អានតួអត្ថបទ
កម្ពុជា

តុលាការ​​កាត់ទោស​​លោក​ហុង សុខ​ហួរ​​ឲ្យ​​ជាប់​គុក​៧​ឆ្នាំ​​រឿង​​ក្លែង​​ឯកសារ​​ព្រំដែន​​កម្ពុជា​-វៀតណាម​

ចៅក្រម​តុលាការ​ក្រុងភ្នំពេញ​នៅ​រសៀល​នេះ បានប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក​ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល៧ឆ្នាំ​ក្រោម​បទចោទប្រកាន់ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ពាក់ព័ន្ធ​នឹង​រឿង​ក្លែង​ឯកសារ​ព្រំដែន​កម្ពុជា-វៀតណាម។ លោក​ហុង សុខ​ហួរ និង​មេធាវី​មិនបាន​ចូលរួម​ស្ដាប់​ការប្រកាស​នេះ​ទេ។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការសម្រេច​នេះ។ ចំណែក​មេធាវី​ការពារ​ក្តី​វិញ នៅ​មិនទាន់​ច្បាស់​ថា​ត្រូវ​ប្តឹង​ឧទ្ធរណ៍​ឫ​យ៉ាងណា​ឡើយ។ គិត​មកដល់ពេលនេះ លោក​ហុង សុខ​ហួរ​ត្រួវ​តុលាការ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ជាងមួយ​ឆ្នាំ​មកហើយ។ ឆ្លៀត​ពេលនេះ វណ្ណ សុគន្ធា សូម​សង្ខេប​ពី​ដំណើរ​រឿងក្តី​របស់លោក​ហុង សុខ​ហួរ​នេះ​ឡើងវិញ​ជូន​លោកអ្នក​ស្ដាប់ ៖

តុលាការ​​កាត់ទោស​​លោក​ហុង សុខ​ហួរ​​ឲ្យ​​ជាប់​គុក​៧​ឆ្នាំ​​រឿង​​ក្លែង​​ឯកសារ​​ព្រំដែន​​កម្ពុជា​-វៀតណាម​
តុលាការ​​កាត់ទោស​​លោក​ហុង សុខ​ហួរ​​ឲ្យ​​ជាប់​គុក​៧​ឆ្នាំ​​រឿង​​ក្លែង​​ឯកសារ​​ព្រំដែន​​កម្ពុជា​-វៀតណាម​ @RFI/channa
ផ្សាយពាណិជ្ជកម្ម

លោក​ហុង សុខ​ហួរ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​វាយខ្នោះ​កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ នៅក្នុង​ភូមិគ្រឹះ​មួយកន្លែង​ស្ថិតនៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី រាជធានី​ភ្នំពេញ​ក្រោម​សម្លៀកបំពាក់​ជា​សមាជិក​ព្រឹទ្ធសភា និង មាន​អភ័យឯកសិទ្ធិ​ព្រឹទ្ធសភា​ក្នុង​ដៃ​ផង។ ការចាប់ខ្លួន​នោះ គឺ​បាន​ធ្វើឡើង​តាម​បញ្ជា​ផ្ទាល់មាត់​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ថ្ងៃទី១៣ ខែសីហា ដោយបាន​ចោទប្រកាន់​លោក​ហុង សុខ​ហួរ​ថា​បាន​ក្លែងបន្លំ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។ កាលណោះ លោក​ហ៊ុន សែន បាន​ហៅ​ការ​ក្លែងបន្លំ​សន្ធិសញ្ញា​នោះ​ថា គឺជា​ទង្វើ​ក្បត់ជាតិ និង​មិនអាច​លើកលែង​បានទេ។

នៅ​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ តុលាការក្រុង​ភ្នំពេញ​បានសម្រេច​ឃុំខ្លួន​លោក​ហុង សុខ​ហួរ​បណ្តោះអាសន្ន​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​ដោយបាន​ប្រកាន់​បី​បទល្មើស គឺ​បទ​ក្លែងឯក​សា​សារ​ធារ​ណៈ ប្រើបាស់​ឯកសារ​សាធារណៈ​ក្លែង​និង​បទញុះញង់ប​ង្ក​ឲ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គម​ពាក់ព័ន្ធ​នឹង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា‍‍‍-វៀតណាម​ឆ្នាំ​១៩៧៩​។ ​សូម​បញ្ជាក់​ត្រង់​ចំណុចនេះ​ថា ​អតីត​សមាជិក​ព្រឹទ្ធសភា​របស់គ​ណបក្សសម រង្ស៊ី ​រូបនេះ ​ត្រូវបាន​អាជ្ញាធរ​យក​ទៅ​ឃុំខ្លួន​ទាំង​ដែល​កំពុង​មាន​អភ័យឯកសិទ្ធិ​នៅ​ជាប់​នឹង​ខ្លួន​នៅ​ឡើយ​។​

លុះដល់​ថ្ងៃទី១៧ ​ខែសីហា ​ឆ្នាំ​ដដែល ​ព្រឹទ្ធសភា​កម្ពុជា​បាន​ប្រជុំ​សម្ងាត់ ​និង​បាន​សម្រេច​ឲ្យ​តុលាការ​បន្ត​នីតិវិធី​ផ្លូវច្បាប់​ទៅលើ​សមាជិក​របស់​ខ្លួន​លោកហុង សុខហួរ​​ ដោយ​សំអាង​ថា ​ការ​ប្រព្រឹត្ត​របស់​លោក​ហុង សុខហួរ​ គឺ​ជា​បទល្មើស​ជាក់ស្ដែង​ទៅតាម​របាយការណ៍​របស់​សមត្ថកិច្ច ​តំណាង​អយ្យការ ​និង​របស់​ចៅក្រម​តុលាការក្រុងភ្នំពេញ​។​

ក្រោយពី​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ ជា​បន្ត​បន្ទាប់​លោក​ហុង សុខហួរ​តាមរយៈ​មេធាវី​ការពារក្តី​បាន​ប្តឹង​សុំ​នៅ​ក្រៅឃុំបណ្តោះអាសន្ន​វិញតាំ​ង​ពី​តុលាការ​ជាន់ទាប ​សាលាឧទ្ធរណ៍​ រហូតដល់​តុលាការ​កំពូល ​ប៉ុន្តែ​វាជាកា​រ​ឥត​ប្រយោជន៍​សោះ ​បើទោះបី​លោកលើក​ពី​ហេតុផល​ថា ​មាន​បញ្ហាសុខភាព​ក៏ដោយ​។​

សូមជំរាប​ជូនប​ន្ថែម​ថា ​សំណុំរឿង​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-វៀតណាម​នេះ ​ក្រៅ​ពី​លោកហុង សុខហួរ​ដែល​កំពុង​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​នោះ ​លោកសម រង្ស៊ី ​ដែល​ជា​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ឯណោះ​វិញក៏​ត្រូវបាន​តុលាការ​ខ្មែរ​ចោទប្រកាន់​ថា ​បាន​សម​គំនិត​ជាមួយ​លោកហុង សុខហួរដែរ​ ព្រោះថា​ វីឌីអូ​ខ្លីប​នៃ​ការបកស្រាយ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម​របស់​លោកហុង សុខហួរ​ ត្រូវបាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោកសម រង្ស៊ី។​ លោកសម រង្ស៊ី ​ត្រូបាន​តុលាកា​រ​បង្គាប់​ឲ្យចូល​ខ្លួន​មកកាន់​តុលាការ​នៅថ្ងៃ​ទី២៥​ វិច្ឆិកា ​ខាងមុខ​នេះ​។​

គណបក្សសង្រ្គោះជាតិ ​បានចាត់ទុក​រឿងរ៉ាវ​ទាំងអស់​នេះ​ថា ​គឺជា​រឿងនយោបាយ​ដែល​ត្រូវតែ​ដោះស្រាយ​តាមផ្លូវ​នយោបាយ​។ ​ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​បដិសេធ​ថា ​វា​គឺជា​រឿងផ្លូវ​ច្បាប់​សុទ្ធសាធ​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ