អានតួអត្ថបទ
កម្ពុជា

នាយករដ្ឋមន្ត្រីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យបរិស្ថាន

នៅថ្ងៃទី២២ សីហា នេះ រដ្ឋាភិបាល​បាន​បើក​វេទិកា​ស្តីពី​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ​​​ដែល​មាន​អ្នក​ចូលរួម​ពី​សកម្មជន​ការពារ​បរិស្ថាន អង្គការការពារ​បរិស្ថាន ដើម្បី​បើក​ឱ្យ​អ្នក​ចូលរួម​ទាំង​អស់​លើក​ពី​បញ្ហា​បរិស្ថាន​ដល់​ប្រមុខ​រដ្ឋាភិបាល។ អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន ដែល​បាន​សម្តែង​មតិ​ជា​ចំហ​របស់​ខ្លួន បាន​ទទួល​យក​គោលការណ៍​សម្រេច​របស់​ប្រមុខ​រដ្ឋាភិបាល។

នៅ​ថ្ងៃ​ទី​២២ ​សីហា ​នេះ ​រដ្ឋាភិបាល​បាន​បើក​វេទិកា​ស្តីពី​ការការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ ​ដែល​មាន​អ្នក​ចូលរួម​ពី​សកម្មជន​ការពារ​បរិស្ថាន ​អង្គការ​ការ​ពារ​បរិស្ថាន​ ដើម្បី​បើក​ឱ្យ​អ្នក​ចូលរួម​ទាំង​អស់​លើក​ពី​បញ្ហា​បរិស្ថាន​ដល់​ប្រមុខ​រដ្ឋាភិបាល​។
នៅ​ថ្ងៃ​ទី​២២ ​សីហា ​នេះ ​រដ្ឋាភិបាល​បាន​បើក​វេទិកា​ស្តីពី​ការការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ ​ដែល​មាន​អ្នក​ចូលរួម​ពី​សកម្មជន​ការពារ​បរិស្ថាន ​អង្គការ​ការ​ពារ​បរិស្ថាន​ ដើម្បី​បើក​ឱ្យ​អ្នក​ចូលរួម​ទាំង​អស់​លើក​ពី​បញ្ហា​បរិស្ថាន​ដល់​ប្រមុខ​រដ្ឋាភិបាល​។ @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

វេទិកា​ចំហ​ជា​លើក​ដំបូង​រវាង​រដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ​ស្តី​ពី​បញ្ហា​បរិស្ថាន​ត្រូវ​បាន​បើក​ឡើង​ដោយ​មាន​ការ​ចូលរួម​ពី​សកម្មជន​បរិស្ថាន​ដ៏​សកម្ម ព្រះ​តេជ​គុណ​ប៊ុត ប៊ុនទិញ និង​អង្គការ​សង្គម​ស៊ីវិល​ដ៏​សកម្ម​ផ្សេង​ៗ​ទៀត។ ទន្ទឹម​នឹង​នោះ​ប្រមុខ​រដ្ឋាភិបាល​សម្រេច​ឆ្លើយ​តប​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ចំពោះ​បញ្ហា ដែល​បាន​លើក​ឡើង​ពី​អ្នក​ការពារ​បរិស្ថាន​ដោយ​ផ្ទាល់។ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ដែល​បាន​ប្រើប្រាស់​វិមាន​សន្តិភាព ដើម្បី​ទទួល​អ្នក​ចូលរួម​ទាំង​អស់​បញ្ចេញ​មតិ បាន​លើក​ឡើង​ថា វេទិកា​ដែល​អ្នក​ចូលរួម​ជា​ច្រើន​រយ​នាក់​នេះ គឺ​ជា​វេទិកា​និយាយ​ត្រង់​ទៅ​ត្រង់​មក ដើម្បី​គោល​ដៅ​រួម​ គឺ​ការថែ​រក្សា​បរិស្ថាន​ឱ្យ​នៅ​គង់វង្ស។

ក្នុង​វេទិកា​ដែល​រៀបចំ​ដោយ​ក្រសួង​បរិស្ថាន អ្នក​ចូលរួម​ទាំង​អស់​ត្រូវ​បាន​អនុញ្ញាតិ​ឱ្យ​សំដែង​មតិ និង​លើក​ពី​កង្វល់​របស់​ខ្លួន ហើយ​នាយក​រដ្ឋ​មន្ត្រី​សម្រេច​ភ្លាម​ចេញ​ជា​យន្តការ​ ដើម្បី​ដោះស្រាយ​តែ​ម្តង។ ក្នុង​វេទិកា​ដ៏​កម្រ​និង​លោក​ទី​១នេះ​ ព្រះតេជគុណប៊ុត​ប៊ុនទិញ ដែលជា​សកម្មជន​បរិស្ថាន​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប បាន​ស្នើ​សុំ​កិច្ច​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ដាំ​ដើម​ឈើ និង​កិច្ច​ការពារ​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់ និង​តំបន់​ព្រៃ​ផ្សេង​ទៀត ក្រៅ​ពី​នេះ ប្រធាន​អង្គការ​សមាគមន៍ ប្រជាសហគមន៍​តំណាង​ខេត្ត និង​អតីត​អ្នក​គាំទ្រ​ខ្លាំងក្លា​របស់​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញាធី សុវណ្ណថា ក៏​បាន​ស្នើ​សុំ និង​លើក​ពី​កង្វល់​របស់​ខ្លួន​ផង​ដែរ។ ហើយ​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា ដែល​ប្រសិទ្ធនាម​ថា​ជា​បុរស​ខ្លាំង បាន​សម្រេច​ផ្តល់​យោបល់​ឱ្យ​មន្ត្រី​ក្រោម​អំណាច​ចូលរួម​ការពារ​ព្រៃឈើ​ជាមួយ​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន​ផង​ដែរ។ ក្រៅ​ពី​នេះ​ ដើម្បី​ឱ្យ​កិច្ចការពារ​បរិស្ថាន​មាន​ប្រសិទ្ធភាព លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន បាន​សម្រេច​បង្កើត​ឱ្យ​មាន​វេទិកា​រវាង​រដ្ឋាភិបាល និង​សកម្មជន​បរិស្ថាន រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ជា​រៀង​រាល់​បី​ខែ​ម្តង​ ដើម្បី​ស្តាប់​​បញ្ហា​ពិត​ប្រាកដ​ជា​របាយការណ៍​កុហុក​៥​ឆ្នាំ​ម្តង។ ប្រមុខ​រដ្ឋាភិបាល​រូប​នេះ បាន​ទទួល​ស្គាល់​ថា រដ្ឋាភិបាល​របស់​លោក​មាន​ភាព​ចន្លោះ​ប្រហោង និង​ខ្វះ​យន្តការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ។​ បន្ថែម​ពី​នេះ លោក​នាយករដ្ឋ​មន្ត្រី​បាន​សម្រេច​ផ្ទេរ​ការ​គ្រប់គ្រង​ព្រៃឈើ និង​ជលផល ដែល​ជា​រដ្ឋបាល​មួយ​ដាច់​ដោយ​ឡែក ឱ្យ​ស្ថិត​នៅ​ក្រោម​មន្ទី​កសិកម្ម​ ដែល​ស្ថិត​នៅ​ក្រោម​អំណាច​បញ្ជា​ផ្ទាល់​បន្ថែម​ពី​ចៅហ្វាយ​ខេត្ត​ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស។

លោក​នាយក​រដ្ឋ​មន្ត្រី ក៏​បាន​សម្រេច​ពង្រីក​ចំនួន​ឧទ្យានុរក្ស​ចំនួន​៣០០​នាក់​បន្ថែម សម្រាប់​ឆ្នាំ​២០១៧​ផង​ដែរ។ សូម​បញ្ជាក់​បញ្ហា​កាប់​បំផ្លាញ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ គឺ​ជា​បញ្ហា​រសើប​បំផុត​មួយ​ក្នុង​សង្គម​កម្ពុជា​ ដែល​បាន​អូស​ទម្លាក់​ប្រជាប្រិយភាព​របស់​រដ្ឋាភិបាល ដោយសារ​តែ​មាន​ការ​កាប់​ទន្ទ្រាន​ឈើ​ខុស​ច្បាប់​ជា​ច្រើន។ រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ពង្រីក​តំបន់​អភិរក្ស​ព្រៃ​បន្ថែម​ចំនួន​ ដែល​មាន​បច្ចុប្បន្ន​ប្រមាណ​ជិត​៦​លាន​ហិកតា​នៅ​ទូទាំង​ប្រទេស។

រដ្ឋ​មន្ត្រី​បរិស្ថាន លោក សាយ សំអាល់ បាន​លើក​ឡើង​ថា វេទិកា​ស្តីពី​ការ​ការពារ និង​អភិរក្ស​នេះ គឺឈរ​លើ​ឆន្ទៈចង់​ឃើញ​គ្រប់​ភាគី​ពាក់ព័ន្ធ​ដើរ​ក្រោម​ដំបូល​តែមួយ​ ដើម្បី​ការពារ​បរិស្ថាន​កម្ពុជា​សម្រាប់​ពលរដ្ឋ​គ្រប់​ជំនាន់។ យ៉ាង​ណា​ក៏​ដោយ​ក្រោយ​ការ​បញ្ចប់​វេទិកា​បរិស្ថាន​ដ៏​កម្រ​នេះ អ្នក​ចូលរួម​ទាំង​អស់​បាន​ស្វាគមន៍​ចំពោះ​រដ្ឋាភិបាល​ដើម្បី​ថែរក្សា និង​ការពារ​វិស័យ​បរិស្ថាន​នៅ​កម្ពុជា ដែល​ធ្លាប់​រង​ការ​បំផ្លិច​បំផ្លាញ និង​មិន​សូវ​អើពើរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ