អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

​បញ្ហា​ព្រំដែន​នៅលើ​ឆាក​នយោបាយ​ខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្មី​ៗ​នេះ បញ្ហា​ព្រំដែន​បាន​កំរើក​ឡើង​ជា​ថ្មី ផ្ដើម​ចេញ​ពី​កំណត់​ទូត​ពី​ក្រសួង​ការបរទេស​កម្ពុជា​ផ្ញើ​ទៅ​កាន់​ប្រទេស​វៀតណាម និង​លិខិត​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ទៅ​កាន់​រដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ​អំពី​ការ​ជួលដី​ទៅ​ឲ្យ​ជនជាតិ​បរទេស​នៅ​តាម​ព្រំដែន​វៀតណាម​។ ទើប​តែ​កំរើក​ឡើង​វិញ​ក៏​ពិត​មែន ប៉ុន្តែ​មែន​ទែន​ទៅ ព្រំដែន​គឺ​ជា​បញ្ហា​ដែល​ចោទ​ឡើង​មិន​ចេះចប់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ ហើយ​តែង​តែ​ត្រូវ​បាន​ទាញ​យក​ទៅ​ដាក់​នៅ​លើ​ឆាក​នយោបាយ​ថែម​ទៀត​ផង​។

រូបភាពចាស៖ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា បង្ហាញ​ផែន​ទី​ដែល​កម្ពុជា​ប្រើ​ប្រាស់​ក្នុង​ការ​កំណត់​និង​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង នៅ​ទីស្ដីការ​គណៈរដ្ឋ​មន្ដ្រី ថ្ងៃ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០១៥
រូបភាពចាស៖ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា បង្ហាញ​ផែន​ទី​ដែល​កម្ពុជា​ប្រើ​ប្រាស់​ក្នុង​ការ​កំណត់​និង​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង នៅ​ទីស្ដីការ​គណៈរដ្ឋ​មន្ដ្រី ថ្ងៃ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០១៥ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ព្រំដែន គឺ​ជាបញ្ហា​ដែល​ចោទ​ឡើង​មិន​ចេះ​ចប់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។ បញ្ហា​ព្រំដែន​របស់​កម្ពុជា មាន​តាំង​ពី​ជាមួយ​បរទេស និង​ជា​ពិសេស គឺ​ជាមួយ​ខ្មែរ​គ្នា​​ឯង​។ ដោយ​មិន​និយាយ​អំពី​ទំនាស់​ជាមួយ​ប្រទេស​ជិត​ខាង បញ្ហា​ព្រំដែន​បាន​ក្លាយ​ទៅ​ជា​ចំណាប់​ខ្មាំង​របស់​អ្នក​នយោបាយ​​នៅ​កម្ពុជា។ អ្នក​នយោបាយ ដែល​តែង​តែ​ព្យាយាម​យក​បញ្ហា​ព្រំដែន​នេះ ទៅ​កេង​ចំណេញ​ខាង​នយោបាយ​សម្រាប់​ខ្លួន​និង​បក្ស​ពួក​។

តាំង​ពី​ឆ្នាំ​២០១៥ ការ​សើ​រើ​រឿង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​បាន​បណ្ដាល​ឲ្យ​សមាជិក​ព្រឹទ្ធសភា​ពី​បក្ស​សម រង្ស៊ី និង​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​រង​បណ្ដឹង​និង​ជាប់​ពន្ធនាគារ​។ លោក សម រង្ស៊ី ដែល​ជា​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង ថ្មី​ៗ​នេះ ក៏​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កោះ​ហៅ​ឲ្យ​ចូល​ជំនុំ​ជម្រះ​រឿង​សម​គំនិត​ក្លែង​ឯកសារ​ព្រំដែន​ផង​ដែរ​។

ចំណាត់ការ​តាម​ផ្លូវ​តុលាការ​លើ​មន្ដ្រី​បក្ស​ប្រឆាំង​ជុំ​វិញ​បញ្ហា​ព្រំដែន​នេះ មែនទែន​ទៅ មិន​មែន​ជា​រឿង​ប្លែក​អ្វី​ទេ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​។ កន្លង​មក រាល់​អ្នក​នយោបាយនិង​សកម្មជន​នយោបាយ​ណា​ដែល​បំផុស​បំផុល​រឿង​ព្រំដែន តែង​តែ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់​ជា​រឿយ​ៗ​។

បញ្ហា​ទឹក​ដី​គឺ​ជា​រឿង​ដ៏​រសើប​សម្រាប់​គ្រប់​ជាតិ​សាសន៍​នៅ​លើ​សកល​លោក​។ ជាតិ​សាសន៍​ណា​ក៏​ដោយ ក៏​ប្ដូរ​ផ្ដាច់​ការពារ​ទឹក​ដី​របស់​ខ្លួន​ដែរ​។ នៅ​ក្នុង​បរិបទ​ប្រវត្តិសាស្ត្រ​កម្ពុជា បញ្ហា​ទឹកដី​គឺ​ជា​ជំងឺ​ដ៏​រ៉ាំរ៉ៃ​មួយ​របស់​ប្រជាជាតិ​ខ្មែរ ដែល​អំណោយផល​សម្រាប់​អ្នក​នយោបាយ​។ រដ្ឋាភិបាលនៃ​គណបក្ស​កាន់​អំណាច តែង​តែ​អះអាង​ពី​កិច្ច​ការពារ​បូរណភាព​ទឹក​ដី​មិន​ឲ្យ​បាត់បង់​សូម្បី​តែ​មួយ​ចំអាម​។ ប៉ុន្តែ​ការងារ​កំណត់​ខ្សែ​បន្ទាប់​ព្រំដែន​ដែល​ធ្វើ​មិន​ទាន់​ចប់ បាន​ក្លាយ​ទៅ​ជា​ចំណុច​ខ្សោយ​របស់​រដ្ឋាភិបាល ដែល​បើក​ឱកាស​ឲ្យ​មាន​ការ​រិះ​គន់ និង​វាយ​ប្រហារ​ជា​ញឹក​ញាប់ពី​សំណាក់​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​​។

សព្វ​ថ្ងៃ បើ​ទោះ​បី​ជា​គណបក្ស​ប្រឆាំង​​ហាក់​ប្ដូរ​មក​ប្រើ​យុទ្ធសាស្ត្រ​ទន់​ភ្លន់​នៅ​ពេល​និយាយ​ដល់​បញ្ហា​ព្រំដែន​ក៏​ដោយ ប៉ុន្តែ​គណបក្ស​នេះ​នៅ​តែ​មិន​ទាន់​មិន​ពេញ​ចិត្ត​ទាំង​ស្រុង​នៅ​​ឡើយ ការងារ​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​នៅ​ក្នុង​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង ជាពិសេស​វៀតណាម​។ គណបក្ស​ប្រឆាំង ​តែងតែ​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​អំពី​កិច្ចការ​បូរណភាព​ទឹក​ដី​​ជានិច្ច បើ​ទោះ​បី​ជា​ខ្លួន​គ្មាន​សមត្ថកិច្ច​គ្រប់​គ្រាន់​នៅ​ក្នុង​ការងារ​នេះ​ក៏​ដោយ​។

បើ​គេ​សង្កេត​មើល​ទៅ ទាំង​​បក្ស​ប្រឆាំង​ ទាំង​​បក្ស​កាន់​អំណាច សុទ្ធ​តែ​ទទួល​ស្គាល់​ថា បញ្ហា​ព្រំដែន​គឺ​ជា​អាយុ​ជីវិត​របស់​​​ជាតិ​ខ្មែរ​ទាំង​មូល​។ ប៉ុន្តែ​បក្ស​ទាំង​ពីរ​នេះ នៅ​តែ​មាន​គំនិត​ខ្វែង​​​គ្នាច្រើន​លើ​បញ្ហា​ព្រំដែន ជា​ពិសេស​ចំណាត់ការ​ទៅ​លើ​ការ​រំលោភ​បំពានរបស់​​វៀតណាម ចូល​ក្នុង​ទឹក​ដី​ខ្មែរ​នៅ​តាម​ខ្សែ​បន្ទាន់​ព្រំដែន​។

បក្ស​ប្រឆាំង​ចង់​ឲ្យ​មាន​ការ​ដោះ​ស្រាយ​ប្រកប​ដោយ​តម្លាភាព ដោយ​បង្កើត​គណៈកម្មការ​ចម្រុះ​ដែល​មាន​ទាំង​បក្ស​ប្រឆាំង​នៅ​ក្នុង​នោះ​ផង ឬ​បើ​ពុំ​ដូច្នោះ​ទេ ត្រូវ​ប្ដឹង​ទៅ​កាន់​តុលាការ​អន្ដរជាតិ។ ប៉ុន្តែ​រដ្ឋាភិបាល​យល់​ថា មាន​តែ​ការ​ចរចា​ទេ ដែល​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។

នៅ​ក្នុង​បរិបទ​​ដូច្នេះ សួរ​ថា​តើ​ខ្មែរ​អាច​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​បាន​យ៉ាង​ម៉េច នៅ​ពេល​​ខ្មែរ​មិន​ទាន់​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​ជាមួយ​ជាតិ​ខ្លួន​បាន​​ផង​នោះ​?

ផ្ដើម​ចេញ​ពី​ការ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ អ្នក​នយោបាយ​ខ្មែរ​ត្រូវ​តែ​ពិចារណា​ឡើង​វិញ ដោយ​​ត្រូវ​ធានា​ថា រាល់​សកម្មភាព​របស់​ខ្លួន​ចំពោះ​បញ្ហា​ព្រំដែន មិន​មែន​ធ្វើ​ឡើង​ដើម្បី​កេង​ចំណេញ​ខាង​នយោបាយ​ឡើយ​។ ជាមួយ​គ្នា​នេះ អ្នក​នយោបាយ​ព្រម​ទាំង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ចាំ​បាច់​ពួត​ដៃ​គ្នា​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​រក​ជំហ​រួម​មួយ មុននឹងឈាន​ទៅ​ដោះ​ស្រាយ​​​ជាមួយ​ប្រទេស​ជិត​ខាង​។ កម្ពុជាចាំ​បាច់​ត្រូវ​ស្វែងរកការឯកភាពជាតិជាមុនសិន ព្រោះ​បើ​ពុំ​ដូច្នោះទេ ​បញ្ហា​ព្រំដែន​នឹងនៅ​តែ​​ជា​បញ្ហា​រ៉ាំរ៉ៃ ដែល​ចោទ​ឡើង​មិន​ចេះ​ចប់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​។ ការដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​​បរទេស ខណៈ​​ដែល​គ្មាន​ការ​ឯកភាព​គ្នា​ពី​សំណា​ក់​ខ្មែរ​គ្នា​ឯង ក្រៅ​តែ​ពី​ធ្វើ​ឲ្យ​​ខាត​បង់​ហើយ វា​នឹង​ធ្វើ​ឲ្យ​ខ្មែរ​ចាញ់​ប្រៀប​គេ​ ទាំង​​កម្លាំង​នយោបាយ​និង​​កម្លាំង​​ការទូត​ថែម​ទៀត​ផង​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ