អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន៖ រឿង​ផ្ទៀង​ផ្ទាត់​ផែនទី​ចប់​ហើយ

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​៤​កញ្ញា​នេះ បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​លទ្ធផល​នៃ​ការ​ផ្ទៀងផ្ទាត់​ផែនទី រវាង​ផែនទី​រដ្ឋាភិបាល និង​ផែនទី​មក​ពី​ប្រទេស​បារាំង​ចំនួន​២៦​ផ្ទាំង​ដែល​បង្ហាញ​លទ្ធផល​ថា ដូចគ្នា។ បើ​តាម​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ការ​ផ្ទៀង​ផ្ទាត់​ផែនទី​ដទៃ មិន​មែន​ជា​ការ​ចាំបាច់​ទៀត​ទេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូល​រួម​ជា​អធិបតី​ភាព​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្រ្តី​
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូល​រួម​ជា​អធិបតី​ភាព​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្រ្តី​ @/Facebook
ផ្សាយពាណិជ្ជកម្ម

ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​គណៈកម្មការ​ចំពោះ​កិច្ច​ដឹកនាំ​ដោយ​លោក​ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង បាន​បញ្ចប់​ការ​ផ្ទៀងផ្ទាត់​ផែនទី​ចំនួន​២៦​ផ្ទាំង ដែល​បញ្ជូន​មក​ពី​រដ្ឋាភិបាល​នៃ​សាធារណៈ​រដ្ឋ​បារាំង កាល​ពី​ថ្ងៃ​ទី​៣​ខែ​កញ្ញា នៅ​ឯ​វិមាន​សន្តិភាព។ ការ​ផ្ទៀង​ផ្ទាត់​ផែនទី​មក​ពី​ប្រទេស​បារាំង​ទាំង​២៦​ផ្ទាំង​​ជា​ផែនទី​ផលិត​ដោយ​ក្រុម​ភូមិសាស្រ្ត​ឥណ្ឌូចិន និង​ផែនទី​របស់​រដ្ឋាភិបាល​ដែល​ប្រើ​ប្រាស់​សម្រាប់​ការ​បោះ​បង្គោល​ព្រំដែន​បច្ចុប្បន្ន ​គឺ​បង្ហាញ​ថា ដូចគ្នា។

អញ្ចឹង​ហើយ បាន​ជា​នៅ​ថ្ងៃ​សុក្រ​ទី​៤​កញ្ញា​នេះ គឺ​នៅ​ថ្ងៃ​ដែល​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ បាន​ចូលរួម​ជា​អធិបតី​នៃ​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្រ្តី លោក​បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​ជា​រួម​ថា​ ការ​ផ្ទៀងផ្ទាត់​ផែនទី​ដទៃ​ទៀត​ មិនមែន​ជា​ការ​ចាំបាច់​ទៀត​ទេ។

កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា បាន​ស្នើ​ទៅ​ប្រធានាធិបតី​បារាំង នាយក​រដ្ឋមន្រ្តី អង់គ្លេស​ ប្រធានាធិបតី​អាមេរិក និង​ប្រមុខ​អង្គការ​សហប្រជាជាតិ ដើម្បី​សុំ​ខ្ចី​ផែនទី​កម្ពុជា ដែល​តម្កល់​នៅ​តាម​បណ្តា​ប្រទេស​ខាង​លើ​នេះ មក​ប្រៀប​ធៀប​ជាមួយ​នឹង​ផែនទី​របស់​រដ្ឋាភិបាល​ប្រើ​ប្រាស់​សម្រាប់​ការ​បោះ​បង្គោល​ព្រំដែន​បច្ចុប្បន្ន។ ការ​ផ្ទៀងផ្ទាត់​ផែនទី គឺ​ដើម្បី​បង្ហាញ​ថា តើ​ផែនទី​របស់​រដ្ឋាភិបាល​ប្រើប្រាស់​ខ្នាត ១/១០០០០០ ត្រឹម​ត្រូវ​ឬ​ទេ។  

លោក​នាយក​រដ្ឋមន្រ្តី​បាន​ថ្លែង​ថា៖ «កិច្ចការងារ​នេះ​ក៏​ល្មម​ដល់​ទី​បញ្ចប់​របស់​យើង​ហើយ គឺ​មិន​ចាំបាច់​មាន​ការ​បន្ថែម​យក​មក​ពី​អាមេរិក ​ឬ​អង់គ្លេស​អ្វី​ទៀត​ទេ ប៉ុន្តែ​បើ​គេ​ឲ្យ​មក​គឺ​គ្រាន់​តែ​​ជា​ការ​គួបផ្សំ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ផែនទី​បារាំង​ដែល​ប្រគល់ ទទួល និង​បាន​ផ្ទៀង​ផ្ទាត់​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ»។ នេះ​បើ​យោង​តាម​ខ្លឹមសារ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​ត្រូវ​បាន​ទំលាយ​ឲ្យ​ដឹង នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្រ្តី នៅ​ថ្ងៃ​សុក្រ​ទី​៤​កញ្ញា​នេះ។

នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្រ្តី​នៅ​ថ្ងៃ​នេះ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​ព្រមាន​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ជន​ទាំងឡាយ​ណា ដែល​ប្រើ​ភាសា​ថា ផែនទី​ក្លែងក្លាយ ឬ​ភាសា​អ្វី​តទៅ​ទៀត​ទេ។ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​ថា រឿង​ផ្ទៀងផ្ទាត់​ផែនទី​ចប់​ហើយ​ ចំណែក​ឯ​ការងារ​នីតិរដ្ឋ​ត្រូវ​តែ​បន្ត​អនុវត្ត​ដោយ​ម៉ឺងម៉ាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ