អានតួអត្ថបទ
កម្ពុជា-ព្រំដែន

លោក កឹម សុខា សន្យា​អភិវឌ្ឍ​តំបន់​ព្រំដែន​ឲ្យ​មាន​ភាព​ជឿន​លឿន​នៅ​ពេល​សង្គ្រោះជាតិ​ឈ្នះ​ឆ្នោត

លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បាន​បង្ហាញ​គោល​​នយោបាយ​ចាស់​ដែល​មាន​ស្រាប់ នោះ​គឺ​ការ​អភិវឌ្ឍ​តំបន់​ព្រំដែន​ឲ្យ​មាន​ភាពជឿន​លឿន​នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​ឆ្នោត​ដឹក​នាំ​ប្រទេស។ ការ​សន្យានេះ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​លោក​បើក​វេទិកា​សំណេះ​សំណាល​ជាមួយ​យុវជន​គណបក្ស ខេត្ត​កំពត ស្វាយរៀង និង​ព្រៃវែង នៅ​ទី​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ ។

ទាហាន​វៀតណាម​ឈរ​ការពារ​ពេល​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​មើល​ព្រំដែន​ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។
ទាហាន​វៀតណាម​ឈរ​ការពារ​ពេល​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​មើល​ព្រំដែន​ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ Facebook
ផ្សាយពាណិជ្ជកម្ម

គណបក្ស​សង្គ្រោះជាតិ​នឹង​ធ្វើ​ការ​អភិវឌ្ឍ​ខេត្ត​នៅ​ជាប់​ព្រំដែន​តាម​រយៈ​ការ​ធ្វើ​ផ្លូវ​ខ្សែ​ក្រវ៉ាត់​ព្រំដែន រៀបចំ​ឲ្យ​មាន​ទីផ្សារ វត្តអារ៉ាម និង បង្កើត​ឲ្យ​ទៅ​ជា​តំបន់​កសិកម្ម​ជាដើម។ សម្រាប់​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​ជាប់​ព្រំដែន​នៅ​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​ជឿនលឿន​ដូច​វៀត​ណាម​ទេ។ វៀតណាម​មាន​ទាំង​ប្រព័ន្ធ​ធារា​សាស្ត្រ  ការ​លើក​ទឹក​ចិត្ត​ពីដ្ឋាភិបាល​វៀតណាម​ក្នុង​ការ​ជំរុញ​ទៅ​ពលរដ្ឋ​គេ​ឲ្យ​មក​រស់​ខេត្ត​ជាប់​នៅ​ព្រំដែន និង​ផ្ដល់ដើម​ទុន​ឲ្យ​ប្រកប​មុខ​របប​រក​ស៊ី​ជា​ដើម។ នេះ​ជា​ការ​គូស​បញ្ជាក់​របស់​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។

លោក កឹម សុខា បាន​រម្លឹ​កថា លោក​ធ្លាប់​បាន​ជួប​ប្រទះ​ដោយ​ផ្ទាល់​គឺ​ពលរដ្ឋ​នៅ​ខេត្ត​ស្វាយ​រៀង​បាន​ជួរ​ដី​ឲ្យ​វៀតណាម​ដាំ​អំពៅ​ហើយ​ម្ចាស់​ដី​ស៊ី​ឈ្នួល​កាប់​អំពៅ​ឲ្យ​វៀត​ណាម​ទៅ​វិញ។ កត្តា​នេះ​លោក​មើល​ឃើញ​ថា មិន​មាន​ផល​ចំណេញ​ដល់​កសិករ​ខ្មែរ​ទេ។  ដូច្នេះ​ប្រសិន​បើ​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​សង្គ្រោះ​ជាតិ​នឹង​ផ្ដល់​អ្នក​បច្ចេកទេស​កសិកម្មណែនាំ​ពលរដ្ឋ​ក្នុង​ការ​ធ្វើ​កសិកម្ម។ ផ្ដល់​ដើម​ទុន​ឲ្យ​ពលរដ្ឋ​ធ្វើ​កសិកម្ម។ រក​ទី​ផ្សារ​ជូន​កសិករ។  លោក កឹម សុខា ជឿ​ជាក់​ថា មធ្យោបាយ​ទាំង​នេះ​ពលរដ្ឋខ្មែរ​នឹង​នាំ​គ្នា​ទៅ​រស់នៅ​ព្រំដែន។

តែយ៉ាងណាក៏​ដោយ​លោក កឹម សុខា  បាន​ថ្លែង​ការពារ​ថា​ប្រសិន​បើ​គណបក្ស​សង្គ្រោះជាតិ​មិន​បាន​ដឹក​នាំ​រដ្ឋាភិបាល​ក៏​ដោយ​លោក​នឹង​ផ្ដល់​យុទ្ធសាស្ត្រ​ទាំង​ប៉ុន្មានដែល​លោក​បាន​លើក​​​ឡើង​ទៅ​ឲ្យ​គណបក្ស​នយោបាយ​ណា​ដែល​ឈ្នះ​ឆ្នោត​ដឹក​នាំ​រដ្ឋាភិបាល។

សម្រាប់​លោក កឹម សុខា ការ​អភិវឌ្ឍ​ព្រំដែន​របស់​គណបក្ស​សង្គ្រោះជាតិ​មិន​អាច​យកគំរូ​តាម​ការ​ឃោសនា​របស់​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​ដែល​ទើប​តែជាប់​ឆ្នោត​នោះ​ទេ។ លោក ដូណាល់ ត្រាំ បាន​ឃោសនា​ពេល​បោះឆ្នោត​ថា លោក​នឹងសង់​ជញ្ចាំង​បិទ​ព្រំដែន​មិន​ឲ្យ​ជន​អន្តោប្រវេសន៍​ឆ្លង​ចូល​ទឹក​ដី​អាមេរិក។

សូមបញ្ជាក់ថា ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​នេះ​កន្លង​មក​រដ្ឋាភិបាល​បាន​ចេញ​សារាចរ​ទប់ស្កាត់​មិន​ឲ្យ​ពលរដ្ឋ​រស់​នៅ​ខេត្ត​ជាប់​ព្រំដែន​ជួរ​ដី​ទៅ​ឲ្យ​វៀតណាម​ឬ​ឡាវ​នោះ​ទេ។ អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ធ្លាប់​បាន​ឡើង​ថា ភាគ​ច្រើន​ពលរដ្ឋ​នៅ​ខេត្ត​ជាប់​ព្រំដែន​បាន​ជួរ​ដីទៅ​ឲ្យ​វៀត​ណាម។ បន្ទាប់​មក​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ធ្វើ​ចំណាក​ស្រុក​ឬ​ក៏​ស៊ី​ឈ្នួល​ឲ្យវៀតណាម៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ