អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​ដឹក​ជញ្ជូន​ដោយ​រថយន្ត​ធុន​ធំ​នៅ​តែ​គ្មាន​សុវត្ថិភាព​សម្រាប់​អ្នក​ដទៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សុវត្ថិភាព​ពលរដ្ឋ​ខ្មែរ ដែល​ធ្វើ​ដំណើរ​តាម​កង់​ម៉ូតូ និង​តាម​រថយន្ត​ធុន​តូច កំពុង​ប្រឈម​នូវ​ភាព​ភ័យខ្លាច​នៅ​តាម​ដង​ផ្លូវ ទាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​ផ្លូវ​ជាតិ​នានា។ ភ័យ​ខ្លាច​ដោយសារ​តែ​មួយ​រយៈ​កន្លង​ទៅ​នេះ ​រថយន្ត​កុងតឺន័រ​ធំៗ និង​រថយន្ត​ទេសចរណ៍​ដឹក​អ្នក​ដំណើរ​បាន​បង្ក​ហេតុ​ញឹក​ញាប់ បណ្តាល​ឲ្យ​មាន​ការ​រង​គ្រោះ​ដល់​ជន​ស្លូត​ត្រង់ ដែល​មិន​ដឹង​អ្វី​សោះ។បញ្ហា​បច្ចេក​ទេស ឥរិយាបទ​និង​បទ​ពិសោធន៍​អ្នក​បើកបរ​រថយន្ត​ធំ​ៗ​ និង​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍ នៅ​តែ​ជា​ចំណោទ​គួរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​ឡើយ។

ការ​ដឹក​ជញ្ជូន​ដោយ​រថយន្ត​ធុន​ធំ​នៅ​តែ​គ្មាន​សុវត្ថិភាព​សម្រាប់​អ្នក​ដទៃ​
ការ​ដឹក​ជញ្ជូន​ដោយ​រថយន្ត​ធុន​ធំ​នៅ​តែ​គ្មាន​សុវត្ថិភាព​សម្រាប់​អ្នក​ដទៃ​ google
ផ្សាយពាណិជ្ជកម្ម

 

បន្ទាប់​ពី​មាន​ការ​ភ្ញាក់​ផ្អើល ដោយសារ​រថយន្ត​ធុន​ធ្ងន់ ដឹក​ទំនិញ​លើស​ការ​កំណត់​ឡើង​ស្ពាន​ត្សឹបាសា ឬស្ពាន​អ្នក​លឿង​មិន​រួច បណ្តាល​ឲ្យ​ខូចខាត​កៅស៊ូ​ស្ពាន​រួច​មក មហាជន​គិត​ថា​បញ្ហា​រថយន្ត​ធុន​ធ្ងន់ ប្រហែល​ជា​អាច​ដោះស្រាយ​បាន​ហើយ ដោយសារ​មាន​ការ​តាម​ចាប់​អ្នក​បើកបរ​ឲ្យ​មក​ទទួល​ខុសត្រូវ។ កាលណោះ​ក្រសួង​សាធារណ​ការ​និង​ដឹក​ជញ្ជូន បាន​ប្រឹង​ប្រែង​ខ្លាំង​ក្នុង​រឿង​នេះ បន្ទាប់​ពី​បញ្ជា​របស់​នាយក​រដ្ឋ​មន្ត្រី។

ក៏​ប៉ុន្តែ​វា​ហាក់​ដូច​ជា​ការ​សង្ឃឹម​ថា​សុវត្ថិភាព​នៅ​តាម​ដង​ផ្លូវ​ចៀស​ផុត​ពី​ការ​គំរាម​កំហែង​ពី ​រថយន្ត​ធំ​ៗ ជា​ពិសេស​រថយន្ត​កុងតឺន័រ នៅ​ឆ្ងាយ​នៅ​ឡើយ។ ភាព​អស់​សង្ឃឹម​និង​ការ​ព្រួយ​បារម្ភ​របស់​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ បាន​កើត​ឡើង​បន្ទាប់​ពី​ឃើញ​មាន​រថយន្ត​ដឹក​កុងតឺន័រ​មួយ​គ្រឿង​កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហាថ្មី​ៗ​នេះ បាន​របូត​ទូកុងតឺន័រ​មក​ក្រោយ ដោយសារ​ឡើង​ទួល​មិន​រួច​នៅ​ចំណុច​ផ្លូវ​២៧១ ជាប់​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​តូច​មួយ​គ្រឿង​ផ្នែក​ខាង​មុខ។

ឃ្លាតគ្នា​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង រថយន្ត​ខ្នាត​យក្ស​សណ្តោង​កុងតឺន័រ​មួយ​គ្រឿង​ទៀត បាន​ឡើង​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​មិន​រួច​ដែរ​ក៏​រអិល​ថយ​ក្រោយ​វិញ​ទាំង​កំរោល និង​ទើ​កណ្តាល​ស្ពាន។ តែ​សំណាង​ល្អ​ករណី​ព្រលឹង​ចុង​សក់​ទាំង​ពីរ​ថ្មី​ៗ​នេះ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​មនុស្ស​នោះ​ទេ។ ការ​ដែល​មិន​មាន​គ្រោះ​ថ្នាក់​ពេល​នេះ មិន​មែន​មាន​ន័យ​ថា​ពលរដ្ឋ​ខ្មែរ​ ដែល​ធ្វើ​ដំណើរ​ក្បែរ​រថយន្ត​ធំ​ៗ​ទាំង​នោះ​រួច​ខ្លួន​នោះ​ទេ​ទៅ​ថ្ងៃ​ក្រោយ ប្រសិន​បើ​ស្ថានភាព​នេះ​មិន​ត្រូវ​បាន​គេ​កែ​ប្រែ។

ទាំង​នេះ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ករណី​ជា​ច្រើន​ទូទាំង​រាជធានី-ខេត្ត ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា ហើយ​ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​កន្លង​ទៅ។

ដដែល​ជា​ដដែល គេ​តែង​លើក​សំណួរ​ថា​ហេតុ​អ្វី​ចេះ​តែ​មាន​បញ្ហា​ដូច្នេះ​កើត​ឡើង? ឯណា​ទៅ​ពាក្យ​ថា​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ផ្លូវ ដែល​កំពុង​បើកបរ​លាយ​ឡំ​គ្នា​ជាមួយ​នឹង​រថយន្ត​សណ្តោង​កុងតឺន័រ​ធំ? ចំលើយ បាន​ក្លាយ​ទៅ​ជា​ចំងល់ មូល​ហេតុ​អ្វី​បាន​ជា​មាន​រថយន្ត​ធុន​ធំ​បើក​កាត់​ក្រុង​ទាំង​ពេល​ថ្ងៃ ដែល​មាន​ការ​ហាម​ឃាត់! តើ​រថយន្ត​ដែល​មាន​ទំហំ​ប៉ុន​ៗ​ផ្លូវ​លំទាំង​នោះ មាន​ការ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​ពី​ជំនាញ​ក្រសួង​សាធារណៈការ​ដែរ​ឬ​ទេ!

ការ​ដែល​គ្រវែង​ទូកុងតឺន័រ ចេញ​ពី​តួ​រថយន្ត បង្ហាញ​ថា​មិន​មាន​ការ​មួល​ភ្ជាប់​រថយន្ត និង​ទូ​កុងតឺន័រ​ទេ។ ការ​បើក​ឡើង​ទួល​មិន​រួច​បង្ហាញ​ពី​សមត្ថភាព និង​បទ​ពិសោធន៍​ច្បាស់​លាស់​របស់​អ្នក​បើកបរ​មិនមាន​ទាល់​តែ​សោះ។ ការ​បំពាន​បើកបរ​លើ​ស្ពាន​អាកាស​របស់​រថយន្ត​សណ្តោង​ធំ​ៗ ​មិន​ត្រូវ​បាន​សមត្ថកិច្ច​ហាម​ឃាត់។ ឯ​ណា​ទៅ​ការ​រឹត​បន្តឹង និង​ការ​គោរព​ច្បាប់​ចរាចរណ៍​ជើង​គោក? ឬ​មួយ​ករណី​ដែល​កើត​ឡើង​ដដែល​ៗ​ទាំង​នេះ នៅ​មិន​ទាន់​មាន​មនុស្ស​ស្លាប់​ និង​របួស​ច្រើន​នៅ​ឡើយ?

ជា​ការ​ពិត​ស្ថានភាព​សង្គម និង​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ​មាន​ការ​ប្រែប្រួល តែ​ពិនិត្យ​មើល​ទៅ​ឥរិយាបទ​អ្នក​បើកបរ​ហាក់​ដូចជា​មាន​ការ​ប្រែប្រួល​តិច​តួច​ណាស់។ ដូច្នេះ​ស្ថាប័ន​មាន​សមត្ថកិច្ច ជា​ពិសេស​ក្រសួង​ដឹក​ជញ្ជូន​គួរ​តែ​ពិនិត្យ​ឡើង​វិញ​លើ​ប្រធាន​បទ​ «ការ​ដឹក​ជញ្ជូន​ប្រកប​ដោយ​សុវត្ថិភាព» ទៅ​លើ​រថយន្ត​ធុន​ធ្ងន់​ក្នុង​នោះ​មាន​រថយន្ត​សណ្តោង​កុង​តឺន័រ, រថយន្ត​ទេសចរណ៍​វែង​ៗ​ឬ​រថយន្ត​ក្រុង រថយន្ត​ដឹក​ដែក និង​គ្រឿង​សំណង់​ដោយហេតុ​ថា ប្រភេទ​រថយន្ត​ទាំង​អស់​នេះ​ប្រសិន​បើ​បង្ក​គ្រោះថ្នាក់ គឺ​ជា​គ្រោះថ្នាក់​បែប​សមូហភាព ពោល​គឺ​បង្កើន​តួរ​លេខ​អ្នក​រង​គ្រោះ​ដោយ​ចរាចរណ៍​កាន់​តែ​ធំ​ទៅ​ៗ និង​បង្ក​សោក​នាដកម្ម​កាន់​តែ​អាក្រក់​ទៅ​ផង​ដែរ។

គួរ​បញ្ជាក់​ដែរ​ថា​ចាប់​តាំង​ពី​មាន​ការ​អនុវត្ត​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ជើង​គោក​កន្លង​មក​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​គេ​វាយ​តម្លៃ​ជា​មធ្យម​ចន្លោះ​ពី​៥​ទៅ​៦​នាក់ ដដែល​ក្នុង​មួយ​ថ្ងៃ។

ការ​អប់រំ ការ​ផ្សព្វផ្សាយ​ពី​ទ្រឹស្តី វា​ជា​ចំណុច​ប្រសើរ​មួយ​ហើយ តែ​ការ​តាំង​ចិត្ត​ពី​ការ​កែ​ទម្រង់ និង​នាំ​មនុស្ស​ឲ្យ​ទៅ​រក​ការ​គោរព​ច្បាប់​ចរាចរណ៍ គឺ​ជា​ការ​ចាំបាច់​ត្រូវ​តែ​មាន​ការ​អនុវត្ត​ជាក់​ស្តែង ហើយ​ហ៊ាន​អារ​កាត់​តាម​បែប​វិមជ្ឈការ​អំណាច កុំ​រង់​ចាំ​តែ​ការ​សម្រេច​របស់​នាយក​រដ្ឋ​មន្ត្រី។ បើ​ពុំដូច្នោះ​ទេ ភាព​ដដែល​ៗ គ្មាន​ការ​កែប្រែ​នឹង​ក្លាយ​ជា​សត្រូវ​ដ៏​ធំ​ដល់​ការ​អភិវឌ្ឍ​ជា​មិន​ខាន៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ