អានតួអត្ថបទ
កម្ពុជា

អង្គការ​៩ រួម​គ្នា​បង្កើត​កម្មវិធី​ប្រកាស​ទ្រព្យសម្បត្តិ​ដោយ​ស្ម័គ្រ​ចិត្ត​តាម Online ជា​លើក​ដំបូង​នៅ​កម្ពុជា

ដើម្បី​បង្កើន​ប្រសិទ្ធ​និង​តម្លាភាព​ជំនួយ​បរទេស​នៅ​កម្ពុជា អង្គការ​ចំនួន​៩ នៅ​កម្ពុជា​បាន​រួម​គ្នា​បង្កើត​កម្មវិធី​ប្រកាស​ទ្រព្យ​សម្បតិ្ត​ជា​សាធារណៈ​តាម​ប្រព័ន្ធ Online ជា​លើក​ដំបូង​នៅ​កម្ពុជា។ ការ​ប្រកាស​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​ស្តីពី​ការ​ប្រកាស​ទ្រព្យ​សម្បតិ្ត​ដោយ​ស្ម័គ្រ​ចិត្ត នៅ​ព្រឹក​ថ្ងៃ​ទី​២៩ កុម្ភៈ​នេះ នៅ Development Innovations Cambodia ក្នុង​ទី​ក្រុង​ភ្នំពេញ។ កម្មវិធី​នេះ​ក៏​មាន​ការ​ចូល​រួម​ពី​លោក​ហូ វណ្ណ ប្រធាន​គណៈកម្មការ​អង្កេត បោសសំអាត និង​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋសភា​កម្ពុជា​ផង​ដែរ។

លោក​ហូ វណ្ណ​ ប្រធាន​គណៈកម្មការ​ទី​១០ របស់​រដ្ឋសភា​កម្ពុជា។
លោក​ហូ វណ្ណ​ ប្រធាន​គណៈកម្មការ​ទី​១០ របស់​រដ្ឋសភា​កម្ពុជា។ សហការី
ផ្សាយពាណិជ្ជកម្ម

លោក​ហូ វណ្ណ​ ប្រធាន​គណៈកម្មការ​ទី​១០ របស់​រដ្ឋសភា​កម្ពុជា​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៩ ដែល​បាន​រួមគ្នា​បង្កើត​កម្មវិធី​ប្រកាស​ទ្រព្យ​សម្បត្តិ​ដោយ​ស្ម័គ្រ​ចិត្ត និង​ជា​សាធារណៈ​នៅ​តាម​ប្រព័ន្ធ Online។ លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នេះ​ជា​ក្រុម​អង្គការ​ទី​មួយ​ហើយ​ដែល​បាន​រួមគ្នា​ជួយ​លើក​កម្ពស់​តម្លាភាព និង​កាត់​បន្ថយ​អំពើ​ពុក​រលួយ​នៅ​ក្នុង​សង្គម ព្រោះ​ថា​កន្លង​មក​មាន​តែ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​តែ​មួយ​ប៉ុណ្ណោះ​ដែល​ធ្វើ​ការងារ​នេះ។ ប៉ុន្តែ​ការ​ប្រកាស​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​នោះ​ទេ គឺ​ធ្វើ​ជា​ឡើង​ជា​លក្ខណៈ​កញ្ចប់ ហើយ​មិន​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​នោះ​ទេ​។

លោក គុយ មាស​សំណាង ប្រធាន​អង្គការ​គណនេយ្យ​ភាព​កម្ពុជា ដែល​ជា​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​ទាំង​៩ ដែល​បាន​ផ្តួច​ផ្តើម​បង្កើត​កម្មវិធី​ប្រកាស​ទ្រព្យ​សម្បតិ្ត​ដោយ​ស្ម័គ្រ​ចិត្ត​នេះ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា កម្មវិធី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ចូល​រួម​ជាមួយ​នឹង​រដ្ឋាភិបាល ដើម្បី​ប្រឆាំង​និង​អំពើ​ពុក​រលួយ ដោយ​ចាប់​ផ្តើម​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទៅ​មុន​ក្នុង​ការ​បង្ហាញ និង​ប្រកាស​ជា​សាធារណៈ។ លោក​បាន​បន្ត​ថា បន្ទាប់​ពី​ប្រធាន​អង្គការ​សង្គម​ស៊ីវិល ក៏​មាន​ការ​ចូលរួម​ប្រកាស​ពី​សិស្ស​និសិត្ស​ផង​ដែរ ដើម្បី​ជា​គំនូរ និង​បង្ហាញ​ពី​ភាព​ស្អាតស្អំ និង​ភាព​ស្មោះត្រង់​នៅ​ពេល ដែល​ពួក​គេ​ក្លាយ​ជា​អ្នក​ដឹកនាំ​នៅ​ថ្ងៃ​អនាគត។

លោក គុយ មាសសំណាង សង្ឃឹម​ថា កម្មវិធី​ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​សាធារណៈ​នេះ និង​ចូលរួម​ចំណែក​ជួយ​សង្គម​កម្ពុជា​ឲ្យ​កាន់​តែ​រីក​ចម្រើន និង​ជួយ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​នៅ​ក្នុង​សង្គម។ លោក​បាន​បញ្ជាក់​ទៀត​ថា ក្រុម​ការងារ​របស់​លោក​នឹង​រៀប​ចំ​កម្មវិធី​នេះ ជា​បន្ត​ទៀត​នៅ​ខែ​ក្រោយ​ៗ ហើយ​និង​មាន​ការ​ចូលរួម​ពី​សិស្ស​និសិត្ស​កាន់​តែ​ច្រើន​ផង​ដែរ​ ព្រោះ​ថា​មាន​មនុស្ស​ច្រើន​នៅ​ក្នុង​សង្គម​ចាប់​ផ្តើម​ចង់​ឃើញ​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​សង្គម។

សូម​បញ្ជាក់​ផង​ដែរ​ថា គេហទំព័រ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ដាក់​ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​សាធារណៈ​នោះ​មាន​អាស័យដ្ឋាន www.accountabilityinternational.org.au ។ គេហទំព័រ​នេះ​កំពុង​តែ​ស្ថិត​ក្រោម​ដំណើរ​ការ​នៅ​ឡើយ។ បើ​តាម​លោក គុយ មាស​សំណាង គេហទំព័រ​នេះ នឹង​រួច​រាល់​ជា​ផ្លូវ​ការ នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ