោះ​ការ​ចាប់​ខ្លួន​នេះ លោក​ព្រាប កុល​ប្រធាន​អង្គការ​តម្លាភាព​ម្ពុជា បាន​ស្វាគមន៍​ចំពោះ​វិធាន​ការ​បង្ក្រាប​នេះ ប៉ុន្តែ​លោក​បាន​អះអាង​ថា​ការ​ចាប់​ខ្លួន​នេះ បាន​បញ្ជាក់​ថា​ប្រព័ន្ធ​យុត្តិធម៌​ត្រូវ​ការ​កំណែ​ទម្រង់​ដើម្បី​អាច​ឱ្យ​ទទួល​យក​បាន។ បន្ថែម​ពី​នេះ​លោក​ព្រាប កុល​បាន​គូស​បញ្ជាក់​ថា​ការ​ចាប់​ខ្លួន​បុគ្គល ១​នាក់ ឬ ២​នាក់​នេះ​មិន​អាច​ឱ្យ​ចំណាត់​ថ្នាក់​អាក្រក់​របស់​កម្ពុជា​ស្តីពី​អំពើ​ពុក​រលួយ​នោះ​មាន​ភាព​ប្រសើរ​ឡើង​វិញ​នោះ​ទេ​។ ហើយ​ថា​ការ​ចាប់​ខ្លួន​នេះ គឺ​គ្រាន់​តែ​ជា​ការ​បេះ​ដង្កូវ​ចេញ​ពី​របួស​តែ​ប៉ុណ្ណោះ ហើយ​មិន​មែន​ជា​ការ​ព្យាបាល​របួស​នោះ​ឡើយ។

សម្រាប់​លោក​ព្រាប កុល​ការ​ព្យាបាល​របួស​គឺ​ការ​ធ្វើ​ឱ្យ​ចៅ​ក្រម​ក្រឡា​បញ្ជី​មាន​ឯករាជ្យ​ភាព​ទាំង​អំណាច និង​សេដ្ឋកិច្ច។

គួរ​បញ្ជាក់​ថា​សម្រាប់​រយៈពេល​បី​ខែ​ដើម​ឆ្នាំ ២០១៧​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន ៣​រូប គឺ​មន្ត្រី​ពីរ​រូប​នៅ​សាលា​រាជធានី​ភ្នំពេញ និង​ក្រឡា​បញ្ជី​ខេត្ត​បន្ទាយ​មាន​ជ័យ​រូប​នេះ។ អង្គការ​តម្លាភាព​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អាឡឺម៉ង់ បាន​ផ្តល់​ចំណាត់​ថ្នាក់​ឱ្យ​កម្ពុជា​លេខ ១៥៦​ក្នុង​ចំណោម​ប្រទេស ១៧៦​ដែល​ជា​ប្រទេស​មាន​អំពើ​ពុក​រលួយ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍។ អង្គការ​នេះ បាន​លើក​ឡើង​ថា ប្រព័ន្ធ​យុត្តិធម៌​គឺ​ជា​ផ្នែក​សំខាន់​បំផុត​មួយ​ដែល​តែង​តែ​ទាញ​ទម្លាក់​ភាព​ស្អាត​ស្អំ​របស់​កម្ពុជា។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​អះអាង​ថា​ការ​វាយ​តម្លៃ​របស់​អង្គការ​នេះ គឺ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ពិត​ក្នុង​សង្គម​កម្ពុជា​ចំពោះ​អំពើ​ពុក​រលួយ​នោះ​ទេ​ ហើយ​របាយការណ៍​អង្គការ​នេះ បាន​បិទ​ភ្នែក​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​កំចាត់​អំពើ​ពុក​រលួយ។ លោក​បាន​បញ្ជាក់​ថា ការងារ​កំចាត់​អំពើ​ពុក​រលួយ​នៅ​កម្ពុជា គឺ​មិន​ត្រូវ​ការ​ចំណាត់​ការ​ពី​អង្គការ​ណា​មួយ​នោះ​ទេ​ ប៉ុន្តែ​ឥរិយាបទ​សង្គម​កម្ពុជា​បាន​ដើរ​ទៅ​រក​ភាព​ស្អាត​ស្អំ​យ៉ាង​ពិត​ប្រាកដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ